អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចេញ​សេចក្តីថ្លែងការណ៍​នឹងធឹង​តប​នឹង​ការព្រមាន​របស់​អាមេរិក​
17, Mar 2019 , 9:29 pm        
រូបភាព
ដោយ:
​ប្រធាន​មហាសន្និបាត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ  ហៅ​កាត់​ថា ICC បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តប​ទៅនឹង​ការព្រមាន របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​បើក​ការស៊ើបអង្កេត​មួយ​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​អាមេរិក​នៅ​អាហ្កានីស្ថាន​។ មហាសន្និបាត ICC បាន​អះអាង​ជាថ្មី​ថា អង្គភាព​របស់ខ្លួន មិន​ចំណុះ ឬ​ក្រោម​ការបង្គាប់បញ្ជា​របស់​អ្នកណា​ឡើយ​។​

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Michael R. Pompeo តាមរយៈ​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​១៥ មីនា បាន​ព្រមាន​ចាត់វិធានការ​តឹងរឹង​មួយ​ទៅលើ​មន្ត្រី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ហ៊ាន​បើក​ការស៊ើបអង្កេត​លើ​ពលរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លោក​រដ្ឋមន្ត្រី អះអាងថា នឹង​មានការ​រឹតត្បិត ឬ​ហាម​ផ្តល់​ទិ​ដ្ឋ​ការ​លើ​មន្ត្រី​តុលាការ ដែល​ប៉ុនប៉ង​ចូលក្នុង​ទឹកដី​ខ្លួន​ដើម្បី​ស៊ើបអង្កេត​នោះ​។ 
 
​នា​វេទិកា​ដដែល​នោះ លោក​រដ្ឋមន្ត្រី បានប្រកាស​ជំហរ​មិន​ប្រែប្រួល​ក្នុងការ​ការពារ​ពលរ​ដ្ឋ និង​អធិបតេយ្យ​របស់​អាមេរិក ដោយ​មិន​អនុញ្ញាត​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រំខាន​បានឡើយ​។ ប្រមុខ​ការទូត​រូបនេះ ថែមទាំង​បាន​ដាស់តឿន​ឲ្យ​អង្គភាព​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ កែប្រែ​របៀបរបប​ធ្វើការ​របស់ខ្លួន ដើម្បី​ធានា​ឲ្យ​ថា មិនមាន​កត្តា​ជំរុញ​នយោបាយ​ណាមួយ​ពីក្រោយ​នៃ​ចំណាត់ការ​របស់ខ្លួន​។​
 
​លោក​រដ្ឋមន្ត្រី បានលើកឡើង​ជាថ្មី​ថា ការណ៍​ដែល​អាមេរិក បាន​បដិសេធ​ចូល​ជា​ភាគី​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តាំងពី​ឆ្នាំ​១៩៩៨​មក ដោយសារតែ​អាមេរិក មើលឃើញថា តុលាការ មាន​លក្ខណៈ​ទូលាយ​ពេក និង​ពិសេស​នោះ គំរាមកំហែង​ដល់​អធិបតេយ្យ​អាមេរិក​តែម្តង​។ អាមេរិក ក៏​ខ្លាចក្រែង​ថា តុលាការ បំពេញការងារ​ដោយសារ​កត្តា​ជំរុញ​នយោបាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​អាមេរិក​។ 
 
​មួយថ្ងៃ​ក្រោយ នៃ​ការប្រកាស​ជំហរ​រឹងត្អឹង​របស់​អាមេរិក ប្រធាន​មហាសន្និបាត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក O-Gon Kwon បាន​អះអាង​ជាថ្មី​ដូចគ្នា​ផងដែរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មានការ​គាំទ្រ​យ៉ាងរឹងមាំ​ពី​ភាគី ឬ​សមាជិក របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​។​
 
​ប្រមុខ​រូប​មហាសន្និបាត​រូបនេះ សង្កត់ធ្ងន់ថា ភាគី​ទាំង​១២៣​ប្រទេស​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម បានប្រកាស​គាំទ្រ​យ៉ាង​មុតមាំ​ក្នុងការ​ឲ្យ​តុលាការ​បំពេញបេសកកម្ម​ឯករាជ្យ និង​តម្លាភាព ក៏ដូចជា ប្តេជ្ញា​បន្ត និង​ការពារ​គោលការណ៍ តម្លៃ និង​កិត្យានុភាព​របស់ខ្លួន​ពី​ការគំរាមកំហែង និង​ប្រឆាំង​ពី​ខាងក្រៅ​។ លោក  បាន​គូសបញ្ជាក់ថា​តុលាការ បំពេញការងារ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​កត្តានយោបាយ​ឡើយ ហើយ​ចំណាត់ការ​ទាំងអស់​រប​ស់​តុលាការ​ធ្វើឡើង​ក្នុង​រង្វង់​ច្បាប់​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ប៉ុណ្ណោះ​៕ 
 

Tag:
 ICC
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com