សង្គមអន្តរជាតិ​
អន្តរជាតិ
តារា​បង្ហាញ​ម៉ូត​អាមេរិក​ម្នាក់​រង​ការ​គំរាម​សម្លាប់​ដោយសារតែ​រោមចិញ្ចើម​
16, Mar 2019 , 9:29 pm        
រូបភាព
ដោយ: ធីតា
Sophia Hadjipanteli បាន​ក្លាយជា​ជនរងគ្រោះ​នៅលើ​បណ្តាញ​សង្គម ដោយសារតែ​នាង មិន​ព្រម​កោរ​រោម (monobrow) ដែល​ភ្ជាប់​ចិញ្ចើម​ទាំងពីរ​របស់ខ្លួន​។ តារា​បង្ហាញ​ម៉ូត​អាមេរិក​រូបនេះ បាន​អះអាងថា នាង​ទទួលបាន​សារ​ជាច្រើន​ដែល​គំរាម​សម្លាប់​នាង​។​

 
​អាយុ​២២​ឆ្នាំ នាង Hadjipanteli ដែលមាន​កំណើត​ដើម​ស៊ី​ប គឺជា​អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ដ៏​ល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម Instagram ដោយ​នាង​មាន Followers ជាង​៣​សែន​។ មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​លើ​ការតុបតែង​ដ៏​ប្លែក​របស់​នាង ពោលគឺ​ការ​ទុក​រោម​នៅ​ចន្លោះ​ចិញ្ចើម (monobrow) របស់ខ្លួន​។​
 



​ទោះបីជា​យ៉ាងណាក៏ដោយ សិល្បៈ​តុបតែង​ខ្លួន​របស់ Hadjipanteli ដែលមាន​រហស្សនាម​ថា «Veronika» ក៏​មិន​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​មនុស្ស​គ្រប់រូប​នោះដែរ ជាពិសេស​ក្នុងចំណោម followers របស់​នាង​។ នា​បទ​សម្ភាស​មួយ​នៅ​កម្មវិធី Good Morning Britain ក្នុងប្រទេស​អង់គ្លេស នាង​បាន​អះអាង​ពី​ការ​ឆ្ពោះទៅមុខ​របស់​នាង បើទោះបីជា​មានការ​គំរាម​សម្លាប់​នាង​យ៉ាងណាក្តី​។​


 
«​ខ្ញុំ​តែងតែ​ទទួលបាន​នូវ​ប្រតិកម្ម​អវិជ្ជមាន​ជាច្រើន​។ ខ្ញុំ​អង្គុយ​នៅទីនេះ ដោយ​មិនអាច​និយាយ​អ្នកគាំទ្រ​សុទ្ធតែ​វិជ្ជមាន​ទាំងអស់​នោះឡើយ​។ មិនមាន​ឡើយ​ករណីនេះ ដោយ​ភាគច្រើន គឺ​អវិជ្ជមាន​»​។ នេះ​ជាការ​រៀបរាប់​របស់​តារា​បង្ហាញ​ម៉ូត​អាមេរិក​ដើមកំណើត​ស៊ី​ប​។​
 
​ទោះបីជា​មនុស្ស​មួយចំនួន​មិន​ពេញ​ចិត្តនឹង​រោមចិញ្ចើម​របស់ខ្លួន តែ​នាង Hadjipanteli អះអាងថា នាង​នូវតែ​ប្រឹង​តស៊ូ​ប្រកបដោយ​ភាព​វិជ្ជមាន ដោយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​ភាពខ្លាំង​នូវ​ចំណុច​ផ្សេងៗ​ទៀត​។ នាង​លើកឡើងថា​៖ «​នៅពេលដែល​គេ​ប្រាប់​យើង​ពី​ការមិន​ពេញចិត្ត​អ្វីមួយ​លើ​រាងកាយ​របស់​យើង ពិតជា​អាច​ទទួលយកបាន ប៉ុន្តែ​មិនអាច​ទទួលយក​បានឡើយ​ចំពោះ​ការគំរាមកំហែង​អាយុជីវិត​»​។ 
 
​មាន​ប្រ​វ​តិ្ត​រស់នៅ​ក្រុង​ឡុង​ដ៍ និង​សហរដ្ឋអាមេរិក ហើយ​កាលពី​ឆ្នាំ​២០១៤ Hadjipanteli បាន​ចាប់អារម្មណ៍​នឹង​ការតុបតែង​រោមចិញ្ចើម​របស់ខ្លួន បន្ទាប់មក​នាង​ក៏​សម្រេចចិត្ត​ធ្វើ​អ្វី​ទៅតាម​ធម្មជាតិ​របស់ខ្លួន​។​
 
​លោក Piers Morgan ពិធីករ​នៃ​កម្មវិធី Good Morning Britain បាន​និយាយ​ការពារ​ចំពោះ​ការតុបតែង​របស់​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​មួយ​នេះ ដោយ​លោក​អះអាងថា ជាការ​ទាក់ទាញ​ដ៏​ចម្លែក​មួយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com