កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចូលរួមបើកពិធីបុណ្យទន្លេនៅកំពង់ឆ្នាំងល្ងាចនេះ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមបើកព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ «ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ជាប្រធានបទនៃបុណ្យទន្លេនៅឆ្នាំនេះ។ ថ្នាក់ដឹកនាំរំពឹងថា ក្នុងរយៈពេល៣ថ្ងៃនឹងអាចទាក់ទាញភ្ញៀវទេសចរ រាប់ម៉ឺននាក់ ឲ្យមកទស្សនាបុណ្យទន្លេខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យទន្លេរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងផលិតផលសក្តានុពលរបស់ខេត្តនៅជាប់ដងទន្លេមេគង្គ ទន្លេបាសាក់និងទន្លេសាប។ ការអប់រំ និងបញ្ជ្រាបការយល់ដឹងពីរបៀបធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការថែរក្សាអនាម័យនិងបរិស្ថាន ក៏ជាគោលបំណងនៃព្រឹត្តិការណ៍នេះដែរ។
ពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ តែព្រឹត្តិការណ៍នេះនឹងរៀបចំបើកជាផ្លូវការនៅល្ងាចថ្ងៃទី១៦ ខែមីនានេះ ក្រោមវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន។ ពិធីបុណ្យទន្លេឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩។
ក្នុងរយៈពេល៣ថ្ងៃនេះ មានការតាំងស្តង់ពិព័រណ៍ផលិតជាតិ-អន្តរជាតិ ពិសេសផលិតផលសក្តានុពលរបស់ខេត្តកំពង់ឆ្នាំងនិងមកពីខេត្តនានា។ ហើយការក៏មានការតាំងបង្ហាញស្តង់ពិព័រណ៍មិទ្ធផលរបស់ក្រសួង ស្ថាប័នរដ្ឋជាច្រើនទៀតផងដែរ។ ក្រៅពីនេះមានការប្រគំតន្ត្រី សម្តែងសិល្បៈ របាំរបស់ក្រុមសិល្បៈករមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការដង្ហែក្បូនព្យុហយាត្រាពីផលិតផល និងវិស័យសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង។ ហើយក៏មានការដង្ហែក្បួនកីឡារបស់កីឡាករកីឡាការិនី ដែលចូលរួមប្រកួតនិងសម្តែងដើម្បីអបអរពិធីបុណ្យទន្លេផងដែរ។
បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានដាក់កីឡា១២ប្រភេទឲ្យចូលរួមប្រកួតនិងសម្តែងដើម្បីអបអរពិធីបុណ្យទន្លេនៅឆ្នាំនេះ។ កីឡាទាំងនោះរួមមានរត់កម្សាន្ត ប្រណាំងកង់ បាល់ទាត់ បាល់បោះ បាល់ទះ ចំបាប់បូរាណ ទាញព្រ័ត្រ វាយសី ប្រណាំងសេះ ប្រដាល់គុនខ្មែរ ប្រណាំងទូក និងល្បុក្កតោ។ ក្នុងចំណោមកីឡាទាំងនេះមានកីឡាមួយចំនួនបានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយកីឡាមួយចំនួនទៀតនឹងបញ្ចប់ការប្រកួតនៅថ្ងៃទី១៧ ខែមីនា។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះរំពឹងថា បុណ្យទន្លេឆ្នាំនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង១លាននាក់។ នេះជាលើកទី៥ ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះឡើង ខណៈលើកទី១(២០១៥)រៀបចំនៅខេត្តក្រចេះ, លើកទី២(២០១៦)ខេត្តកំពង់ចាម, លើកទី៣(២០១៧)ខេត្តស្ទឹងត្រែង និងលើកទី៤(២០១៨)ខេត្តកណ្តាល៕
Tag:
បុណ្យទន្លេ
វ៉ាត់ ចំរើន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com