អន្តរជាតិ
តើ​គេ​វាស់​ជម្រៅ​បាតសមុទ្រ​ដោយ​វិធី​ណា​?
16, Mar 2019 , 8:29 pm        
រូបភាព
​សមុទ្រ​គឺ​នៅតែ​ជា​កន្លែង​មួយ​ដែល​សំបូរ​ទៅដោយ​អាថ៌កំបាំង ដែលមាន​ដូចជា​ប្រភេទ​សត្វ​ដែល​យើង​មិនបាន​ដឹង សណ្ឋាន​ដី​ដ៏​ស្មុកស្មាញ និង​កំណប់​បុរាណៗ​ជាច្រើន​ទៀត​ដែល​បាន​លិច​ជាមួយ​កប៉ាល់ ឬ​នាវា​។ វា​ជាទី​ងងឹត​ដែល​ពន្លឺ​មិនអាច​ចូលទៅ​ដល់​។ សម្ពាធ​កើនឡើង​កាន់តែខ្លាំង នៅពេលដែល​វា​មាន​ជម្រៅ​កាន់តែ​ជ្រៅ​។​

 
​តំបន់​ដែល​ជ្រៅ​ជាងគេ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Mariana Trench មាន​ទីតាំង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងកើត ប្រទេស​ហ្វីលីពីន​។ Mariana Trench មាន​ជម្រៅ​ប្រមាណ ១១០៤៣ ម៉ែត្រ ពោលគឺ​១១​គីឡូម៉ែត្រ​ចុះទៅ​ក្រោម​។ 
 
​ទិន្នន័យ​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ និង​មនុស្ស​ទូទៅ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ តែ​អ្នក​ដែល​ដឹង​ទេ​ថា តើ​គេ​ទាញយក​ទិន្នន័យ​ទាំងនោះ​បាន​ដោយ​វិធីសាស្ត្រ​ណា​? គេហទំព័រ Britannica.com បាន​ពន្យល់​យ៉ាង​ងាយ​ថា គេ​ទទួលបាន​ទិន្នន័យ​ទាំងនេះ​ដោយ​ប្រើប្រាស់​សំឡេង​។ 
 
​រលក​សំឡេង​ដែល​គេ​បញ្ជូន​តាម​ឧបករណ៍​ពិសេស​មួយ​ហៅថា Depth Finder ឬ Echo sounder ។ គេ​បំពាក់​ឧបករណ៍​ទាំងនោះ​នៅតាម​នាវា​ស្រាវជ្រាវ​។ គេ​ប្រើប្រាស់​វា​ដោយ​បញ្ជូន​រលក​សំឡេង​ពី​ខាងលើ​ចុះទៅ​ក្រោម ដោយ​ឆ្លងកាត់​ជម្រៅ​សមុទ្រ​។​
 
 រួច​គេ​រង់ចាំ​រលក​សម្លេង​នោះ​ត្រលប់​មកវិញ​នៅពេលដែល​វា​ផ្លាត​ជាមួយនឹង​ផ្ទៃ​បាតសមុទ្រ​។ គេ​ដឹងថា​សម្លេង​ដាល​ក្នុង​ល្បឿន ៣៤៣​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ដោយ​កំណត់​រយៈពេល​ដែល​វា​ប្រើប្រាស់​ដើម្បី​ផ្លាត​មកវិញ និង​ដឹង​ល្បឿន​របស់​វា គេ​អាច​គណនា​រក​ជម្រៅ​រប​ស់​សមុទ្រ​បាន​។ គេ​ប្រើប្រាស់​វា​ដំបូង​គេ​ក្នុង​ឆ្នាំ​១៩១៩ ដោយ​នាវា​ទាហាន​របស់​សហរដ្ឋអាមេរិក​៕
 
 

Tag:
 សមុទ្រ​
  ជម្រៅ​
© រក្សាសិទ្ធិដោយ thmeythmey.com