អន្តរជាតិ
មួយឆ្នាំៗ ក្រុមហ៊ុនកូកាកូឡា បង្កើតសំណល់ប្លាស្ទិកយ៉ាងតិច ៣លានតោន រូបភាព៖ BBC
× ក្នុងមួយនាទី ក្រុមហ៊ុនភេសជ្ជៈយក្សកូកាកូឡា (Coca Cola) ផលិតដបប្លាស្ទិកប្រមាណពីរសែនដបដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជុំវិញពិភពលោក។ តាមបរិមាណនេះ គេវាយតម្លៃបានថា ក្នុងមួយឆ្នាំក្រុមហ៊ុននេះបានបញ្ចេញសម្ភារៈប្លាស្ទិកមិនតិចជាង ៣លានតោនឡើយទៅក្នុងបរិស្ថានទូទាំងពិភពលោក។
សារព័ត៌មានអង់គ្លេស The Guardian ចុះផ្សាយថ្ងៃទី ១៤ ខែមីនាថា ទិន្នន័យខាងលើជុំវិញបរិមាណសារធាតុប្លាស្ទិក នេះត្រូវបានដកស្រង់ចេញពីទិន្នន័យសាធារណៈរបស់មូលនិធិ Ellen MacArthur ដែលមានគោលដៅជំរុញឲ្យក្រុមហ៊ុនធំៗទាំងនោះកាត់បន្ថយការផលិតសារធាតុប្លាស្ទិក។
វាជាសញ្ញាវិជ្ជមានមួយក្រោយមានការបង្ហាញទិន្នន័យនេះជាផ្លូវការ ដ្បិតថាជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនធំៗទាំងនោះព្យាយាមបិទបាំងទិន្នន័យផលិតប្លាស្ទិកមិនឲ្យមហាជន និងស្ថាប័នពាក់ព័ន្ធដឹងឡើយ។ ក្នុងឆ្នាំ២០១៧ កូកាកូឡាបានផលិតដបប្លាស្ទិកចំណុះ៥០០មីលីលីត្រប្រហែ ១០៨ ពាន់លានដបទៅកាន់ពិភពលោក។
ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនផលិតដបប្លាស្ទិកនៅលើពិភពលោកចូលរួមផលិតដបប្លាស្ទិកប្រមាណ ៥០០ពាន់លានដប។ ក្រុមហ៊ុនមួយចំនួនបានចុះកិច្ចព្រមព្រៀងជាមួយមួលនិធិ Ellen MacArthur និងប្តេជ្ញាចិត្តធ្វើយ៉ាងណាបន្ថយកាកសំណល់ប្លាស្ទិក។ ស្ថាប័នខាងលើនេះក៏បានអបអរសាទរចំពោះក្រុមហ៊ុនធំៗទាំងនោះដែលស្ម័គ្រចិត្តបង្ហាញទិន្នន័យការផលិតសម្ភារប្លាស្ទិករបស់ខ្លួនកន្លងមក និងប្រឹងប្រែងដោះស្រាយបញ្ហាសំណល់ប្លាស្ទិកដែរ។
មកដល់បច្ចុប្បន្នក្រុមហ៊ុនធំៗទូទាំងពិភពលោកប្រហែល ១៥០បានព្រមព្រៀងគោរពតាម និងអនុវត្តវិធានការរួមមួយចំនួនដូចខាងក្រោម៖
• កាត់បន្ថយការផលិតផលិតផលប្លាស្ទិកណាដែលមិនចាំបាច់។ ងាកទៅប្រើសម្ភារវេចខ្ចប់ទាំងឡាយណាដែលអាចប្រើសារឡើងវិញបាន។
• រកវិធីសាស្ត្រច្នៃប្រឌិតដែលអាចធានាថា ផលិតផលប្លាស្ទិកនឹងអាចប្រើប្រាស់ ឬកែច្នៃឡើងវិញដោយងាយស្រួល និងមានសុវត្ថិភាព ឬក៏អាចរលាយទៅវិញបាននៅត្រឹមឆ្នាំ២០២៥។
• បង្កើតវដ្តសេដ្ឋកិច្ចដែលផ្តោតលើប្លាស្ទិកដោយមានការបង្កើនការកែច្នៃ ឬប្រើប្រាស់ប្លាស្ទិកឡើងវិញសម្រាប់ការវេចខ្ចប់ឲ្យកាន់តែខ្លាំងក្លា៕
Tag:
ប្លាស្ទិក
Coca Cola
© រក្សាសិទ្ធិដោយ thmeythmey.com