អន្តរជាតិ
បុរស​អូស្ត្រាលី​ម្នាក់​យក​ទូរ​សព្ទ​ដៃ​ធ្វើជា​ខែល បញ្ឈប់​ព្រួញ​ដែល​បាញ់​សំដៅ​មករក​លោក​
15, Mar 2019 , 5:59 pm        
រូបភាព
ដោយ:
​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​រួច​ផុតពី​គ្រោះថ្នាក់ អំឡុង​ប្រឈមមុខ​នឹង​បុរស​ម្នាក់ទៀត​ដែល​ដៃ​ប្រដាប់​ដោយ​ធ្នូរ និង​ព្រួញ​នៅក្រៅ​ផ្ទះ​របស់លោក​។ ព្រួញ​ដែល​បាន​បាញ់​ចេញមក​នោះ បាន​ទម្លុះ​ទូរ​សព្ទ​លោក​ពី​ម្ខាង​ទៅ​ម្ខាង ខណៈ​បុរស​ជនជាតិ​អូស្ត្រាលី​នេះ​លើក​ទូរ​សព្ទ​ឡើង ក្នុង​គោលបំណង​ថត​សកម្មភាព​បុរស​កាន់​ធ្នូ​នោះ​។

 
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៣ ខែមីនា ក្នុងភូមិ Nimbin ក្នុង​តំបន់​ដៃទន្លេ​ខាងជើង​នៃ​រដ្ឋ New South Wales  ដែល​ចម្ងាយ​ប្រហែល ៧៥០​គីឡូម៉ែត្រ ពី​រដ្ឋធានី Sydney  ប្រទេស​អូស្ត្រាលី​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សមត្ថកិច្ច​អូស្ត្រាលី បាន​ឲ្យ​ដឹងថា បុរស​ដែលជា​ជនរងគ្រោះ មាន​វ័យ​៤៣​ឆ្នាំ ទទួលរង​ការ​ប្រហារ​ដោយ​ព្រួញ​ពី​បុរស​ម្នាក់ទៀត ដែលជា​មនុស្ស​ស្គាល់គ្នា​។ យ៉ាងណាមិញ សមត្ថកិច្ច​ពុំបាន​បញ្ជាក់​ទេ​ថា អ្នក​ទាំងពីរ​ធ្លាប់មាន​បញ្ហា​អ្វី​នឹង​គ្នា​ពីមុន​ឬ​យ៉ាងណា​នោះទេ​។ 
 
​សមត្ថកិច្ច​ដដែល បន្តថា បុរស​ដែលជា​អ្នកបាញ់​ព្រួញ​នោះ មាន​វ័យ ៣៩ ត្រូវបាន​ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថានីយ៍​ប៉ូលិស​នៅក្បែរនោះ​។ ទាក់ទិន​នឹង​ការបាញ់​ព្រួញ​តម្រង់​ទៅ​មនុស្ស​បែបនេះ បុរស​ជា​ជនដៃដល់​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង់​មនុស្សឃាត​ដោយ​ចេតនា និង​បង្ក​ជា​របួសស្នាម​។ 
 
​សូមបញ្ជាក់ថា ក្រោយមក ជនល្មើស​ជា​អ្នកបាញ់​ព្រួញ​រូបនេះ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​រង់ចាំ​ឡើង​តុលាការ​នៅ​ខែមេសា​ខាងមុខ​៕​

Tag:
 អូស្ត្រាលី​
  ប្លែកៗ​
  ព្រួញ​
© រក្សាសិទ្ធិដោយ thmeythmey.com