អន្តរជាតិ
ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​១០​នាក់ ដែល​ជោគជ័យ​ក្នុង​ជំនួញ​បច្ចេកវិទ្យា​
16, Mar 2019 , 9:29 am        
រូបភាព
ដោយ:
បច្ចុប្បន្ននេះ បច្ចេកវិទ្យា​គ្រប់​ដណ្តប់​ស្ទើរតែ​រាល់​ទិដ្ឋភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​។ មនុស្ស​ដែល​ប្រើប្រាស់​ក៏​ទទួលផល​ចំណេញ​ពី​បច្ចេកវិទ្យា ខណៈ​អ្នកបង្កើត​និង​គ្រប់គ្រង​បច្ចេកវិទ្យា​ទាំងនេះ ក៏​ទទួលបាន​ផ្លែផ្កា​ពី​វា​ផងដែរ​។ ទស្សនា​វ​ដ្តី Forbes កាលពីដើម​ខែមីនា​នេះ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ចុងក្រោយបង្អស់​របស់ខ្លួន ។ ថ្ងៃនេះ​យើង​សូម​ផ្តោត​សំខាន់​តែ​ទៅលើ​មហាសេដ្ឋី​ទាំង​១០​នាក់​ប៉ុណ្ណោះ ដែល​ជោគជ័យ​ក្នុង​វិស័យ​ជំនួយ​បច្ចេកវិទ្យា​របស់​ពួកគេ​។

 
១. លោក Jeff Bezos 
 
​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ជា​ស្ថាបនិក Amazon លោក Jeff Bezos មានទ្រព្យ​សម្បត្តិ​សរុប ១៣១​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ​៥៤​ឆ្នាំ ក្រៅពី​តួនាទី​ជា​សហគ្រិន​ក្នុង​វិស័យ​ជំនួញ​បច្ចេកវិទ្យា លោក Bezos ក៏​ជា​ម្ចាស់​នៃ​កាសែត Washington Post ។​


                                                                    (រូបថត៖ AFP)
 
២. លោក Bill Gates 
 
​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យ​សម្បត្តិ​សរុប ៩៦,៥​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៦៣​ឆ្នាំ ក្រោយពី​ចាកចេញ​ពី​អាជីព មហា​សេដ្ឋកិច្ច​រូបនេះ​ចាប់ផ្តើម​ការងារ​មនុស្ស​ធម៌​ជាច្រើន ដោយ​បង្កើត​កម្មវិធី​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​ឧបត្ថម្ភ​ប្រាក់​ដល់​មូលនិធិ​មនុស្សធម៌​។


                                                                    (រូបថត៖ AFP)
 
៣. លោក Larry Ellison 
 
​ជា​សហ​ស្ថាបនិក​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា Silicon Valley លោក Larry Ellison មានទ្រព្យ​សម្បត្តិ​សរុប ៦២,៥​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៧៤​ឆ្នាំ លោក Larry Ellison ក៏​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន  Tesla របស់លោក Elon Musk ដែល​ល្បីល្បាញ​ខាង​ផលិត​រថយន្ត​អគ្គិសនី​ផងដែរ​។  


                                                              (រូបថត៖ AFP)

៤. លោក Mark Zuckerberg
 
​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ ៦២,៣​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៣៤​ប៉ុណ្ណោះ មហា​សេដ្ឋកិច្ច​វ័យក្មេង​រូបនេះ ធ្លាប់​ត្រូវបាន​ទស្សនា​វ​ដ្តី Forbes ដាក់បញ្ចូល​ឈ្មោះ​ជា «​បុគ្គល​មាន​ឥទ្ធិពល​ជាងគេ​ទាំង​១០​ក្នុង​ពិភពលោក​» កាលពី​ខែធ្នូ ឆ្នាំ​២០១៦​។​


                                                               (រូបថត៖ AFP)
៥. លោក Larry Page 
 
​ជា​សហ​ស្ថាប​និ​ក្រុមហ៊ុន Google លោក Lawrence Edward Page មានទ្រព្យ​សម្បត្តិ​សរុប ៥០,៨​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៤៥​ឆ្នាំ លោក​ធ្លាប់​ចាក​ចេញពី​តួនាទី​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស​នេះ​កាលពី​ឆ្នាំ​២០០១​។ ប៉ុន្តែ​១០​ឆ្នាំ​ក្រោយមក លោក​បានសម្រេច​ចិត្ត​ត្រឡប់​ទៅកាន់​តួនាទី​ដើម​វិញ​ក្នុង​ខែមេសា ឆ្នាំ​២០១១​។ បច្ចុប្បន្ននេះ លោក Lawrence គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet Inc. ដែល​ក្តោប​ក្តាប់​លើ Google ។ 


                                                                (រូបថត៖ AFP)

៦. លោក Sergey Brin 
 
​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Google ជាមួយ​លោក​មហាសេដ្ឋី Larry Page លោក Sergey Brin មានទ្រព្យ​សម្បត្តិ ៤៩,៨​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៤៥​ឆ្នាំ បច្ចុប្បន្ននេះ លោក​គឺជា​ប្រធាន​ក្រុមហ៊ុន Alphabet Inc ដែល​ក្តោប​ក្តាប់  Google ។​


                                                                     (រូបថត៖ AFP)

៧. លោក Steve Ballmer 
 
​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០១៤ លោក Steve Ballmer មានទ្រព្យ​សម្បត្តិ ៤១,២​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៦២​ឆ្នាំ លោក ត្រូវបាន​លោក Bill Gates ហៅ​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន Microsoft ក្នុង​ឆ្នាំ​១៩៨០ ក្រោយពី​លោក​ឈប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Stanford University ។ ចុងក្រោយ​លោក​បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ​១៩៩៨ និង CEO ក្នុង​ឆ្នាំ​២០០០ ជំនួស​លោក Bill Gates ។ 


                                                                     (រូបថត៖ AFP)

៨. លោក Ma Huateng 
 
​ជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Tencent លោក Ma Huateng មានទ្រព្យ​សម្បត្តិ​សរុប ៣៨,៨​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ​៤៧​ឆ្នាំ មហាសេដ្ឋី​ចិន​រូបនេះ ធ្លាប់​ទទួល​ងារ​ជា​«​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ពិភពលោក​» របស់​ទស្សនា​វ​ដ្តី Time ៣​ដង​មកហើយ ពោលគឺ​ក្នុង​ឆ្នាំ​២០០៧, ២០១៤ និង​២០១៨​។ 


                                                                    (រូបថត៖ AFP)
 
៩. Jack Ma

​ជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា Alibaba លោក Jack Ma មានទ្រព្យ​សម្បត្តិ​សរុប ៣៧,៣​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៥៤​ឆ្នាំ មហាសេដ្ឋី​ចិន​រូបនេះ ធ្លាប់​ធ្វើជា​គ្រូបង្រៀន និង​មាន​បទពិសោធ​ជូរចត់​ជាច្រើន ដោយ​ត្រូវបាន​គេ​បដិសេធ​ពេល​ដាក់ពាក្យ​ធ្វើការ​។ កាលពី​ថ្មីៗ​នេះ លោក Ma បានប្រកាស​នឹង​ចូល​និ​វ​ត្តិ​ន៍​នា​ចុងឆ្នាំ​២០១៩​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​មនុស្សធម៌​។​


                                                                    (រូបថត៖ AFP)
 
១០. លោក Elon Musk 
 
​ជា​សហ​ស្ថា​បិ​ក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យ​សម្បត្តិ​សរុប​២២,៣​ពាន់​លាន​ដុល្លារ​។ ស្ថិតក្នុង​វ័យ ៤៧​ឆ្នាំ មហាសេដ្ឋី​រូបនេះ ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន SpaceX ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អវកាស​ឯកជន​ផងដែរ​៕


                                                                     (រូបថត៖ AFP)
 

Tag:
 ​ចំណេះដឹង​
  បច្ចេកវិទ្យា​
  មហាសេដ្ឋី​
© រក្សាសិទ្ធិដោយ thmeythmey.com