ជាតិ
រដ្ឋបាល​ក្រុង​សៀមរាប រៀបចំ​ផែនការ​ប្រមូល​សំរាម​ថ្មី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
16, Mar 2019 , 6:59 pm        
រូបភាព
​សៀមរាប​៖ សំរាម​នៅតែ​ជា​បញ្ហា​សម្រាប់​ក្រុង​សៀមរាប ដ្បិតថា​ការប្រមូល​មិន​សមាមាត្រ​ទៅនឹង​ចំនួន​សំរាម ដែល​កើនឡើង​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​។ អភិបាលក្រុង​សៀម​រា​បាន​ប្រាប់​ពី​មូលហេតុ​ទាំងនេះ និង​ថា​ក្រុង​កំពុង​ដាក់ចេញ​ផែនការ​ប្រមូល​សំរាម​ថ្មី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​យ៉ាងណា​ការប្រមូល​សំរាម​មិនឱ្យ​កកស្ទះ​យូរ​ឡើយ​។​

 
​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា រដ្ឋបាល​ក្រុង​បានរៀបចំ​ផែនការ​ថ្មី គឺ​បានជ្រើសរើស​ក្រុម​ប្រមូល​សំរាម​មួយ​បន្ថែមទៀត ដែល​ពេលមុន​មាន​ត្រឹម​មួយក្រុម​ហ៊ុន ដើម្បី​ចែក​គោលដៅ​ប្រមូល​សំរាម​ឱ្យមាន​ប្រសិទ្ធភាព​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលក្រុង បច្ចុប្បន្ន​ក្រុង​សៀមរាប​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​២ ដោយ​ទី​១​ប្រមូល​នៅ​ខាងកើត​ស្ទឹង​សៀមរាប និង​ទី​២ ប្រមូល​នៅ​ប៉ែក​ខាងលិច​ស្ទឹង​។​
 
​តាម​ការពន្យល់​របស់​លោក​អភិបាលក្រុង មូលហេតុ​ចម្បង​ដែល​ការប្រមូល​សំរាម​កន្លងមក​មិនសូវ​ល្អប្រសើរ ព្រោះថា ក្រុមហ៊ុន​នៅ​អនុវត្តន៍​តាម​កិច្ចសន្យា​ចាស់ ដែល​បាន​ព្រមព្រៀង​តាំងពី​ច្រើន​ឆ្នាំមុន ហើយ​ដែល​កាលណោះ​ក្រុង​សៀមរាប​នៅ​តូច សំរាម​ក៏​មិនសូវមាន​ច្រើន​ដូច​សព្វថ្ងៃ​នេះដែរ​។ «​យើង​មាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ថ្មី ប្រព័ន្ធ​ថ្មី ពេលវេលា​ថ្មី ពង្រីក​ផ្លូវ​ប្រមូល​ថ្មី គឺ​យើង​ធ្វើ​បច្ចុប្បន្ន​ថ្មី​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក នួន ពុទ្ធា​រ៉ា​។​
 
​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​២ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ក្រុង​សៀមរាប ក្នុងនោះ​ក្រុមហ៊ុន​ចាស់ គឺ GAEA និង​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ទើប​ចូលមក​អនុវត្តន៍​សាកល្បង​រយៈពេល​៥​ខែ​មកហើយ​។ ជាមួយនឹង​ការរៀបចំ​ផែនការ​ថ្មី​នេះ លោក នួន ពុទ្ធា​រ៉ា ពន្យល់​ទៀតថា រដ្ឋបាល​ក្រុង​សៀមរាប​បានធ្វើ​កិច្ចសន្យា​សាកល្បង​ជាមួយ​ក្រុមហ៊ុន​រយៈពេល​មួយឆ្នាំ ហើយ​ប្រសិន​ណា​ការប្រមូល​សំរាម​មាន​ប្រសិទ្ធភាព រដ្ឋបាល​ក្រុង​នឹង​បន្ត​កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​ដល់​ក្រុមហ៊ុន​ទាំងនោះ​។​
 
​ក្នុង​ផែនការ​ខាងលើនេះ រដ្ឋបាល​ក្រុង​សៀមរាប​ក៏​កំពុង​ពិចារណា​ធ្វើ​ប្រតិភូកម្ម​ថវិកា​ដល់​សង្កា​ត់​នីមួយៗ​ដើម្បី​ម្ចាស់ការ​គ្រប់គ្រង​សំរាម​តាម​សង្កា​ត់រៀងៗ​ខ្លួន​។ តាម​លោក នួន ពុទ្ធា​រ៉ា នៅ​ឆ្នាំនេះ​ក្រុង​បាន​សាកល្បង​ធ្វើ​នៅ​សង្កាត់​សាលា​កំរើក ដើម្បីឱ្យ​សង្កាត់​មាន​ជំហ មាន​សមត្ថភាព​ខ្លួនឯង​ក្នុងការ​រៀបចំ​គិតគូរ​បញ្ហា​បរិស្ថាន​របស់ខ្លួន​។ លោក​បន្តថា ប្រសិនបើ​ជោគជ័យ ក្រុង​នឹង​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើ​ប្រតិភូកម្ម​ជូន​សង្កាត់​ទាំងអស់​តែម្ដង​។​
 
​ជាមួយនឹង​ផែនការ​ខាងលើ លោក នួន ពុទ្ធា​រ៉ា មាន​សុទិដ្ឋិនិយម​ថា បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​នឹង​ល្អប្រសើរ​ឡើង​។ លោក​លើកឡើងថា ផែនការ​បន្ទាប់​នោះ គឺ​ក្រុង​នឹង​ពិចារណា​ដល់​ការកែច្នៃ​ទីលាន​ចាក់សំរាម​សព្វថ្ងៃ ទៅជា​កន្លែង​ផលិត​ថាមពល ឬ​ជី ដែលមាន​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ពី​បរទេស​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com