ជាតិ
វីដេអូ
តើរូបថតបែបសិល្បៈ និងបែបសារព័ត៌មាន ខុសគ្នាដូចម្ដេច?
× ភ្នំពេញ៖ បច្ចុប្បន្ន ការថតរូបមានការពេញនិយមសម្រាប់យុវជន និងមនុស្សទូទៅ ហើយការថតរូបត្រូវបានគេបែងចែកជាច្រើនផ្នែក។ តួយ៉ាង រូបថតបែបសិល្បៈ និងរូបថតបែបសារព័ត៌មាន មានលក្ខណៈខុសគ្នា ដោយរូបថតនីមួយៗបានព្យាយាមបង្ហាញខ្លឹមសារផ្សេងៗគ្នា។ បើតាមលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីព រូបថតបែបសិល្បៈ កើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកថត រីឯរូបថតបែបសារព័ត៌មានវិញ ជារូបថតដែលកើតឡើងតាមរយៈព្រឹត្តិការណ៍តែប៉ុណ្ណោះ។
លោក ម៉ក់ រ៉េមីស្សា ជាអ្នកថតរូបបែបសិល្បៈ និងបែបសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency។ សិល្បករថតរូបដ៏ឆ្នើម ម៉ក់ រ៉េមីស្សា មានបទពិសោធក្នុងវិស័យថតរូបជាង២០ឆ្នាំមកហើយ ហើយបានជាប់ជ័យលាភីជាច្រើនហូរហែ តាមរយៈស្នាដៃថតរូបដែលពោរពេញទៅដោយភាពច្នៃប្រឌិត។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ សិល្បករថតរូបដ៏ឆ្នើមរូបនេះ បានពន្យល់ពីភាពខុសគ្នា រវាងរូបថតបែបសិល្បៈ និងបែបសារព័ត៌មានយ៉ាងដូច្នេះ៖ «រូបថតបែបសារព័ត៌មាន ជារូបថតបង្ហាញពីដំណឹង ដែលកើតឡើងតាមព្រឹត្តិការណ៍នានា។ ចំណែករូបថតបែបសិល្បៈវិញ គឺកើតចេញពីការគិត និងភាពច្នៃប្រឌិតរបស់អ្នកថត»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាន ThmeyThmey ជាលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដូចតទៅ៖
បើតាមលោក រ៉េមីស្សា រូបថតបែបសិល្បៈ ត្រូវការប្រើពេលវេលាច្រើន និងមានផលលំបាកខ្លាំងជាងរូបថតបែបសារព័ត៌មាន។ រូបថតបែបសិល្បៈ ទាមទារឲ្យអ្នកថតរូប មានភាពច្នៃប្រឌិតខ្ពស់ក្នុងការរិះរកគំនិតថ្មីៗ ដើម្បីបង្ហាញពីទិដ្ឋភាពនិងខ្លឹមសារនៃប្រធានបទនីមួយៗ។ ដោយឡែករូបថតបែបសារព័ត៌មានវិញ មានភាពងាយស្រួលក្នុងការផលិត ដោយរូបភាពនេះ បានបង្ហាញពីខ្លឹមសារ និងព្រឹត្តិការណ៍ដែលបានកើតឡើង។
ក្នុងវិស័យថតរូប លោក ម៉ក់ រ៉េមីស្សា បានចាប់ផ្ដើមប្រឡូកលើការថតរូបបែបសិល្បៈ ដែលរូបថតប្រភេទនេះ អាចធ្វើឲ្យលោក មានគំនិតច្នៃប្រឌិតច្រើន ក្នុងការផលិតរូបភាពឲ្យបានល្អ។ ក្រោយមានជំនាញលើការថតរូបបែបសិល្បៈ លោក រ៉េមីស្សា ក៏បានចាប់យកការថតរូបបែបសារព័ត៌មានមកដល់សព្វថ្ងៃ៕
Tag:
រូបថតបែបសិល្បៈ
រូបថតបែបសារព័ត៌មាន
ម៉ក់ រ៉េមីស្សា
© រក្សាសិទ្ធិដោយ thmeythmey.com