ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាយ សំ​អាល់ ត្រូវ​ស្នើ​ឲ្យ​ធ្វើជា​ប្រធានក្រុមការងារ​បក្ស​នៅ​ព្រះសីហនុ ជំនួស​លោក ប៉ុល សារឿន
15, Mar 2019 , 7:39 pm        
រូបភាព
លោក ប៉ុល សារឿន (ឆ្វេងដៃ) និង លោក សាយ សំអាល់
លោក ប៉ុល សារឿន (ឆ្វេងដៃ) និង លោក សាយ សំអាល់
ដោយ: ថ្មីៗ
​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ជូនទៅ​សម្តេច ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស ដើម្បី​សុំ​ឲ្យ​តែងតាំង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ជំនួស​លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ 


 
​ក្នុង​លិខិត​ដែល​ចុះ​ហេ​ត្ថ​លេខា​តាំងពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ សម្តេច ស ខេង សុំ​ឲ្យ​តែងតាំង​លោក ប៉ុ សារឿន ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​វិញ​។ 
 
​លោក ប៉ុល សារឿន ជា​សមាជិក​ម្នាក់​នៃ​គណៈអចិន្ត្រៃយ៍ ដែលជា​ស្ថាប័ន​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​លោក ខៀវ សុភ័គ  អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ លិខិត​នោះ ពិតជា​លិខិត​របស់​សម្តេច ស ខេង មែន​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ការផ្លាស់ប្តូរ​នេះ គឺជា​រឿង​ធម្មតា​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​គណបក្ស​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មានអី​បដិសេធ បើ​ស្នើសុំ​ហើយ​»​។ 
 
​តាមរយៈ​លិខិត សម្តេច ស ខេង បាន​ប្រាប់​សម្តេច ហ៊ុន សែន ថា ថ្វី​ត្បិត ខេត្ត​ព្រះសីហនុ កំពុងមាន​អភិវឌ្ឍ​មែន តែ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ជាពិសេស​បញ្ហា​បរិស្ថាន អនាម័យ សំណល់​អគារ​នានា និង​ការគ្រប់គ្រង​តំ​នប់​ឆ្នេរ ជាដើម​។ 
 
​សម្តេច ស ខេង បញ្ជាក់​ក្នុង​លិខិត​បែបនេះ​ថា​៖«​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​ពង្រឹង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​ចីរភាព និង​ថែរក្សា​ការពារ​បាន​នូវ​បរិស្ថាន និង ធនធានធម្មជាតិ ខ្ញុំ​សូម​ស្នើសុំ​យោបល់​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ មេត្តា​អនុញ្ញាត​ផ្លាស់ប្តូរ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​និង​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​»៕ 

Tag:
 ហ៊ុន សែន​
  ស ខេង​
  ប៉ុល សារឿន​
  សាយ សំ​អាល់
© រក្សាសិទ្ធិដោយ thmeythmey.com