អន្តរជាតិ
មួយឆ្នាំៗ ក្រុមហ៊ុន​កូកាកូឡា បង្កើត​សំណល់​ប្លា​ស្ទិ​ក​យ៉ាងតិច ៣​លាន​តោន​
16, Mar 2019 , 7:29 pm        
រូបភាព
រូបភាព៖ BBC
រូបភាព៖ BBC
​ក្នុង​មួយ​នាទី ក្រុមហ៊ុន​ភេសជ្ជៈ​យក្ស​កូកាកូឡា (Coca Cola) ផលិត​ដប​ប្លា​ស្ទិ​ក​ប្រមាណ​ពីរ​សែន​ដប​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ជុំវិញ​ពិភពលោក​។ តាម​បរិមាណ​នេះ គេ​វាយតម្លៃ​បាន​ថា ក្នុង​មួយឆ្នាំ​ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​សម្ភារៈ​ប្លា​ស្ទិ​ក​មិនតិចជាង ៣​លាន​តោន​ឡើយ​ទៅក្នុង​បរិស្ថាន​ទូទាំង​ពិភពលោក​។

 
​សារព័ត៌មាន​អង់គ្លេស The Guardian ចុះផ្សាយ​ថ្ងៃទី ១៤ ខែមីនា​ថា ទិន្នន័យ​ខាងលើ​ជុំវិញ​បរិមាណ​សារធាតុ​ប្លា​ស្ទិ​ក នេះ​ត្រូវបាន​ដកស្រង់​ចេញពី​ទិន្នន័យ​សាធារណៈ​របស់​មូលនិធិ Ellen MacArthur ដែលមាន​គោលដៅ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​កាត់បន្ថយ​ការផលិត​សារធាតុ​ប្លា​ស្ទិ​ក​។ 
 
​វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​ក្រោយ​មានការ​បង្ហាញ​ទិន្នន័យ​នេះ​ជា​ផ្លូវការ ដ្បិតថា​ជាច្រើន​ឆ្នាំកន្លងមក ក្រុមហ៊ុន​ធំៗ​ទាំងនោះ​ព្យាយាម​បិទបាំង​ទិន្នន័យ​ផលិត​ប្លា​ស្ទិ​ក​មិន​ឲ្យ​មហាជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដឹង​ឡើយ​។ ក្នុង​ឆ្នាំ​២០១៧ កូកាកូឡា​បាន​ផលិត​ដប​ប្លា​ស្ទិ​ក​ចំណុះ​៥០០​មី​លី​លីត្រ​ប្រ​ហែ ១០៨ ពាន់​លាន​ដប​ទៅកាន់​ពិភពលោក​។ 
 
​ក្នុង​មួយឆ្នាំៗ ក្រុមហ៊ុន​ផលិត​ដប​ប្លា​ស្ទិ​ក​នៅលើ​ពិភពលោក​ចូលរួម​ផលិត​ដប​ប្លា​ស្ទិ​ក​ប្រមាណ ៥០០​ពាន់​លាន​ដប​។ ក្រុមហ៊ុន​មួយចំនួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មួល​និ​ធិ Ellen MacArthur និង​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក​។ ស្ថាប័ន​ខាងលើនេះ​ក៏បាន​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​ដែល​ស្ម័គ្រចិត្ត​បង្ហាញ​ទិន្នន័យ​ការផលិត​សម្ភារ​ប្លា​ស្ទិ​ក​របស់ខ្លួន​កន្លងមក និង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ដែរ​។​
 
​មកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​ធំៗ​ទូទាំង​ពិភពលោក​ប្រហែល ១៥០​បាន​ព្រមព្រៀង​គោរព​តាម និង​អនុវត្ត​វិធានការ​រួមមួយ​ចំនួន​ដូចខាងក្រោម​៖ 
•​ ​កាត់បន្ថយ​ការផលិត​ផលិតផល​ប្លា​ស្ទិ​កណា​ដែល​មិនចាំបាច់​។ ងាក​ទៅប្រើ​សម្ភារ​វេច​ខ្ចប់​ទាំងឡាយណា​ដែល​អាច​ប្រើ​សារ​ឡើងវិញ​បាន​។ 
•​ ​រក​វិធីសាស្ត្រ​ច្នៃប្រឌិត​ដែល​អាច​ធានាថា ផលិតផល​ប្លា​ស្ទិ​ក​នឹង​អាច​ប្រើប្រាស់ ឬ​កែច្នៃ​ឡើងវិញ​ដោយ​ងាយស្រួល និង​មាន​សុវត្ថិភាព ឬក៏​អាច​រលាយ​ទៅវិញ​បាន​នៅត្រឹម​ឆ្នាំ​២០២៥​។ 
•​ ​បង្កើត​វដ្ត​សេដ្ឋកិច្ច​ដែល​ផ្តោតលើ​ប្លា​ស្ទិ​ក​ដោយមាន​ការបង្កើន​ការកែច្នៃ ឬ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ឡើងវិញ​សម្រាប់​ការ​វេច​ខ្ចប់​ឲ្យ​កាន់តែ​ខ្លាំងក្លា​៕

Tag:
 ប្លា​ស្ទិ​ក​
  Coca Cola
© រក្សាសិទ្ធិដោយ thmeythmey.com