អន្តរជាតិ
Brexit៖ សភា​អង់គ្លេស បើកភ្លើង​ខៀវ​ឲ្យ​ពន្យារពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​៣​ខែ​
15, Mar 2019 , 7:19 pm        
រូបភាព
​រដ្ឋសភា​អង់គ្លេស នៅ​ថ្ងៃទី​១៤ ខែមីនា បាន​បោះឆ្នោត​យល់ព្រម​លើ​ការពន្យារពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​ចំនួន​បី​ខែ​។ ការបោះឆ្នោត​នេះ​ធ្វើឡើង បន្ទាប់ពី​សមាជិកសភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​ចាកចេញ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ជា​លើក​ទី​ពីរ​រួចមក ដែល​នោះ​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា អង់គ្លេស​អាច​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តាម​កាលកំណត់​។​

 
​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ជា​ពេលវេលា​ផ្លូវ​ការដែល​ចក្រភព​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ ទំនាក់ទំនង​សមាជិក​ដ៏​សំខាន់​និង​អង្គការ​តំបន់​មួយ​នេះ មិនទាន់​អាច​លែងលះគ្នា​ឲ្យ​បាន​ដាច់ស្រេច​ឡើយ​។ នេះ​ក៏​ព្រោះតែ​កិ​ព្ច​ព្រមព្រៀង​ចាកចេញ​ដែល​រដ្ឋាភិបាល​អង់គ្លេស និង​អឺរ៉ុប ប្រឹង​ចរចា​ជិត​ពីរ​ឆ្នាំ​មកនេះ ត្រូវបាន​រដ្ឋសភា​អង់គ្លេស​បដិសេធ​ដល់​ទៅ​ពីរដង​ឯណោះ​។ ប៉ុន្តែ​សភា​អង់គ្លេស​ក៏​សម្រេច​ដែរ​ថា អង់គ្លេស​ត្រូវតែ​ចាកចេញ​ដោយមាន​កិច្ចព្រមព្រៀង​។​
 
​តាម​ស្ថានការណ៍​នេះ អង់គ្លេស និង​អឺរ៉ុប​អាច​ត្រូវ​បែក​គ្នា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មិន​ខាន​។ ក្នុង​គោលដៅ​ផ្ដល់​ពេល​បន្ថែម​ដល់​ការចរចា សភា​អង់គ្លេស​នៅ​ថ្ងៃទី​១៤ ខែមីនា ក៏​បោះឆ្នោត​គាំទ្រ​ផែនការ​របស់លោក​ស្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ស្នើ​អឺរ៉ុប​លើក​ពេល​ចាកចេញ​ចំនួន​បី​ខែ​ទៀត​។ បានន័យថា បើ​នៅតែ​មិន​អាចមាន​កិច្ចព្រមព្រៀង​ចាកចេញ អង់គ្លេស​អាច​ពន្យារពេល​ចាកចេញ​ទៅដល់​ខែមិថុនា​ឯណោះ មិនមែន​ត្រឹម​ខែមីនា​នេះឡើយ​។​
 
​ខណៈ​នៅសល់​១៤​ថ្ងៃ​ទៀត​ដល់ពេល​ចាកចេញ​ផ្លូវការ​នោះ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ត្រូវ​ធ្វើយ៉ាងណា​បញ្ចុះបញ្ចូល​ឲ្យ​សភា​គាំទ្រ​លក្ខខណ្ឌ​ចាកចេញ​នេះ​។ លោកស្រី​គ្រោង​នឹង​យក​កិច្ចព្រមព្រៀង​ថ្មី​ដាក់​ឲ្យ​សភា​បោះឆ្នោត​ជា​លើក​ទី​បី​។ បើ​សភា​នៅតែ​បន្ត​បដិសេធ ហើយ​អឺរ៉ុប​ដែលមាន​២៧​ប្រទេស មិន​យល់ព្រម​តាម​សំណើសុំ​លើក​ពេល អង់គ្លេស​ប្រាកដជា​ត្រូវ​បញ្ចប់​សមាជិកភាព​នៅ​សហភាព​អឺរ៉ុប​ទាំង​រញ៉េរញ៉ៃ​ដោយ​ចៀស​មិន​រួច​។​
 
​លើ​រឿង​ពន្យារ​ពេលនេះ អឺរ៉ុប​ទំនងជា​បើកផ្លូវ​សម្រាប់​ការចរចា​បន្ថែម​ផងដែរ​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស និយាយថា សហភាព​អឺរ៉ុប​អាច​ផ្ដល់​ភ្លើង​ខៀវ​សម្រាប់​ការលើក​ពេល​រយៈពេល​វែង ប្រសិនបើ​អង់គ្លេស​គិតគូរ​ឲ្យ​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​របស់ខ្លួន និង​រក​មតិរួម​បាន​នោះ​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សភា​អង់គ្លេស​ក៏​បិទផ្លូវ​ការធ្វើប្រជាមតិ​ម្ដងទៀត​បើ​ពិតជា​មានការ​ពន្យារពេល​មែន​។ ក្នុង​កិច្ចប្រជុំ​ដដែល​ខាងលើ សមាជិកសភា​អង់គ្លេស​ចំនួន​៣៣៤ បាន​បោះឆ្នោត​ប្រឆាំង​ប្រជាមតិ​ម្ដងទៀត ឯ​សំឡេងគាំទ្រ​មាន​ចំនួន​តែ​៨៥​ប៉ុណ្ណោះ​។ ការធ្វើប្រជាមតិ​លើក​ទី​ពី​រលើប​ញ្ហា​ចាកចេញ​ឬ​មិន​ចាកចេញ​នេះ គឺជា​ជម្រើស​មួយ​ដើម្បី​ដោះ​ទាល់ ខណៈ​លោកស្រី ម៉េ​យ៍ មិនអាច​រក​ការគាំទ្រ​ដើម្បី​ការចាកចេញ​បាន​នោះ​៕
 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com