ជាតិ
បំពុល​ខ្យល់​អាចជា​កត្តា​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​មួម៉ៅ​
17, Mar 2019 , 9:29 am        
រូបភាព
​កន្លងមក វា​មានការ​យល់ឃើញថា កាលណា​សេដ្ឋកិច្ច​រីកចម្រើន​ឡើង អារម្មណ៍ និង​ចិត្ត​របស់​មនុស្ស​នឹងមាន​ភាពសប្បាយ​រីករាយ​តាម​នោះដែរ​។ ប៉ុន្តែ​ផ្ទុយទៅវិញ ពេល​សន្ទុះ​សេដ្ឋកិច្ច​កើន និង​មានការ​អភិវឌ្ឍ​ខ្លាំង​នោះ បរិស្ថាន​ធម្មជាតិ ខ្យល់អាកាស​បរិសុទ្ធ និង​ភាពស្ងប់ស្ងាត់ ក៏​ចាប់ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ​។ ក្នុងនោះ​មានការ​បំពុលបរិយាកាស​។ 
 
​ការផ្លាស់ប្តូរ​ក្នុង​បរិយាកាស​ជាពិសេស​រស់នៅ​ក៏​អាចជា​កត្តា​មួយ​ដែលមាន​ឥទ្ធិពល​លើ​អារម្មណ៍​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ផងដែរ​។ បើ​យោងតាម​ទិន្នន័យ​របស់​អង្ក​ការ​សុខភាព​ពិភពលោក (WHO) ជា​មធ្យម​មាន​ប្រជាជន​ប្រមាណ​៧​លាន​ក្នុង​ពិភពលោក​បាន​ស្លាប់​ដោយសារ​ផលប៉ះពាល់​ពី​ការបំពុល​ខ្យល់​ជា​រៀងរាល់ឆ្នាំ​។​
 
​នៅក្នុង​នោះ ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទទួល​ការរង​គ្រោះ​ខ្លាំងជាងគេ ដែល​ក្នុង​មួយឆ្នាំៗ​មាន​អ្នកស្លាប់​ប្រមាណ ២​លាន​នាក់​។ ជំងឺ​ភាគច្រើន​ដែល​កើតឡើង​ដោយសារ​ការបំពុល​ខ្យល់​មានដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ទៀត​ដែល​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ផ្លូវដង្ហើម​។ 
 
​ការសិក្សា​ជាច្រើន​បានធ្វើ​ឡើង​ក្នុង​គោលដៅ​ពិនិត្យមើល​អារម្មណ៍​របស់​មនុស្ស ជាមួយនឹង​ការបំពុល​ខ្យល់អាកាស​។ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ គេ​បាន​សិក្សា​លើ​ប្រជាជន​ប្រមាណ​ជា​៣​ម៉ឺន​នាក់​ដែល​រស់​នៅក្បែ​ស្ថានីយ៍​ផលិត​អគ្គីសនី​មួយ​។ 
 
​នៅពេលដែល​ស្ថានីយ​ផលិត​អគ្គីសនី​នោះបាន​ផ្លាស់ប្តូរ និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​ដោយ​ការប្រើប្រាស់​បច្ចេកទេស​ពិសេស គេ​សង្កេតឃើញថា អារម្មណ៍​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​មាន​សភាព​ប្រសើរ​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់​។​
 
 ការសិក្សា​មួយទៀត​នៅក្នុង​ប្រទេស​ចិន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាជនមាន​អារម្មណ៍​មិនសូវ​ល្អ​ក្នុងពេល​ថ្ងៃ ជាពិសេស​នៅពេលដែល​ការបំពុល​ខ្យល់អាកាស​ដោយ​យានយន្ត​មាន​កម្រិត​ខ្លាំង​។ ការសិក្សា​មួយ​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម Weibo ស្រដៀង​គ្នា​នឹង Twitter ដែរ ក្នុងការ​ចាប់យក​ទិន្នន័យ​បង្ហោះ​ដោយ​ប្រជាជន​ដែល​រស់នៅក្នុង​១៤៤ ទីក្រុង ក្នុងប្រទេស​ចិន​ទាំងមូល​ផង​៕ 

Tag:
 ការបំពុល​ខ្យល់​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com