អន្តរជាតិ
ចិន អនុម័តច្បាប់វិនិយោគបរទេស ដែលទំនងជាសម្បទានសម្រាប់អាមេរិក
× សភាតំណាងប្រជាជនចិន នៅថ្ងៃទី១៥ ខែមីនា បានអនុម័តដោយសំឡេងលើសលប់សេចក្ដីព្រាងច្បាប់វិនិយោគបរទេស ដែលមានគោលដៅធានាការរកស៊ីរបស់ក្រុមហ៊ុនបរទេស។ ច្បាប់ថ្មីនេះ ត្រូវគេមើលឃើញថា ជាការធ្វើសម្បទានមួយទៅឲ្យអាមេរិកដែលទាមទារឲ្យចិនអនុវត្តគោលនយោបាយសុចរិត ត្រឹមត្រូវ និងស្មើភាពរវាងក្រុមហ៊ុនក្នុងស្រុក និងដៃគូបរទេស។ ការអនុម័តច្បាប់នេះ ធ្វើឲ្យអ្នកខ្លះរីករាយ ប៉ុន្តែខ្លះទៀតនៅសង្ស័យពីការអនុវត្តទៅវិញ។
នាកិច្ចប្រជុំថ្ងៃទី១៥ ខែមីនា សមាជិកសភាតំណាងប្រជាជនចិនចំនួន ២៩២៩ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគបរទេស ខណៈសំឡេងប្រឆាំងមាន៨ និងសំឡេងអនុប្បវាទមាន៨ដូចគ្នា។ ច្បាប់ថ្មីនេះ នឹងចូលធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ឯណោះ ដែលនឹងធ្វើឲ្យការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការរកស៊ីរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសកាន់តែល្អប្រសើរឡើង។
តាមពិតទៅ ក្រុងប៉េកាំងបានពន្លឿននីតិវិធីក្នុងការបង្កើតច្បាប់ថ្មីនេះ ស្របពេលកំពុងចរចាជាមួយអាមេរិកដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ នេះក៏ព្រោះតែសេចក្ដីព្រាងច្បាប់នេះ លេចជារូបរាងតាំងពីឆ្នាំ២០១៥ ប៉ុន្តែដំណើរការចាប់ផ្ដើមល្បឿនលឿនចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៨ មក។ វិធានការថ្មីជាច្រើន នឹងត្រូវអនុវត្តដើម្បីឆ្លើយតបនឹងការតវ៉ារបស់អាមេរិក និងសហភាពអឺរ៉ុបដែលចោទចិនថា ធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។
បើតាមច្បាប់ថ្មីនេះ ចិននឹងដោះស្រាយការព្រួយបារម្ភរបស់អ្នកវិនិយោគបរទេសលើបញ្ហាជាច្រើនដូចជា ការរើសអើងទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនក្នុងស្រុកក្នុងករណីមានការសហការរកស៊ីរួមគ្នា និងការលួចការសម្ងាត់ពាណិជ្ជកម្មរបស់ក្រុមហ៊ុនបរទេសជាដើម។ ជាដំណោះស្រាយ ច្បាប់នេះកំណត់ថា មន្ត្រីចិនមានកាត្វកិច្ចការពារព័ត៌មានរបស់ក្រុមហ៊ុនបរទេស ហើយវាជាកំហុស បើមន្ត្រីចិនប្រើប្រាស់ព័ត៌មានខុសច្បាប់ ឬលួចឲ្យព័ត៌មាននោះទៅក្រុមហ៊ុនចិន។
យ៉ាងណាមិញ ច្បាប់វិនិយោគថ្មីនេះ ទទួលបានប្រតិកម្មអវិជ្ជមានច្រើនពីក្រុមអ្នករកស៊ី។ ក្នុងសប្ដាហ៍នេះ សភាពាណិជ្ជកម្មអាមេរិកប្រចាំចិនលើកឡើងថា ខ្លួនបារម្ភពីការអនុម័តច្បាប់នេះដោយមិនមានការចូលរួមផ្ដល់យោបល់ពីវិស័យឯកជន និងអ្នកពាក់ព័ន្ធ។ ប៉ុន្តែការពន្យារពេលអនុវត្តច្បាប់ថ្មី អាចនឹងផ្ដល់ឱកាសសម្រាប់ធុរជនបរទេសស្វែងរកដំណោះស្រាយលើបញ្ហាដែលកើតឡើងបាន។
បញ្ហាមួយទៀតដែលអាចលេចឡើង គឺការអនុវត្តច្បាប់ថ្មីនេះ។ លោក He Weifang សាស្ត្រាចារ្យនៅសាកលវិទ្យាល័យប៉េកាំងបានលើកពីលទ្ធភាពដែលរចនាសម្ព័ន្ធចិនសព្វថ្ងៃអាចអនុវត្តតាមបញ្ញត្តិថ្មីនេះ។ បើតាមកាសែតហុងកុង South China Morning Post លោកនិយាយថា ការអនុវត្តច្បាប់ថ្មីត្រូវការការត្រួតពិនិត្យបែបប្រជាធិបតេយ្យ និងយុត្តិធម៌ ហើយវាក៏ត្រូវការការកែប្រែរចនាសម្ព័ន្ធ និងប្រព័ន្ធយុត្តិធម៌ឯករាជ្យផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com