ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការស្ដារ​ស្ទឹង​ព្រះ​ស្រុក​ប្រយោជន៍​សម្រាប់​ស្ដុក​ទឹក​នៅ​រដូវប្រាំង និង​បញ្ចៀស​ជំនន់​នៅ​ខែវស្សា​
17, Mar 2019 , 5:59 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាននិងកំពុង​ស្ដារ​ស្ទឹង​ព្រះ​ស្រុក ដែលមាន​ភូមិសាស្ដ្រ​នៅក្នុង​ស្រុក​ពួក​។ បច្ចុប្បន្ន ដីស្រែ​ប្រមាណ​ជាង​៣០០​ហិកតា ពឹង​ផ្អែកលើ​ស្ទឹង​មួយ​នេះ ពិសេស​នា​រដូវប្រាំង​។ អ្នកជំនាញ​ថា ការស្ដារ​ស្ទឹង​នេះ​បាន​ប្រយោជន៍​ទាំង​រដូវប្រាំង និង​វស្សា គឺ​នៅ​ខែប្រាំង ស្ទឹង​នេះ​អាច​ស្ទាក់ ឬ​ស្ដុក​ទឹកបាន​ច្រើន​។ រីឯ​ខែវស្សា អាច​រំដោះ​ទឹកជំនន់​មិនឱ្យ​ជន់​លិច​តំបន់​អង្គរ ក៏ដូចជា​ភូមិ​ក្បែរៗ​នោះបាន ដែល​បណ្ដាលមកពី​ស្ទះ​ចរន្ត​លំហូរ​ទឹក​ក្នុង​ស្ទឹង​។

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​



 
​រមណីយដ្ឋាន​អង្គរ គ្របដណ្ដប់​លើ​ផ្ទៃដី ៤០១​គីឡូម៉ែត្រ​ក្រឡា ដោយ​ផ្នែក​ខាងកើត​ចាប់ពី​ភ្នំ​គូលែន រហូតដល់​ស្រុក​ពួក ដែល​ស្ថិតនៅ​ផ្នែក​លិច​ក្រុង​សៀមរាប​។ ការងារ​គ្រប់គ្រង​ទឹក គឺជា​ការងារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​អភិរក្ស ដ្បិតថា ទឹក​មាន​ទំនាក់ទំនង​សំខាន់​ទៅនឹង​គ្រឹះ​ប្រាសាទ​។​
 
​ជា​ផ្នែក​មួយ​នៃ​ការងារ​នេះ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា ក៏ដូចជា​បញ្ជៀ​ស​ទឹកជំនន់​នានា​ចេញពី​តំបន់​អង្គរ​ផងដែរ​។ ក្នុងនោះ​ក៏មាន​ការស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ សង់​ទ្វារ​ទឹក និង​ទំនប់​ស្ទាក់​ទឹកជា​ដើម ប្រយោជន៍​ទាំង​ការងារ​គ្រប់គ្រង​ប្រាសាទ និង​សម្រាប់​ប្រជាពលរដ្ឋ​។​
 
​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ស្ដារ​ស្ទឹង​ព្រះ​ស្រុក ដែលជា​ផ្នែក​មួយ​សំខាន់ ភ្ជាប់​បណ្តា​ស្ទឹង ក៏ដូចជា​ប្រឡាយទឹក​ចេញពី​តំបន់​អង្គរ​។ ការស្ដារ​នេះ មានបំណង​ពីរ​សំខាន់ៗ គឺ​ដើម្បី​បញ្ចៀស​ទឹកជំនន់​នា​រដូវវស្សា និង​ស្ដុក​ទឹក​នៅ​រដូវប្រាំង សម្រាប់​ស្រោចស្រព​ដីស្រែ​របស់​ប្រជាពលរដ្ឋ​។​


 
​លោក រ៉​ម វិចិត្រ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រំ​ឮ​ក​ពី​ដើមទង​នាំឱ្យមាន​ការស្ដារ​ស្ទឹង​ព្រះ​ស្រុក​នេះ​ថា ដោយសារ​នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ដើម្បី​ការពារ​រមណីយដ្ឋាន​អង្គរ​ក៏ដូចជា​ក្រុង​សៀមរាប ដែល​មួយផ្នែកធំ​បាន​បញ្ជៀ​សមក​ស្រុក​ពួក​។ ក្នុងនោះដែរ អាជ្ញាធរ​បានគិត​ថា ការរំដោះ​នេះ​មិនមែន​ធ្វើ​ត្រឹម​ឱ្យ​ផុត​តែ​តំបន់​អង្គរ​ទេ គឺ​ត្រូវ​បន្ត​ការពារ​អ្នកភូមិ​ផងដែរ ដូច្នេះហើយ​ទើប​ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​នៅ​ស្ទឹង​ព្រះ​ស្រុក​នេះ​។ នៅ​ឆ្នាំ​២០១៥ អាជ្ញាធរ​បាន​ស្ដារ​ស្ទឹង​នេះ​ម្ដង​រួចមកហើយ ដែលមាន​ប្រវែង ២​គីឡូម៉ែត្រ ក៏ដូចជា​សង់ស្ពាន​មួយកន្លែង និង​រៀបចំ​ឆាយដី​ធ្វើ​ផ្លូវ​សងខាង​ស្ទឹង​ជាដើម​។​
 
​ក្នុងការ​ស្ដារ​ស្ទឹង​ប្រវែង​២​គីឡូម៉ែត្រ​នោះ បានផ្តល់​សារសំខាន់​ច្រើន​ទាំង​ការរំដោះ​ទឹកជំនន់​ក្នុង​តំបន់​អង្គរ ពិសេស​អាច​ស្ដុក​ទឹក​សម្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​។ យ៉ាងណា ដោយសារ​ការបន្ត​ពង្រីក​ផ្ទៃដី​ស្រែ​កាន់តែ​កើនឡើង ដែល​សព្វថ្ងៃ​មានការ​ពង្រីក​បន្ថែម​ជាង ៣០០​ហិកតា ធ្វើឱ្យ​ទឹក​ក្នុង​ស្ទឹង​ព្រះ​ស្រុក​មាន​កង្វះខាត​នៅ​ឆ្នាំនេះ ទើប​មាន​ការស្នើ​សុំឱ្យ​បន្ត​ស្ដារ​ស្ទឹង​នេះ​បន្ថែម ដែល​ការស្ដារ​លើក​ទី​២​នេះ មាន​ប្រវែង​១៥០០​ម៉ែត្រ ក្នុង​ជម្រៅ​បាត​ប្រវែង ១៧​ម៉ែត្រ​។ តាម​គម្រោង ការស្ដារ​នេះ​នឹង​ប្រើពេល​៣​ខែ ដែល​ចាប់ផ្តើម​ពី​ពាក់​កណ្ដាលខែ កុម្ភៈ រហូតដល់​ខែ ឧសភា​។ 
 
​ក្រៅពី​អត្ថប្រយោជន៍​សម្រាប់​រំដោះ​ទឹកជំនន់ និង​ទុក​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​ពួក​ហើយ​នោះ ការស្ដារ​នេះ​ក៏បាន​ជួយ​ព​ន្លឿ​ន​លឿន​ទឹក​ចុះ​ពី​តំបន់​អង្គរ​ទៅ​ទ​ន្ល​សាប​ផងដែរ​។ ជាមួយ​នោះ ក៏បាន​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ទូក​នេសាទ​របស់​ប្រជាពលរដ្ឋ​នា​រដូវវស្សា ក៏ដូចជា​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ផងដែរ​។​
 
​តាមពិតទៅ ចាប់តាំងពី​ឆ្នាំ​២០១២ ក្រោយ​តំបន់​អង្គរ​ជួប​គ្រោះទឹកជំនន់​រួចមក អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ចាប់ផ្តើម​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​នៅ​ជុំវិញ​តំបន់​អង្គរ​ដូចជា​ប្រឡាយ និង​ស្ទឹង​ជាដើម ដែល​សរុប​ការស្ដារ​ទាំងនោះ​មាន​ប្រវែង​សរុប​ប្រមាណ ៣៨​គីឡូម៉ែត្រ​។ ក្នុងនោះ​ក៏មាន​ធ្វើជា​សំណង់​ស្ទាក់​ទឹកជា​ច្រើន​កន្លែង​ផងដែរ​។​
 
​លោក ចិក ប៉ិ ប្រជាពលរដ្ឋ​រស់នៅ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក បាន​លើកឡើងថា លោក​រីករាយ​ជាខ្លាំង​ចំពោះ​ការស្ដារ​ស្ទឹង​នេះ ហើយ​រំពឹងថា នៅ​ឆ្នាំ​ទៅមុខ​នឹងមាន​ទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស្រែប្រាំង​។ នៅ​តំបន់​នេះ លោក ចិក ប៉ិ រួម​និង​ពលរដ្ឋ​ដទៃទៀត​ក្នុងភូមិ អាចធ្វើ​ស្រែ​បាន​ពីរ​រដូវ​ក្នុង​មួយឆ្នាំ​ចន្លោះ​ពី​ខែ មេសា ដល់​ខែ វិច្ឆិកា ឬ​ខែធ្នូ​។ យ៉ាងណា ពលរដ្ឋ​នៅទីនេះ​បារម្ភ​ពី​កង្វះ​ទឹក ដ្បិតថា មានការ​ពង្រីក​ផ្ទៃដី​ស្រែ​ច្រើនឡើង​ពី​អ្នកភូមិ​។ ចំណុច​នេះ ក៏​ជា​បញ្ហា​របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែរ​។​
 
​ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ទឹក​រំពឹងថា ក្រោយពេល​ស្ដារ​ហើយ​ទឹក​ក្នុង​ស្ទឹង​ព្រះ​ស្រុក​នឹងមាន​ច្រើនជាង​មុន សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។ យ៉ាងណាក៏ដោយ លោក រ៉​ម វិចិត្រ ក៏​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ស្របតាម​ស្ទឹង​នេះ ត្រូវមាន​ការថែរក្សា​ប​រិ​ស្ថាន​ឱ្យបាន​ល្អ ដោយ​មិនត្រូវ​បោះចោល​សំរាម កាកសំណល់​ផ្សេងៗ ឬ​បង្ហូរ​ទឹកស្អុយ​ចូល​ឡើយ​។ ហើយ​នា​រដូវ​នេះ លោក​សុំឱ្យ​ពលរដ្ឋ​មានការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ផងដែរ ដ្បិតថា​ឆ្នាំនេះ​កម្ពុជា​ជួប​គ្រោះរាំងស្ងួត​ដែល​គួរ​មានការ​ប្រុងប្រយ័ត្ន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com