ជាតិ
សេដ្ឋកិច្ច
សហគ្រាស​នៅ​កម្ពុជា​បាន​ចំណាយ​ប្រាក់​ឈ្នួល​លើក​ម្មករ​ជិត​៥​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​
17, Mar 2019 , 9:59 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ កំពុងថ្លែងរបាយការណ៍ការងារស្តីពីប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី១២ មីនា ឆ្នាំ២០១៩ នៅខេត្តកោះកុង​
លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ កំពុងថ្លែងរបាយការណ៍ការងារស្តីពីប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី១២ មីនា ឆ្នាំ២០១៩ នៅខេត្តកោះកុង​
​ភ្នំពេញ​៖  សហគ្រាស​-​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ជិត ១,៣​ម៉ឺន​ស្ថាប័ន ដែលមាន​កម្មករ​ប្រហែល​១,៥​លាន​នាក់ ជាមួយ​ប្រាក់​ឈ្មួ​ល​៤,៨០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ថ្លែង​ក្នុង​ពិធី​ចុះ​ជួប​កម្មករ​រោងចក្រ នៅ​ខេត្តកោះកុង ថ្ងៃទី​១៣​មីនា​។

 
​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្តថា ក្នុង​សហគ្រាស និង​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នេះ មាន​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប​មានកម្ម​ករ​ជាង​៨៤​ម៉ឺន​នាក់ ដែលមាន​ប្រាក់​ឈ្មួ​ល​២,៨០០​លាន​ដុ​លា្ល​រ ក្នុង​មួយឆ្នាំ​។ ទន្ទឹមគ្នា​នោះដែរ កម្លាំង​ពលកម្ម​សរុប​ចំនួន ៩៩,៣​ភាគរយ មានការ​ងារ​ធ្វើ​។​
 
​ដោយឡែក​សហគ្រាស គ្រឹះស្ថាន​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ជិត​៦​សែន ដែលមាន​កម្មករ​ជិត​២,៤​លាន​នាក់​។ វិស័យ​កសិកម្ម​ជាង​៤​លាន​នាក់ ពលករ​ដែល​កំពុងធ្វើកា​រ​នៅក្រៅ​ប្រទេស​មាន​ជាង​១,២​លាន​នាក់ និង​មន្ត្រី​សាធារណៈ​មាន​៥០​ម៉ឺន​នាក់​។ 
 
​កាល​ឆ្នាំ​២០១៧ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ជាង​៣​ម៉ឺន​គ្រឹះស្ថាន ដោយបាន​ស្រូបយក​កម្លាំង​ពលកម្ម​នៅ​កម្ពុជា សរុប​ចំនួន ជិត​២​លាន​នាក់​។ ក្នុងនោះ​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ មាន​ចំនួន ១២ ២៨៧​គ្រឹះស្ថាន បាន​កើនឡើង​ជាង ១០​ភាគរយ ហើយ​បាន​ស្រូបយក​កម្លាំង​ពលកម្ម ដែលជា​កម្មករ​និង​និយោជិត​សរុប​ចំនួន ១ ៤៣៧ ៧៩៥​នាក់ កើនឡើង​២១​ភាគរយ ដោយបាន​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕  

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  កម្មករ​
 ​កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com