អន្តរជាតិ
យ៉ាងហោច ៦​លាន​នាក់​រងគ្រោះ​ដោយសារ​«​វិបត្តិ​ខ្វះ​ទឹក​»​នៅ​ហ្វីលីពីន​
15, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​យ៉ាងហោចណាស់ ៦​លាន​នាក់​កំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ហ្វីលីពីន​នាពេល​បច្ចុប្បន្ននេះ​។ រដ្ឋាភិបាល​ក្រុង​ម៉ានីល​កំពុង​ចាត់ចែង​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ឆ្លើយតប ប៉ុន្តែ​វិធានការ​សំខាន់​ដែល​អាជ្ញាធរ​អនុវត្ត​គឺ​កាត់ផ្តាច់​ការផ្គត់ផ្គង់​ទឹក​យ៉ាងហោច ៦​ម៉ោង​ក្នុង​មួយថ្ងៃ​រហូត​រដូវភ្លៀង​ចូលមក​ដល់​សិន​។


 
​រដ្ឋាករទឹក​ក្រុង​ម៉ានីល​បានប្រកាស​ជូនដំណឹង​ថា ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាជន​ហ្វីលីពីន​មិនតិចជាង ៦,៨ លាន​នាក់​ក្នុង​ទីក្រុង​ម៉ានីល និង​ខេត្ត​នៅ​ជិតខាង​នឹងត្រូវ​កាត់ផ្តាច់​ក្នុង​រយៈពេល​យ៉ាងតិចណាស់ ៦​ម៉ោង​។ ក្នុងនោះ​មាន​ក្រុង​ចំនួន​ប្រហែល ១២ នឹងមិន​ទទួលបាន​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ដល់ ២១​ម៉ោង​ឯណោះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកនាំពាក្យ​ស្ថាប័ន​ផ្គត់ផ្គង់​ទឹកស្អាត​លោក Jeric Sevilla បាន​បញ្ជាក់ថា វិធានការ​នេះ​ត្រូវអនុវត្ត ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទី ១៤ ខែមីនា​រហូតដល់​រដូវ​ភ្លៀង​មកដល់​នៅ​ខែឧសភា​ឬ​មិថុនា​ឯណោះ​។ លោក ពន្យល់​បន្ថែ​ការ​កាត់ផ្តាច់​ទឹក​នេះ​ជា​វិធានការ​សមស្រប​ដើម្បី​ឆ្លើយតប​ក្នុង​កាលៈទេសៈ​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ ហើយក៏​បានស្នើ​សុំ​ឲ្យ​ប្រជាជន​ទាំងអស់​យោគយល់​និង​អធ្យាស្រ័យ​ផងដែរ​។ 
 
«​គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​រឿង​បែបនេះ​កើតឡើង​ទេ​។ ប៉ុន្តែ​អ្វីដែល​យើង​កំពុង​ធ្វើជា​គោល​គំនិត​មួយ​ដែល​បង្ហាញថា ពេល​មាន​បញ្ហា​កើតឡើង យើង​គ្រប់គ្នា​ត្រូវ​ចែករម្លែក​បន្ទុក​ទាំងនេះ​ទាំងអស់គ្នា​។ ប្រាកដ​ណាស់​ថា សេចក្តីសុខ​របស់​អតិថិជន​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ហើយ​យើង​កំពុង​រក​វិធានការ​ដោះស្រាយ​បញ្ហា​នេះដែរ​»​។​
 
​តាមពិត​ទៅមុន​នឹងមាន​ការសម្រេច​ផ្តាច់ការ​ផ្គត់ផ្គង់​ទឹក​ដោយ​ពេលនេះ រដ្ឋាករទឹក​ម៉ានីល​សាកល្បង កំណត់​បរិមាណ​ទឹកស​ម្រា​ប់​ផ្គង់​ផ្គង់​ដល់​អតិថិជន​ដែរ​ដោយ​បន្ថយ​ក​ម្រិ​យ​សម្ពាធ​ដែល​រុញ​ទឹក​ឡើង ប៉ុន្តែ​វិធានការ​នេះ​មិន​ជោគជ័យ​ឡើយ​ដោយសារ​ប្រជាជន​ដែល​រស់នៅ​តំបន់​ខ្ពង់រាប​មិនបាន​ទទួល​ទឹក​សម្រាប់​ប្រើប្រាស់​សោះ​។ 
 
​ក្រៅពី​ការរង​ទុក្ខ​របស់​ប្រជាជន ជំនួញ​ជាច្រើន​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​ដោយសារ​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​។ កន្លែង​លាង​ឡាន ម៉ូតូ និង​បោក​អ៊ុត​ជាដើម​សម្រេច​បិទទ្វារ​បណ្តោះអាសន្ន​សិន ទម្រាំ​អាជ្ញា​ធរមាន​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ខ្វះ​ទឹក​នេះ​។​
 
​យ៉ាងណាក៏ដោយ វិបត្តិ​ខ្វះ​ទឹក​នេះ​ក៏​កំពុង​បង្កើត​បញ្ហា​មួយទៀត​ដែរនោះ​គឺ កំណើន​សំណល់​ជាពិសេស​សម្ភារ​ប្លា​ស្ទិ​ក​។ បណ្តាញ​ក្រុម​បរិស្ថាន​ហ្វីលីពីន EcoWaste បាន​អះអាងថា ជំនួញ​មួយចំនួន ភោជនីយដ្ឋាន និង​កន្លែង​លក់​ម្ហូបអាហារ​នានា​នៅ​ហ្វីលីពីន​ចាប់ផ្តើម​ប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​ដូចជា​កែវ​ជ័រ និង​ចានជ័រ ជាដើម​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​។​
 
​ដោយឡែក ជុំវិញ​ការកើតឡើង​នៃ​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ អាជ្ញាធរ​កន្លងមក​បាន​បញ្ជាក់ថា វា​បណ្តាលមកពី​កំណើន​ខ្ពស់​នៃ​តម្រូវការ​ទឹក​ប្រើប្រាស់ ហើយ​បាតុភូត El Nino បង្ក​ឲ្យ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​មួយកម្រិត​ទៀត​។​
 
​យ៉ាងណាក៏ដោយ សភា​ហ្វីលីពីន​នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​មូលហេតុ​នៃ​វិបត្តិ​។ កន្លងមក​រដ្ឋាភិបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ រង​ការទិតៀន​ខ្លាំង​ជុំវិញ​ការបន្ត​ការពន្យារពេល​សាងសង់​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ស្តុក​ទឹក​សម្រាប់​រដូវក្តៅ​។​
 
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្វីលីពីន Carlos Dominguez បាន​ទទួលស្គាល់ថា វិបត្តិ​ខ្វះ​ទឹក​ប្រហែលជា​អាច​ទប់ស្កាត់បាន បើសិនជា​ទំនប់​វា​រី​អគ្គិសនី Kaliwa ដែលជា​គម្រោង​របស់​ចិន​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង​ម៉ានីល​នោះ​ត្រូវបាន​សាងសង់ឡើង​រួចរាល់​នោះ​។ ប៉ុន្តែ​គម្រោង​នេះ​មិន​ត្រូវបាន​ស្វាគមន៍ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើយ​។ ចំណែក​ខាង​រដ្ឋាករទឹក​ក្រុង​ម៉ានីល​វិញ​ត្រូវ​រង​ការស្តីបន្ទោស​ពី​ប្រជាពលរដ្ឋ​ដោយសារ​មិនបាន​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដូច​បច្ចុប្បន្ន​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com