ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការរកឃើញ​ដើម​ធ្លក​នៅ​បាត​ប្រាសាទភិមានអាកាស​បញ្ជាក់​ថា​រឿងព្រេង​នគរ​គោកធ្លក​មានកំណើត​នៅ​តំបន់​អង្គរ​
16, Mar 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ដែល​អ្នកស្រាវជ្រាវ​ជន​ជាតិ​បារាំង និង​ខ្មែរ បានធ្វើ​កំណាយ​ស្រាយ​ជ្រាវ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទភិមានអាកាស ដែលជា​អតីត​ព្រះបរមរាជវាំង​នៅ​ក្រុង​អង្គរធំ​។ ការស្រាវជ្រាវ​នោះ បាន​រកឃើញ​វត្តមាន​ដើម​ធ្លក​ដែល​ត្រូវបាន​គេ​បញ្ចុះ​នៅ​បាត​គ្រឹះ​ប្រាសាទ និង​ទិន្នន័យ​សំខាន់ៗ​ជាច្រើន​ទៀត​។ ចំណុច​នេះ បានឱ្យ​អ្នកស្រាវជ្រាវ​កាន់តែ​ជឿជាក់ថា ទំនៀម​ដើម​ធ្លក​នេះ​ពិត​ជាមាន​ទំនាក់ទំនង​ទៅនឹង​រឿងព្រេង​និទាន «​នគរ​គោកធ្លក​» ហើយ​រឿងនេះ​ពិតជា​កើត​នៅ​តំបន់​អង្គរ​ពិតប្រាកដ​មែន​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​


 
 
​គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា MoDaThom (​ម៉ូ​ដា​ធំ​) របស់​វិទ្យាស្ថាន​សាលា​បារាំង​ចុង​បូព៌ា (EFEO) ដែល​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ស្រាវជ្រាវ​នៅក្នុង​បរិវេណ​អតីត​ព្រះបរមរាជវាំង​អង្គរធំ​អស់​រយៈកាល​ជិត​២០​ឆ្នាំ​មកហើយ​។ កម្មវិធី​ស្រាវជ្រាវ​ឆ្នាំ​២០១៩​នេះ កំណាយ​បុរាណវិទ្យា​កំពុង​បន្ត​ផ្នែក​ខាងត្បូង ខាងជើង និង​ខាងលិច​ជុំវិញ​ក្បែរ​គ្រឹះ​ប្រាសាទភិមានអាកាស​។ ការងារ​នេះ​នឹងមាន​ទិន្នន័យ​ថ្មី​បន្ថែម និង​បញ្ជាក់​ទៅលើ​ព័ត៌មាន​ដែល​បាន​រកឃើញ​កាលពី​ឆ្នាំមុនៗ​។ ការងារ​បុរាណវិទ្យា និង​ការវិភាគ​វិទ្យាសាស្ត្រ ទទួលបាន​លទ្ធផល​ជា​បណ្តើ​រថា ព្រះបរមរាជវាំង​បាន​ស្ថាបនា​ជា​១០​ដំណាក់កាល​ផ្សេងៗ​គ្នា នៅក្នុង​សម័យកាល​៣​ធំៗ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ក្នុងចំណោម​សំណល់​បុរាណវត្ថុ​សំខាន់ៗ​ដែល​ប្រទះឃើញ ក៏មាន​ភស្តុតាង​មួយ​ដែល​អ្នកស្រាវជ្រាវ​ភ្ញាក់ផ្អើល​ខ្លាំង មិនដែល​ជួបប្រទះ​នោះ គឺ​ឃើញ​ដើម​ធ្លក​កប់​ពីក្រោម​នៃ​ប្រាសាទភិមានអាកាស​។ 


 
​តើ​ដើម​ធ្លក​ដែល​កប់​នៅ​បាត​ប្រាសាទ មាន​អ្វី​សំខាន់​ទាក់ទង​នឹង​រឿងនិទាន​អំពី​កំណកំណើត​នៃ​ប្រទេស​ខ្មែរ​?
​លទ្ធផល​ដែល​អស្ចារ្យ​នោះ គឺ​រឿងព្រេង​នគរ​គោកធ្លក​ដែល​លេចឮ​នៅ​សតវត្ស​ទី​១៩ ពិតជា​មានកំណើត​នៅ​អង្គរ ពោល​គឺមាន​ទាក់ទង​នឹង​ភិ​មាន​អាកាស ត្បិត​ដើម​ធ្លក​និង​គ្រាប់​ធ្លក​បាន​ប្រទះឃើញ​នៅ​បាត​ប្រាសាទ​នេះ​តែម្ដង​។ លោក Jacques Gaucher (​ហ្សា​ក់ ហ្គូ​សេ​) ប្រធាន​គម្រោង​ស្រាវជ្រាវ MoDaThom (​ម៉ូ​ដា​ធំ​) បានឱ្យដឹង​តាមរយៈ​ការ​ប្រែ​សម្រួល​ដោយ​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា ការស្រាវជ្រាវ​ជិត​២០​ឆ្នាំ​មកនេះ នាំ​ឱ្យដឹង​កាន់តែច្បាស់​ថា ក្នុង​អតីត​ព្រះបរមរាជវាំង​នេះ ប្រហែល​មានកំណើត​រៀបចំ​តាំង​ពីស​.​វ​ទី​៩ ហើយ​បន្ត​ប្រើប្រាស់​រហូតដល់​ស​.​វ​ទី​១៦​។ លើសពីនេះ​ទៀត តាមរយៈ​ភស្តុតាង​រកឃើញ​ក្នុង​រណ្តៅ​កំណាយ គេ​ក៏​អាច​ស្មាន​បាន​ថា អាគារ​វាំង​ដំបូង​ទី​សង់​ពី​ឈើ​ប្រក់​ក្បឿង និង​មានការ​រៀបចំ​ជា​បន្ត​បន្ទាប់ពី​អង្គ​ក្សត្រ​មួយ​ទៅ​អង្គ​ក្សត្រ​មួយទៀត​។​
 
​ភស្ដុតាង​សំខាន់​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​ទិន្នន័យ​បញ្ជាក់​ពី​រឿងព្រេង​ទាក់ទង​នឹង​ព្រះថោង និង​នាងនាគ គឺ​ការរកឃើញ​ដើម​ធ្លក និង​គ្រាប់​ធ្លក ដែល​បាន​បញ្ចុះ​នៅ​បាត​ប្រាសាទភិមានអាកាស​។ នេះ​ជា​ទិន្នន័យ​ថ្មី និង​ជា​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​សិក្សា​ពី​ប្រវត្តិ​កំណកំណើត​នៃ​រឿងព្រេង​នគរ​គោកធ្លក ដែល​ខ្មែរ​បាន​និទាន​ត​គ្នា​តាំងពី​.​វ​ទី​១៩​គ​.​សមក​។ ចំពោះ​លោក Jacques Gaucher (​ហ្សា​ក់ ហ្គូ​សេ​) ភស្ដុតាង​នេះ​គឺជា​ទម្ងន់​មួយ​បញ្ជាក់ថា ប្រវត្តិ​នគរ​គោកធ្លក​ប្រហែលជា​មានកំណើត​នៅ​តំបន់​អង្គរ​នេះ​មែន​។​
 


​ករណី​នេះដែរ លោក ហ្សា​ក់ ហ្គូ​សេ ពន្យល់​បន្ថែមទៀតថា ការស្រាវជ្រាវ​នាពេល​កន្លងមក​ដែល​រកឃើញ​ដើម​ធ្លក​នេះ គឺ​មិនមាន​គ្រប់​ប្រាសាទ​ទេ ប្រហែល​មានតែ​ករណី​ប្រាសាទភិមានអាកាស​នេះ​តែប៉ុណ្ណោះ​។ លោក​ថា ដើម​ធ្លក មាន​សារសំខាន់ ហើយ​វា​ជាការ​រកឃើញ​តែមួយ​ស​ម្រា​ប់​ព្រះបរមរាជវាំង ហើយ​ជិត​នោះ​មាន​វត្ត​នគរ​គោកធ្លក ដូច្នេះ​វា​ឆ្លើយតប​ទៅតាម​រយៈ​ទីតាំង​ពិត​ដែល​រកឃើញ​នេះ​។ 
 

 
​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រំលឹកថា​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៃ​ការរកឃើញ​ដើម​ធ្លក​នេះ លោក​សាស្ត្រាចារ្យ អាំង ជូ​លាន នរ​វិទូ នៃ​អាជ្ញាធរ​អប្សរា និង​បង្រៀន​នៅ​មហា​វិទ្យា​បុរាណវិទ្យា បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​នរវិទ្យា​និង​ប្រវត្តិសាស្ត្រ​ជាច្រើន​ឆ្នាំ​នៅ​អង្គរ បាន​ប្រទះឃើញ​ភស្តុតាង​ជាច្រើន ដែល​ទាក់ទង​នឹង​រឿង​នគរ​គោកធ្លក​នេះ​។ លោក​បាន​ផ្សព្វផ្សាយ​ការរកឃើញ​នោះ​កន្លងមក​ដែរ ដោយ​ផ្អែកលើ​ទិន្នន័យ​នរវិទ្យា​និង​ប្រវត្តិសាស្ត្រ​។ បន្តបន្ទាប់​មកទៀត លោក Jacque Gaucher បាន​ប្រាស្រ័យ​គ្នា​ជាមួយ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ផ្លាស់ប្តូរ​និង​ពិភាក្សាគ្នា​អំពី​ទិន្នន័យ​បានមកពី​ការស្រាវជ្រាវ​នៃ​វិជ្ជា​ទាំងពីរ​នេះ ទាក់ទង​នឹង​ដើម​ធ្លក​នៅ​បាត​ប្រាសាទភិមានអាកាស​។ ដូច្នេះ​ភស្តុតាង​នៃ​វិជ្ជា​ទាំង​នរវិទ្យា​និង​បុរាណវិទ្យា មាន​ទិន្នន័យ​ដូចគ្នា ដែលជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​ថា រឿងព្រេង​ព្រះថោង​និង​នាងនាគ ឬក៏​ថា​រឿង​នគរ​គោកធ្លក ដែលជា​រឿង​កំណើត​នៃ​ពង្ស​ខ្មែរ មានកំណើត​នៅ​អង្គរធំ ។​
 

 
​ក្រៅពីនេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ពី​ការវិវត្តន៍​នៃ​ការរៀបចំ​ក្នុង​ក្រុង​អង្គរធំ​ផងដែរ​។ ដំបូង​ឡើយ ស្ទឹង​សៀមរាប​រត់​នៅ​ខាងកើត​ព្រះបរមរាជវាំង បន្ទាប់មក​ក៏មាន​ការ​លុប និង​កែសម្រួល​លើក​ទៅខាង​កើត​វិញ​។ ក្នុងនោះដែរ គេ​ក៏​ប្រទះឃើញ​ពី​ទ្រង់ទ្រាយ និង​បច្ចេកទេស​នៃ​ការសាងសង់​អាគារ​នៅក្នុង​ព្រះបរមរាជវាំង​ដែល​ធ្វើ​ពី​ឈើ មាន​ប្រក់​ក្បឿង ហើយ​ប្រហែលជា​ស្ថាបត្យកម្ម​ដែល​ល្អ​ឯក និង​មាន​បច្ចេកទេស​ខ្ពស់​។​
 

  
​បច្ចុប្បន្ននេះ វិទ្យាស្ថាន​សាលា​បារាំង​ចុង​បូព៌ា កំពុង​ធ្វើ​កំណាយ​បន្ត​នៅ​ជុំវិញ​ប្រាសាទភិមានអាកាស ព្រមទាំង​កំពែង​វាំង​ជិត​ខ្លោងទ្វារ​ចូល​ខាង​ឥសាន​។ កំណាយ​នេះ​ត្រូវ​លោក ហ្សា​ក់ ហ្គូ​សេ ពន្យល់ថា ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​រួមមាន ដើម្បី​ចងក្រង​ព័ត៌មាន និង​ទិន្នន័យ​ផ្សេងៗ​អំពី​រចនាសម្ព័ន្ធ​ព្រះបរមរាជវាំង  ទំនាក់ទំនង​រវាង​កំពែង និង​ប្រាសាទភិមានអាកាស ការរៀបចំ​កសាង​ព្រះបរមរាជវាំង​បុរាណ​តាម​ដំណាក់កាល​នីមួយៗ និង​កសាង​រូបភាព 3D សម្រាប់​បង្ហាញ​សាធារណៈ​ទៅតាម​កាលសម័យ​នីមួយៗ​។​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com