អន្តរជាតិ
កូរ៉េខាងជើង ពិចារណាឈប់ចរចាជាមួយអាមេរិក
× កូរ៉េខាងជើង កំពុងពិចារណាលុបចោលការចរចាមួយអាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ នេះបើតាមប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី ដែលស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។ អនុរដ្ឋមន្ត្រីរូបនេះទម្លាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហាក់អស់ភាពអំណត់ក្នុងការដំណើរការលុបបំបាត់នុយក្លេអ៊ែរ និងបន្ទោសអាមេរិកថា បោះបង់ឱកាសល្អដើម្បីសម្រេចគោលដៅនេះ។
ក្រោយការចរចាបរាជ័យនៅវៀតណាម ដំណើរការលុបបំបាត់នុយក្លេអ៊ែរស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈអាមេរិក និងកូរ៉េខាងជើងផ្ដល់មូលហេតុបញ្ច្រាសគ្នាលើការបញ្ចប់ជំនួបដែលមិនមានលទ្ធផល។ ស្រាប់តែនៅថ្ងៃទី១៥ ខែមីនានេះ មន្ត្រីកូរ៉េខាងជើងដែលធ្លាប់ទទួលបន្ទុកការចរចាជាមួយអាមេរិកចេញមកប្រកាសថា កូរ៉េខាងជើងកំពុងគិតឡើងវិញពីការបន្តការចរចានុយក្លេអ៊ែរ និងបន្តមិនសាកល្បងនុយក្លេអ៊ែរទៀតឬយ៉ាងណា។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី ប្រកាសដូចខាងលើក្នុងជំនួបជាមួយអ្នកសារព័ត៌មាន និងមន្ត្រីការទូតប្រចាំទីក្រុងព្យុងយ៉ាង។ សកម្មភាពរបស់អាមេរិកនាកិច្ចប្រជុំនៅវៀតណាម ជារឿងធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្ត។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្ដីមន្ត្រីការទូតរូបនេះថា កូរ៉េខាងជើងគ្មានបំណងធ្វើតាមការទាមទាររបស់អាមេរិកអ្វីឡើយ ហើយក៏គ្មានឆន្ទៈចូលរួមការចរចាបែបនោះដែរ។
ដោយឡែកទីភ្នាក់ងារព័ត៌មាន AP ផ្សាយដែរថា លោកស្រី ឆេ ដែលធ្លាប់ជាបេសកជនសម្រាប់ការចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះ ក៏លើកឡើងពីការខកចិត្តរបស់ក្រុងព្យុងយ៉ាងដែលជំនួបនៅរដ្ឋធានីហាណូយមិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយ។ លោកស្រីបានប្រាប់ឲ្យអាមេរិកផ្លាស់ប្ដូរជំហរចរចា ហើយថា ទីក្រុងព្យុងយ៉ាងគ្មានបំណងប្ដូរជំហររបស់ខ្លួនទេ ស្របពេលអាមេរិកបោះចោលឱកាសមាសទៅហើយ។
នាសន្និសីទសារព័ត៌មានដដែល លោកស្រី ឆេ ក៏ប្រកាសដែរថា ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងប្រកាសជាសាធារណៈពីជំហររបស់ព្យុងយ៉ាងជុំវិញការចរចាជាមួយអាមេរិក និងសកម្មភាពបន្ទាប់របស់ខ្លួន។ ទោះជាយ៉ាងណា គេមិនដឹងច្បាស់ទេថា ការអធិប្បាយរបស់លោកស្រី ឆេ ជាការដាក់សម្ពាធលើអាមេរិកដូចធ្លាប់ធ្វើកន្លងមក ឬក៏ម្ដងនេះកូរ៉េខាងជើងពិតជាពិចារណាប្រើយុទ្ធសាស្ត្ររបស់ខ្លួនពិតមែន។
អ្វីគួរកឲ្យកត់សម្គាល់នោះ ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង គឺផ្ទុយស្រឡះពីការកត់សម្គាល់របស់មន្ត្រីចរចាអាមេរិក។ ក្នុងសប្ដាហ៍នេះ លោក Stephen Biegun និយាយថា អាមេរិករំពឹងបន្តការចរចាជិតស្និទ្ធជាមួយអាមេរិក និងថា ដំណើរការការទូតនៅមានដង្ហើមនៅឡើយ។ ប៉ុន្តែលោកមិនបញ្ជាក់ថា នឹងមានជំនួបចរចាជាថ្មី ឬជំនួបកំពូលមេដឹកនាំលើកទីបីឡើយ៕
Tag:
អាមេរិក
កូរ៉េខាងជើង
ឆេ ស៊ុនហ៊ី
© រក្សាសិទ្ធិដោយ thmeythmey.com