​លោក អាន វណ្ណដា ថាបើ​ទោះជា​លូត​កម្ពស់​លើសពី ២,០២​ម៉ែត្រ​នេះ ក៏​នៅតែ​ពេញចិត្ត​
ជាតិ
សង្គមជាតិ
​លោក អាន វណ្ណដា ថាបើ​ទោះជា​លូត​កម្ពស់​លើសពី ២,០២​ម៉ែត្រ​នេះ ក៏​នៅតែ​ពេញចិត្ត​
15, Mar 2019 , 2:59 pm        
រូបភាព
 ​កំពង់ចាម​៖ កម្ពស់ ២,០២​ម៉ែត្រ​របស់​យុវជន​អាយុ​២៤​ឆ្នាំ អាន វណ្ណដា បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍ និង​ចែករំលែក​បង្ហាញ​គ្នា​។ យុវជន​អ្នក​ខេត្តកំពង់ចាម សប្បាយចិត្ត​ចំពោះ​ការចាប់អារម្មណ៍​របស់​មនុស្សម្នា​ជាច្រើន​ទៅលើ​កម្ពស់​របស់គាត់ ហើយ​គាត់​ក៏​អះអាង​ដែរ​ថា ទោះជា​កម្ពស់​របស់លោក​នៅ​បន្ត​លូតលាស់​តាម​ជីវសាស្ត្រ​របស់​មនុស្ស​ប្រុស ក៏​វា​នឹងមិន​ធ្វើ​ឲ្យ​លោក​បារម្ភ​អ្វី​ឡើយ ព្រោះ​លោក​ត្រូវ​ទទួលយក និង​ពេញចិត្ត​អ្វីដែល​លោក​មាន​។​

 
​ពលរដ្ឋ​អ្នក​ខេត្តកំពង់ចាម នៅតែ​បន្ត​ងើយ​ក​និយាយ​សុំ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​លោក អាន វណ្ណដា​។ នៅ​ខេត្ត​ដទៃ​ដែល​យុវជន​វណ្ណដា​បាន​ទៅដល់ ក៏​នៅតែមាន​មនុស្សម្នា​សម្លឹងមើល និង​ដើរចូល​មកសុំ​ថតរូប​ជាមួយ​។ ពួកគេ​មិន​ស្គាល់ យុវជន​អាន វណ្ណដា ឡើយ ប៉ុន្តែ​ពួកគេ​ចង់​ថតរូប​ជាមួយ​បុរស​ជនជាតិខ្មែរ​ដែលមាន​កម្ពស់​ខ្ពស់​លើសពី​២​ម៉ែត្រ​ដ៏​កម្រ​។​
 
​របប​អាហារ​? ឬ​ជា​ហ្សែ​ន​? បើតាម​ការបញ្ជា​ក់រប​ស់លោក អាន វណ្ណដា ប្រាប់​សារព័ត៌មាន thmeythmey25 មូលហេតុ​ទាំងពីរ​នេះ គឺជា​ប្រភព​នៃ​ការលូតលាស់​ផ្នែក​រាងកាយ​របស់លោក​។ លោក វណ្ណដា ប្រាប់​ឱ្យដឹងថា ក្នុងចំណោម​ប្អូនប្រុស​ស្រី​៣​នាក់​របស់លោក សុទ្ធ​តែមាន​កម្ពស់​លើសពី​១,៨០​ម៉ែត្រ​។​
 
«​ប្អូនស្រី​ខ្ញុំ​មាន​កម្ពស់​១,៨០​ម៉ែត្រ​។ បងប្រុស​ខ្ញុំ​មាន​កម្ពស់​ជាង​១,៨០​ម៉ែត្រ​។ មាន​បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​ម្នាក់​កម្ពស់​១,៩០​ម៉ែត្រ​។ ខ្ញុំ​ជា​កូន​ទី​ពីរ មាន​កម្ពស់​រហូត​ជាង​២​ម៉ែត្រ ខ្ញុំ​គិតថា មកពី​ខ្ញុំ​បាន​ញាំ​ទឹកដោះគោ​ច្រើន​។ ខ្ញុំ​មាន​របប​អាហារ​គ្រប់គ្រាន់​នៅពេលដែល​ខ្ញុំ​មក​រស់នៅ​ជាមួយ​អាណាព្យាបាល​ថ្មី​របស់ខ្ញុំ​»​។ វណ្ណា​ដា កំពុង​រៀបរាប់​អំពី​សាវតា​ខ្លះ​ទាក់ទង​នឹង​កាយសម្បទា​របស់​សមាជិក​គ្រួសារ​។ វណ្ណដា និយាយថា​ឪពុកម្តាយ​របស់លោក​មិនមាន​មាឌធំ​ខ្ពស់​ដូច្នេះ​ឡើយ ប៉ុន្តែ​លោក​ដឹងថា ជីតា​ខាង​ឪពុក​របស់លោក​ជា​អ្នកមាន​កម្ពស់​ខ្ពស់​។​
  
 
​សព្វថ្ងៃ​វណ្ណដា គឺជា​បុគ្គលិក​ផ្នែក​បញ្ជា​ទិញ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅក្នុង​ស្រុក​កំពង់សៀម​នៃ​ខេត្តកំពង់ចាម បន្ទាប់ពី​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​កំណើត​របស់លោក​នេះ​។​
 
​វណ្ណដា​មាន​គម្រោង​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ប្រសិនបើ​មានឱកាស​។ វណ្ណដា​ពុំមាន​ពេលវេលា ខ្វាយខ្វល់​និង​តូចចិត្ត​អំពី​កម្ពស់​ខ្ពស់​ខុស​មនុស្សម្នា​ទូទៅ ដូច​កាលពី​ពេលដែល​លោក​ទើបតែ​ចម្រើន​វ័យ​នោះឡើយ​។ វណ្ណដា អ្នក​កំណើត​ភូមិ​តា​មៀង​នៃ​ស្រុក​កំពង់សៀម​បាន​រំឭក​យ៉ាង​ដូច្នេះ​៖«​ពីដំបូង​ខ្ញុំ​តូច​ចិត្តនឹង​កម្ពស់​ខ្ពស់​ជាងគេ​នេះ​មែន​។ ប៉ុន្តែ​ក្រោយមក អាណាព្យាបាល លោកគ្រូ អ្នកគ្រូ​បាន​ណែនាំ​ពន្យល់​ឱ្យ​ខ្ញុំ​ពេញចិត្ត​ជាមួយ​អ្វីដែល​ខ្ញុំ​មាន​។ ខ្ញុំ​ក៏បាន​ផ្លាស់ប្តូរ​ការគិត​តាំងពី​ពេល​នោះមក​។ ខ្ញុំ​ពេញ​ចិត្តនឹង​កម្ពស់​របស់​ខ្ញុំ​វិញ ពីព្រោះ​គេ​ស្គាល់​ខ្ញុំច្រើនហើយ​មាន​គេ​សុំ​ខ្ញុំ​ថត​ជាមួយ​ខ្ញុំ​ច្រើន​»​។​
 
​មិន​ត្រឹមតែ​មិន​ខ្វល់​ពី​កម្ពស់​ដ៏​ខ្ពស់​សម្រាប់​បច្ចុប្បន្ននេះ​ទេ​។ បើទោះជា​រាងកាយ​របស់​វណ្ណដា​ត្រូវ​លូត​ឡើងលើ​បន្តទៀត ក៏​យុវជន​រូបនេះ​នឹង​ទទួលយក​ដោយ​ពេញចិត្ត ហើយ​លោក​ក៏​មិន​បន្ថយ​របប​អាហារ​ដែរ​។ វណ្ណដា ពន្យល់​ប្រាប់ថា​៖«​បើ​ខ្ញុំ​បន្ថយ​របប​អាហារ វា​នឹង​ធ្វើឱ្យ​សុខភាព​ខ្ញុំ​ចុះខ្សោយ​វិញ​។ ខ្ញុំ​ប្រហែលជា​អាចមាន​បញ្ហា​ផ្នែក​បញ្ញា ឬ IQ ធ្លាក់ចុះ ព្រោះតែ​របប​អាហារ​មិន​គ្រប់គ្រាន់​តាមតែ​ខ្លួន​យើង​ត្រូវការ​។ ខ្ញុំ​មិន​ខ្វល់​ទេ បើ​វា​ខ្ពស់​ជាងនេះទៀត ក៏​ខ្ញុំ​ទទួលយក​ដែរ​។ វា​មិនមាន​បញ្ហា​ឡើយ​។ ដូចជា​រឿង​សម្លៀកបំពាក់ ខ្ញុំ​ក៏​អា​ចរក​ទិញ​នៅ​ផ្សារ និង​វាស់​កាត់​តម្រូវ​តាម​រូបរាង​របស់ខ្ញុំ​បាន​»​។​
 
​ចុះ​អំពី​រឿង​ស្នេហា​? «​ខ្ញុំ​យល់ថា បើ​គេ​ស្រឡាញ់​ខ្ញុំ​មែន គេ​នឹង​អាច​ទទួលយក​កម្ពស់រ​បស់​ខ្ញុំ្ដ​ែ​រ​»​។ នេះ​ជា​គំនិត​របស់លោក អាន វណ្ណដា​។ ប៉ុន្តែ​បច្ចុប្បន្ននេះ វណ្ណដា មិនទាន់​គិតគូរ​អំពី​បញ្ហា​នេះ​នៅឡើយ​៕
 

 

Tag:
 កម្ពស់​
 ​ កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com