កីឡាជាតិ
ជាតិ
ខេមបូឌានលីគ៖ ជ័យជម្នះបើកឆាកសម្រាប់បឹងកេត គិរីវង់ និងខេត្តកំពង់ចាម ក្រុមគិរីវង់សម្តែងការកោរពចំពោះសម្តេច សុខ អាន ដែលជាស្ថាបនិកក្លិប
× បឹងកេត គិរីវង់សុខសែនជ័យ និងខេត្តកំពង់ចាម ដណ្តើមបាន៣ពិន្ទុរៀងៗខ្លួននាជំនួបបើកឆាកសប្តាហ៍ទីមួយនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩។ ជើងឯករង បឹងកេតបានយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ៣-២ ដូចលទ្ធផលកាលពីរដូវកាលមុន បន្ទាប់ពីម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ យកឈ្នះសាលាបាល់ទាត់ជាតិបាទី ៤-១ រីឯខេត្តកំពង់ចាមដណ្តើមបាន៣ពិន្ទុពីម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ១-០។
នៅកីឡដ្ឋាន RSN ខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor រកបានគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះ ប៉ុន្តែខ្សែការពារ យ៉ើ សាហ្វី ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង ដែលនាំឲ្យមានលទ្ធផលស្មើ ១-១ នៅតង់ទីមួយ។ ឈានដល់តង់ទីពីរ ខ្សែប្រយុទ្ធអេស្ប៉ាញ Angel Carrascosa និង លី មីហ្សាន បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ជួយឲ្យបឹងកេតនាំមុខ ៣-១។ នៅ សុសិលា វាយបកតាមពីក្រោយមួយគ្រាប់សម្រាប់ភ្នំពេញក្រោនដែលនាំឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផល ៣-២។
នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ក្រុមម្ចាស់ផ្ទះ បានយកឈ្នះ យុវជនបាល់ទាត់បាទីក្នុងលទ្ធផល ៤-១ ។ ខ្សែប្រយុទ្ធម៉ាលី Coulibaly Souleymane រកបាន៣គ្រាប់នៅតង់ទីមួយ នៅនាទីទី៤, ៦ និង១២ ខណៈ សៀង ចន្ធា វាយបក១គ្រាប់ឲ្យយុវជនបាទី នៅនាទី ទី១៩។ ឈានដល់តង់ទីពីរ កីឡាករជប៉ុន Reiya Konishita បន្ថែមបាន១គ្រាប់ទៀតឲ្យគិរីវង់។
រីឯនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខេត្តកំពង់ចាមដែលក្រុមភ្ញៀវ បានយកឈ្នះ ១-០ ដែលជាការទាត់បាល់បញ្ចូលទីនៅនាទី៧៧ របស់កីឡាករ សារី តៃម៉ូ។ នេះជាជ័យជម្នះដ៏គួរឲ្យកត់សម្គាល់របស់ក្រុមចំណូលថ្មីខេត្តកំពង់ចាម ចំពោះការបង្ហាញខ្លួននៅក្របខណ្ឌកំពូល។
© រក្សាសិទ្ធិដោយ thmeythmey.com