ជាតិ
សង្គមជាតិ
កម្ពុជា ត្រូវការអគ្គិសនី២០០មេហ្កាវ៉ាត់ ពីឡាវ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក រូបភាពពីអគ្គិសនីកម្ពុជា ១
× ភ្នំពេញ៖ ខណៈកម្ពុជាជិតបញ្ចប់ការកសាងរោងចក្រដើរដោយធ្បូងថ្ម និងរោងចក្រដើរដោយព្រះអាទិត្យ កម្ពុជាត្រូវការអគ្គិសនី២០០មេហ្គាវ៉ាត់បន្ថែមទៀតពីឡាវ ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់អគ្គិសនីឲ្យបានគ្រប់ទីតំបន់នៅទូទាំងប្រទេសកម្ពុជា។ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងទិញអគ្គិសនីបន្ថែមទៀតពីភាគីឡាវ នៅថ្ងៃទី១៤ ខែមីនានេះរួចហើយ សម្រាប់បំពេញតម្រូវការក្នុងស្រុកឲ្យបានគ្រប់តំបន់រស់នៅរបស់ពលរដ្ឋ។
លោក កែវ រតនៈ កត់សម្គាល់ថា កម្ពុជាកំពុងតែមានកំណើនអ្នកប្រើប្រាស់ច្រើនពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងឆាប់រហ័ស។ លោក កែវ រតនៈ បានបញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្នក្រុមការងាររាជរដ្ឋាភិបាលកំពុងចរចាគម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូនថ្មីបន្ថែមទៀត ខណៈដែលអគ្គិសនីកម្ពុជា បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ និងវៀតណាមផងដែរ»។
ក្នុងជំនួបរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ នៅឆ្នាំ២០១៨កន្លងទៅ ឡាវបានសម្រេចឲ្យកម្ពុជាទិញអគ្គិសនីមកផ្គត់ផ្គង់តាមព្រំដែន និងតភ្ជាប់ស្ពានរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រទេសទាំងពីរ នឹងតភ្ជាប់ស្ពាន ពីភាគខាងជើងនៃខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដើម្បីផ្តល់ឱកាសឲ្យប្រជាជនប្រទេសទាំងសងខាង ងាយស្រួលក្នុងការធ្វើដំណើរ។
រដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។ នេះបើតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា តម្លៃអគ្គិសនីត្រូវបានរដ្ឋាភិបាលកម្ពុជា បញ្ចុះពី៤៨០រៀលនៅឆ្នាំ២០១៨ មកនៅត្រឹម៣៨០ រៀល និងឆ្នាំ២០១៩ សម្រាប់លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និងការប្រើប្រាស់ចាប់ពី១១ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៕
Tag:
អគ្គិសនី
កម្ពុជា
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com