ជាតិ
សម្ដេច ស ខេង ៖​បើ​កម្ពុជា​លម្អៀង​ទៅ​មហាអំណាច​ណាមួយ នោះ​កម្ពុជា​នឹង​ផុងខ្លួន​ទៅក្នុង​វិបត្តិ​សង្គ្រាម​
15, Mar 2019 , 12:10 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ជាថ្មី​ប្រឆាំង​ការប៉ុនប៉ង​ជៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ដទៃ​។ ហើយ​កម្ពុជា នៅតែ​ប្រកាន់​នយោបាយ​អ​ព្យា​ក្រឹត្យ ដោយ​មិន​លំអៀង​ទៅរក​ប្រទេស​មហាអំណាច​ណាមួយ ដែល​នាំ​ឲ្យ​មាន​បញ្ហា​វិបត្តិ​សង្គ្រាម​ធ្លាក់​មកលើ​ខ្លួន​ឡើយ​។​

 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​និយាយថា កម្ពុជា​ដាច់ខាត​នឹងមិន​ដើរ​ចេញពី​គន្លង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​ក្ស​នោះឡើយ ពីព្រោះ​កម្ពុជា​មានបទពិសោធន៍​ឆ្អែតឆ្អន់ ដែល​បន្សល់​មក​អតីតកាល នៃ​ការអនុវត្ត​ផ្ទុយ​ពី​គោលការណ៍​នេះ របស់​អ្នក​ជំនាន់​មុន​។ ត្រង់ចំណុច​នេះ សម្ដេច ស ខេង សង្កត់ធ្ងន់ថា បើ​កម្ពុ​ជាមាន​គោលនយោបាយ​លម្អៀង​ទៅ​ប្រទេស​មហាអំណាច​ណាមួយ​នោះ កម្ពុជា​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​សង្គ្រាម​ជាមិនខាន​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ បាន​ស្រង់​សម្តី​ប្រមុខ​ដឹកនាំ​មហាផ្ទៃ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ខេត្តព្រៃវែង​ដូច្នេះ​ថា​៖«​កម្ពុជា​នៅតែ​រក្សា​ភាព​អ​ព្យា​ក្រឹត្យ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ពិសេស​រវាង​ប្រទេស មហាអំណាច ពីព្រោះ​បទពិសោធន៍​ប្រវត្តិសាស្ត្រ បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រសិនបើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ ដោយ​ប្រាសចាក​នយោបាយ​អ​ព្យា​ក្រឹត្យ កម្ពុជា​នឹង​ផុងខ្លួន​ទៅក្នុង​វិបត្តិ និង​សង្គ្រាម »​។​
 
​មិន​ត្រឹមតែ​ការពារ​ភាព​អ​ព្យា​ក្រឹត្យ​ខ្លួន​ទេ កម្ពុជា​ក៏​ប្រឆាំង​ដាច់ខាត​នូវ​ការប៉ុនប៉ង​ជ្រៀតជ្រែក​ពី​ខាងក្រៅ​តាម​គ្រប់​រូបភាព​ដែរ​។ ក្នុងន័យនេះ​សម្ដេច ស ខេង បាន​បញ្ជាក់ថា រដ្ឋាភិបាល ប្ដេជ្ញា​ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ និង​រក្សា​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​ពី​បរទេស​ខាងក្រៅ​។​
 
​ទាក់ទង​នឹង​បញ្ហានយោបាយ​ការបរទេស​នេះដែរ គេ​សង្កេតឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ កម្ពុជា​កំពុង​បង្ហាញ​ជំហរ​ងាក​ទៅរក​ចិន​ខ្លាំង តាមរយៈ​ទំនាក់ទំនង​ទ្វេរ​ភាគី​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ស្អិតល្មួត​។ ដោយសារ​ទំនាក់ទំនង​ល្អ​នេះហើយ ទើប​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចិន​គ្រប់​ជាន់ថ្នាក់ តែងតែ​ប្រកាសប្រាប់​កម្ពុជា​ថា បើ​កម្ពុជា​ត្រូវការ​អ្វី ដែល​ចង់​ឲ្យ​ចិន​ជួយ​នោះ គឺ​ចិន​នឹង​ជួយ​បាន​គ្រប់ពេល ព្រោះ​ចិន​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ឯ​កម្ពុជា​វិញ ក៏​ចាត់ទុក​ចិន​ជា​បងប្អូន ដែល​មិនអាច​កាត់ផ្ដាច់​ទំនាក់ទំនង​បាន ហើយ​ថែមទាំង​គាំទ្រ​រាល់​សកម្មភាព​និង​គោលនយោបាយ​ចិន​ទៀតផង​។ 
 
 
​តែ​យ៉ាងណា​ទំនាក់ទំនង​ស្អិតល្មួត​នេះ បានធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច រិះគន់​ជា​បន្ត​បន្ទាប់មក​ចិន ជាពិសេស​កម្ពុជា​តែម្ដង​។ សហ​អាមេរិក តែងតែ​រិះគន់​ចិន​ថា កំពុង​ប្រើប្រាស់​កម្ពុជា ដើម្បី​ជា​ស្ពាន​ឆ្លងទៅ​បញ្ជៀប​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​អាស៊ាន ខណៈដែល​កម្ពុជា ជា​ប្រទេស​តូច ហើយ​ត្រូវការ​ធនធាន​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ការរិះគន់​របស់​ប្រទេស​មហាអំណាច​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋាភិបាល​ចិន ចេញមុខ​បដិសេធ ហើយ​ចាត់ទុកថា ជាស​ម្តី​ញុះញង់​បំបែកបំបាក់​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា​-​ចិន ប៉ុណ្ណោះ​។​
 
​សម្រាប់​អ្នកវិភាគ​នយោបាយ​កម្ពុ​ជា​វិញ យល់ឃើញថា កម្ពុជា​ហាក់​បាត់បង់​គោលជំហរ​រប​ស់​ខ្លួន ក្នុងការ​ប្រកាន់យក​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​បន្តិច​មែន ដោយមាន​សម្ពាធ​នយោបាយ​ពី​សហគម​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​។ តែ​អ្នកវិភាគ យល់ឃើញថា ត្បិត​កម្ពុជា​ខិត​ទៅរក​ចិន​កាន់តែខ្លាំង​មែន ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​កូនអុក និង​រងគ្រោះ​ដោយសារ​ចិន​ឡើយ​៕
 

Tag:
 ស ខេង​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com