អន្តរជាតិ
លោកស្រី ស៊ូជី អំពាវនាវពលរដ្ឋឲ្យបើកចិត្តទូលាយលើគម្រោងវិនិយោគទំនប់វារីអគ្គិសនីរបស់ចិន រូបភាព EPA
× ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានស្នើសុំឲ្យប្រជាជនរបស់ខ្លួន ពិសេសអ្នករស់នៅក្នុងរដ្ឋ Kachin គិតឲ្យបានវែងឆ្ងាយ និងបើកចិត្តឲ្យទូលាយទៅលើគម្រោងវិនិយោគខ្នាតធំរបស់ចិនក្នុងការសាងសង់ទំនប់វារីអគ្គិសនី។ លោកស្រី អះអាងថា ការអភិរក្សបរិស្ថាន គឺជារឿងសំខាន់ ក៏ប៉ុន្តែការអភិវឌ្ឍក្នុងតំបន់ ក៏មិនអាចរំលងបានដែរ។
តាមរយៈវេទិកាជាតិមួយនៅថ្ងៃទី១៤ មីនា លោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី បានលើកយកបញ្ហានៃការបរាជ័យអនុវត្តកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងចិន ពិសេសគម្រោងសាងសង់ទំនប់វារីអគ្គិសនី Myitsone Dam ដែលបានចុះហត្ថលេខាតាំងពីរដ្ឋបាលដឹកនាំមុនរបស់មេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ា លោក ថាន់ ស្ហ្វេ មកម្ល៉េះ។
លោកស្រីទីប្រឹក្សារដ្ឋ បានពន្យល់ប្រាប់ប្រជាជនថា រដ្ឋាភិបាលរបស់លោកស្រី មិនអាចចេះតែធ្វើអ្វីតាមចិត្តរបស់ខ្លួនជាមួយនឹងកិច្ចព្រមព្រៀងនេះបានឡើយ។ លោកស្រី បានព្រមាន និងក្រើនរម្លឹកដល់ប្រជាជនថា មីយ៉ាន់ម៉ា អាចនឹងត្រូវប្រឈមនឹងភាពឯកោ ប្រសិនបើរដ្ឋាភិបាល ដែលកំពុងតែកាន់អំណាច បរាជ័យក្នុងការគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចូលជាធរមានតាំងពីរដ្ឋបាលមុនមកនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Times។
លោកស្រី រៀបរាប់ថា ក្នុងនយោបាយ យើងធ្វើអ្វី មិនមែនដើម្បីឲ្យគេស្រលាញ់នោះទេ ក៏ប៉ុន្តែដើម្បីការភិវឌ្ឍរបស់ជាតិ ហើយបើយើង គិតថា អ្វីដែលយើងធ្វើស្ថិតនៅលើផ្លូវត្រឹមត្រូវហើយ ត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងបំពេញការងារនោះ ដោយកុំគិតពីការស្អប់ពីអ្នកដទៃ។ លោកស្រី អះអាងថា រដ្ឋាភិបាលលោកស្រី នឹងពិចារណាលើគម្រោងធំជាច្រើន ដែលរួមទាំងការសាងសង់ទំនប់វារីអគ្គិសនី Myitsone Dam។ នេះបើយោងតាមប្រភពព័ត៌មានដដែល។
ថ្លែងបែបនេះរួចហើយ លោកស្រីទីប្រឹក្សារដ្ឋរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ប្រជាជន គួរតែមានការគិតឲ្យបានគ្រប់ជ្រុងជ្រោយ និងបើកចិត្តឲ្យទូលាយ។ ការអភិរក្សបរិស្ថាន សំដៅការមិនបំផ្លាញបរិស្ថាន ប៉ុន្តែបើមិនមានការផ្លាស់ប្តូរទៅលើបរិស្ថានខ្លះនោះទេ ក៏គ្មានការអភិវឌ្ឍអ្វីដែរ»។
គួរជម្រាបផងដែរថា គម្រោង Myitsone Dam គឺជាគម្រោងវិនិយោគដ៏ធំមួយនៅក្នុងទឹកដីមីយ៉ាន់ម៉ា ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលប្រទេសទាំងពីរតាំងពីឆ្នាំ២០០៩មក ពោលគឺតាំងពីមីយ៉ាន់ម៉ាដឹកនាំដោយឧត្តមសេនីយ៍ ថាន់ ស្ហ្វេ មកម្ល៉េះ។ គម្រោងនេះ ត្រូវបានផ្អាកចាប់ពីឆ្នាំ២០១១ នៅពេលមីយ៉ាន់ម៉ាដឹកនាំដោយលោកអតីតប្រធានាធិបតី ថេន សេន ក្រោយពីមានការតវ៉ាខ្លាំងពីប្រជាជន ដោយពួកគេ ព្រួយបារម្ភពីការប៉ះពាល់បរិស្ថាន និងការទទួលពីប្រភពទឹកនេះ។
ការណ៍ដែលរដ្ឋាភិបាលចិន ចង់ឲ្យគម្រោង Myitsone Dam បន្តទៅមុខ ក៏ដោយសារគម្រោងនេះ ក៏ជាប្រភពផ្គត់ផ្គង់ថាមពលមួយដ៏ធំសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាចិន ដែលមានផែនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាមួយនឹងមីយ៉ាន់ម៉ាតាមបណ្តោយព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com