ជាតិ
សេវាកម្ម​ដឹក​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក បាន​ចំណូល​ប្រសើរ​ជាង​ការនេសាទ​
16, Mar 2019 , 7:59 pm        
រូបភាព
​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក​ក្នុង​រដូវប្រាំង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក​ក្នុង​រដូវប្រាំង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​សៀមរាប​៖ ផ្ទៃមេឃ​ស្រឡះ គ្មាន​ពពក​បាំង ដែលជា​ឳ​កាស​សម្រាប់​ព្រះអាទិត្យ អាច​បញ្ចេញ​អនុភាព​កម្តៅ​របស់ខ្លួន​បាន​យ៉ាង​ពេញចិត្ត ក្នុង​រដូវប្រាំង​ឆ្នាំនេះ មកលើ​ភូមិ​ថ្នល់​កំបុត នៃ​ឃុំ​កំពង់​ភ្លុក ដែលជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ប្រចាំ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

 
​ទិដ្ឋភាព​នៅក្នុង​ភូមិ មាន​សភាព​ខុសគ្នា រវាង​ខែប្រាំង និង​ខែវស្សា​។ ក្នុង​ខែប្រាំង​ពេល​ទឹក​បឹង​ទន្លេសាប​ស្រក​អស់ បាន​បន្សល់ទុក​នូវផ្ទះ​ដែលមាន​ជើង​សសរ​ច្រើន​ស្អេកស្កះ និង​ខ្ពស់ៗ ប្រៀបបាន​នឹង​ជើង​សត្វ​កុក​វែងៗ បង្កើតបានជា​ទេសភាព​មួយ​ដ៏​ទាក់ទាញ​។ ចំណែកឯ​រដូវវស្សា ផ្ទះ​ដែល​សាងសង់​លើដី មើលទៅ​ហាក់បីដូចជា​ផ្ទះ​បណ្តែត​ទឹក គួរ​ជាទី​គយគន់ អមដោយ​ព្រៃ​លិច​ទឹក​ដ៏​ធំ​ល្វឹងល្វើយ ត​ភា្ជ​ប់​ទៅនឹង​បឹង​ទន្លេសាប​។​
 
​វិស័យ​ទេសចរណ៍ បានធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​ក្នុងភូមិ​នេះ បានល្អ​ប្រសើរ​មួយកម្រិត​ទៀត​។ ជាទូទៅ ពួគគេ​មានមុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ផង និង​ជា​អ្នក​ដឹក​ភ្ញៀវទេសចរ​កំសាន្ត​តាម​ទូក​ផងដែរ​។ ក្នុងនោះ​ក៏មាន​ប្តី​ប្រពន្ធ សាន លាស់ និង ប៊ើ ឈិ​ញ​ផងដែរ​។ 
 
​ប៊ើ ឈិ​ញ និង​ប្តី​របស់គាត់ សាន លិញ កំពុង​បិទ​ពរទូក ដែល​កែច្នៃ​ពី​ទូក​ដឹកទំនិញ ទៅជា​ទូក​ដឹក​អ្នកទេសចរ​វិញ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​កណ្តាល​ថ្ងៃ​ក្តៅហែង​ក្នុង​រដូវប្រាំង​នេះ នៅក្បែរ​សាលាឃុំ​កំពង់​ភ្លុក ប្តី​ប្រពន្ធ​ពីរ​នាក់ កំពុង​ញាប់ដៃ​ញាប់ជើង បិត​ពរទូក​ចាស់​មួយ បន្ទាប់ពី​បាន​ជួសជុល និង​កែច្នៃ​តម្រូវ​តាម​ស្តង់ដា​ទូក​ដឹក​ភ្ញៀវទេសចរ រួចស្រេច​បាច់​ហើយ​នោះ​។ ដើមឡើយ​ទូក​នេះ ជា​ទូក​របស់​ឈ្មួញ​រកស៊ី​ដឹក​ត្រី​នៅ​ខេត្តបាត់ដំបង​។ តែ​ដោយ​តម្រូវការ​ទូក​ដឹក​ភ្ញៀវទេសចរ​ជា​ប្រភេទ​ទូក​ឈើ ទើប​ពួកគេ​សម្រេចចិត្ត​ទិញយក​មក​ជួសជុល និង​កែច្នៃ​។​
 
​ប៊ើ ឈិ​ញ កំពុង​បិទ​ពរទូក ដែល​កែច្នៃ​ពី​ទូក​ដឹកទំនិញ ទៅជា​ទូក​ដឹក​អ្នកទេសចរ​វិញ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ប៊ើ ឈិ​ញ អាយុ ២៩​ឆ្នាំ ជា​ប្រពន្ធ​របស់ សាន លាស់ អាយុ ៣២​ឆ្នាំ បាន​ប្រាប់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ឲ្យ​ដឹងថា​៖ «​ទូក​នេះ ខ្ញុំ​បាន​ទិញ​ពី​ឈ្មួញ​រកស៊ី​ដឹក​ត្រី នៅ​ខេត្តបាត់ដំបង ក្នុងតម្លៃ​សរុប​ទាំង​ថ្លៃ​ដឹកជញ្ជូន​មកដល់​ទីនេះ​ផង ៤២០​ដុល្លា​»​។ 
 
​រវាងទូក​សម្រាប់​ដឹក​អ្នកទេសចរ និង​ទូក​នេសាទ ឬ​ដឹកទំនិញ មាន​លក្ខណៈ​ខុសគ្នា​។ ទូក​ដឹកទំនិញ មាន​ក្បាល​ខ្ពស់ជាង​កន្សៃ ប្រយោជន៍​ដើម្បី​ឈ្នះ​រលក​ធំៗ នៅពេល​គេ​រត់​ក្នុង​បឹង​ទន្លេសាប​។ ដូច្នេះ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង​ទូក​សម្រាប់​ដឹក​អ្នកទេសចរ គេ​ត្រូវ​ចំណាយ​ប្រាក់​បន្ថែមទៀត​ដើម្បី​ធ្វើការ​កែច្នៃ​វា​។  
 
«​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា នឹងត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទៀត​ទេ ទើប​រួចរាល់​នោះ​។ វា​ជា​ទូក​សម្រាប់​ដឹកទំនិញ​រត់​ក្នុង​បឹង​ទន្លេសាប គេ​ធ្វើ​ក្បាល​វា​ងើប​ឲ្យ​ខ្ពស់ជាង​កន្សៃ (​ហោះ​មុខ​)»​។ ប៊ើ ឈិ​ញ បញ្ជាក់បន្ថែម​។​
 
​ទោះយ៉ាងណា ចំណូល​ពី​វិស័យ​ទេសចរណ៍ ហាក់​ប្រសើរ​ជាង​ចំណូល​បានមក​ការនេសាទ​ឆ្ងាយ​ណាស់​។ គ្រួសារ សាន លាស់ និង​ប៊ើ ឈិ​ញ មាន​ទូក​ពីរ​ប្រភេទ គឺ​ទូក​ស្មាច់ សម្រាប់​ការងារ​នេសាទ​ត្រី និង​ទូក​ឈើ សម្រាប់​ដឹក​ភ្ញៀវទេសចរ​។ 
 
​បើ​យោងតាម​សម្តី សាន លាស់ ដែលមាន​បទ​ពី​សោធន៍​ជា​អ្នក​ដឹក​ភ្ញៀវទេសចរ​ផង និង​ជា​អ្នកនេសាទ​ផងដែរ​នោះ បាន​ឲ្យ​ដឹងថា​៖ « ការរត់​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ល្អ​ជាង ចេញទៅ​នេសាទ ព្រោះ​វា​ចំណាយ​ដើមទុន និង​កម្លាំង​តិច មិន​ខ្លាច​ជួប​រលក​ធំៗ ឬ​ជួប​ខ្យល់ព្យុះ ដូច​ចេញទៅ​នេសាទ​ឡើយ​»​។​
 
​មាន​អ្នកភូមិ​មួយចំនួន បាន​បោះបង់ចោល​របរ​នេសាទ​ទាំងស្រុង មក​ចាប់យក​របរ​ដឹក​ភ្ញៀវទេសចរ ឬ​ប្រក​បរបរ​ផ្សេង​វិញ​។ ការផ្លាស់ប្តូរ​មុខរបរ​នេះ ក៏​ជាស​ញ្ញា​ល្អ​មួយ សម្រាប់​មច្ឆជាតិ ព្រមទាំង​បរិស្ថាន​នៅក្នុង​ភូមិ និង​ការបណ្តុះ​គំនិត ឲ្យ​ចេះ​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ទាំង​នៅក្នុង​ភូមិ និង​នៅក្នុង​បឹង​ទន្លេសាប​ផងដែរ​។ បរិស្ថាន​ក្នុងភូមិ​ស្អាត រក្សា​ព្រៃ​លិច​ទឹក​គង់វង្ស ជា​កម្លាំងចលករ​មួយ​ដ៏​ធំ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅទីនេះ​។ 
 
​ប៉ុន្តែ សញ្ញា​អវិជ្ជមាន​វិញ​នោះ​គឺ​បាន​បង្ហាញថា បរិស្ថាន​ក្នុង​បឹង​ទន្លេសាប បួ​ក​រួមទាំង​ព្រៃ​លិច​ទឹក បាន​បាត់បង់ រិច​រិល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​បណ្តាល​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ​ថយចុះ ធ្វើ​ឲ្យ​ការនេសាទ​មិនសូវ​បាន​ផល ទើប​ធ្វើ​ឲ្យ​ពួកគាត់​ផ្លាស់ប្តូរ​មុខរបរ​យ៉ាងនេះ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com