ជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បញ្ជា​ឲ្យ​មន្ត្រី​កាំកុងត្រូល​វែកមុខ​ឈ្មួញ ដែល​នាំចូល​ទំនិញ​ខូចគុណភាព មក​ដាក់ទោស​តាមច្បាប់​
15, Mar 2019 , 8:39 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ប្រជាពលរដ្ឋ​នោះ មន្ត្រី​កាំកុងត្រូល ត្រូវ​វែកមុខ​ឈ្មួញ​ខិលខូច​ដែល​នាំចូល​ទំនិញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ យកមក​ផ្តន្ទាទោស​តាមច្បាប់​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ​។​

 
​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ឲ្យ​មន្ត្រី​ទាំងអស់ រឹតបន្ដឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យបាន​ហ្មត់ចត់ ដោយ​មិន​គ្រាន់តែ​ដកហូត​ទំនិញ​ខូចគុណភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ស្វែងរក​ឈ្មួញ​ទុច្ចរិត​មក​ដាក់ទោស​តាមច្បាប់​ផងដែរ​។ ជាមួយគ្នានេះ​ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​ច្បាប់​សំខាន់​៣ ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច និង​ពង្រីក​ដែន​សមត្ថកិច្ច​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ឱ្យមាន​លក្ខណៈ​ច្បាស់លាស់ និង​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្តិ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម និង​កាំកុងត្រូល​ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ បាន​សរសេរ​ដូច្នេះ​ថា​៖ «នៅពេល​ច្បាប់​ទាំងបី​នេះ​អនុម័ត មន្ត្រី​កាំកុងត្រូល​របស់​យើង នឹងមាន​សមត្ថកិច្ច​កា​ន់​តែ​ខ្លាំង ក្នុងការ​ទប់ស្កាត់​ការផលិត និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ គ្មាន​គុណភាព ឬ​ខូចគុណភាព ព្រមទាំង​ផ្អាក​សកម្មភាព​ធុរកិច្ច​ទុច្ចរិត ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទំនិញ ឬ​សេវាកម្ម និង​លើកទឹកចិត្ត​អ្នករកស៊ី​ត្រឹមត្រូវ ឱ្យ​ពង្រីក​ធុរកិច្ច ឬ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល​»​។​
 
​កាលពី​ថ្ងៃទី​១២ មីនា អាជ្ញាធរ​បាន​ដុតបំផ្លាញ​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​សរុប​ជាង ៧០​តោន​។ ថ្លែង​ក្នុង​ពិធី​បំផ្លាញ​ទំនិញ​ក្លែងក្លាយ​នោះ សម្ដេច ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួមគ្នា​បង្ក្រាប​បទល្មើស «​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​» ឱ្យខាងតែបាន​។ សម្ដេច ស ខេង បាន​និយាយ​សង្កត់ធ្ងន់ថា បើ​សមត្ថកិច្ច​បង្ក្រាប​បានក​រ​ណី​ទំនិញ​ក្លែងក្លាយ​ហើយ ប៉ុន្តែ​ចាប់​អ្នកប្រព្រឹត្ត ឬ​ឈ្មួញ​ខិលខូច ដែល​នាំចូល​ទំនិញ​ខុសច្បាប់​មក​ផ្ដន្ទាទោស​មិនបាន​ទេ នោះ​សម្ដេច​នឹងមិន​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ទៀតឡើយ​៕
 

Tag:
 ​វែកមុខ​
  ទំនិញ​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com