កីឡាជាតិ
ជាតិ
តារា​គុន​ចម្រុះ​មី​យ៉ាន់​ម៉ា Phoe Thaw មកលេង​កម្ពុជា​
17, Mar 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​វីរបុរស​មី​យ៉ាន់​ម៉ា Phoe “Bushido” Thaw ជាតា​រា​ដែល​រះ​ត្រដែត​ឡើង​យ៉ាង​លឿន​បំផុត​ម្នាក់​របស់ ONE Championship ហើយ​កាលពី​ថ្ងៃទី​៨​មីនា​កន្លងទៅ គេ​បាន​បោះជំហាន​មួយ​ជំហាន​ទៀត​ឆ្ពោះទៅ​ភាពល្បីល្បាញ​។

 
Phoe Thaw វ័យ​៣៤​ឆ្នាំ យកបាន​ទទួល​ជ័យជម្នះ​លើក​ទី​៧​ក្នុង​អាជីព​គុន​ចម្រុះ​របស់គេ​នៅ​ពីមុខ​ទស្សនិកជន​មី​យ៉ាន់​ម៉ា​ដ៏​កកកុញ ដោយ​ផ្ដួល​កីឡាករ​ឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុង​ទឹក​ទី​១​នៅ ONE: REIGN OF VALOR ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ 
 
​ជាមួយ​បំណង​សម្រាក​លម្ហែកាយ​ឱ្យ​ស្រឡះ​មុខ​ស្រឡះ​មាត់​ក្រោយ​ហាត់​ត្រៀម​យ៉ាងខ្លាំង​ក្លា​នៅ​ក្លិប Tiger Muay Thai ក្នុង​ភាគខាងត្បូង​ប្រទេស​ថៃ​នោះ Phoe Thaw បានជ្រើសរើស​ការ​ត្រឡប់មក​កម្ពុជា​ដើម្បី​សួរសុខទុក្ខ​មិត្ត​ចាស់​និង​ជា​ដៃគូ​ហ្វឹកហាត់​របស់គេ​គឺ ចាន់ រតនា​។​
 
​នេះ​ជា​លើក​ទី​៤​ហើយ​ដែល Phoe Thaw មកលេង​ព្រះរាជាណាចក្រ​អច្ឆរិយៈ តែ​វា​ជា​លើក​ទី​១​ដែល​គេ​មិន​ផ្ដោតលើ​ការហ្វឹកហាត់​ពេញលេញ ដែល​អនុញ្ញាត​ឱ្យគេ​មាន​ពេល​ដើរ​ឱ្យ​ស្គាល់​ភ្នំពេញ​កាន់តែច្រើន​និង​រីករាយ​ចំពោះ​អ្វីដែល​ភ្នំពេញ​មាន​។ 
 
Phoe Thaw ពន្យល់ថា​៖ “​កម្ពុជា​គឺ​ស្រដៀង​មី​យ៉ាន់​ម៉ា​ណាស់​។ អាហារ​នៅទីនេះ​មិន​ខុសគ្នា​ខ្លាំង​ពី​អាហារ​នៅ​ស្រុកកំណើត​ខ្ញុំ​ឡើយ​, ទាំង​វប្បធម៌​និង​ប្រជាជន​គឺ​ប្រហាក់ប្រហែលគ្នា​។ ពួកគេ​បង្ហាញ​ក្ដី​ស្រលាញ់​យ៉ាងច្រើន​”​។ 
 
Phoe Thaw បន្តថា​៖ “​ពេល​ខ្ញុំ​ទៅ​ផ្សារ​ទួល​ទំពូង ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចគ្នា​បេះបិទ​នឹង​ផ្សារ​នៅ​យ៉ាំង​ហ្គោ​ន​”​។ 
 
Phoe Thaw ជាមួយ​អ្នកចាត់ការ Joe Conway ចង់​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ប្រទេស​កម្ពុជា​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ខណៈ Phoe Thaw ហៅ​កម្ពុជា​ថា​ជា​ផ្ទះ​ទី​២​របស់គេ​។​
 
​តែ​ទោះបី Phoe Thaw មក​កម្ពុជា​លើក​នេះ​ដើម្បី​ដើរ​កម្សាន្ត​ក៏ដោយ ប៉ុន្តែ​គេ​មិន​នៅ​ឆ្ងាយ​ពី​កន្លែង​ហ្វឹកហាត់​ឡើយ​។ 
 
​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ តារា​របស់ ONE Championship ២​ដួង គឺ ចាន់ រតនា និង Phoe Thaw បាន​កាន់​ស៊ី​ប​បង្ហាត់​សិស្ស​នៅ​ក្លិប​សិល្បៈ ដើម្បី​ជួយ​សម្រួច​ជំនាញ​គុន​ចម្រុះ​ដល់​អ្នក​ទៅ​ហាត់​នៅ​ទីនោះ​។ 
 
​អ្នក​ហាត់​ម្នាក់​ដែល​ស្រលាញ់​គុន​ខ្មែរ ឈ្មោះ Kamila Simkova មានឱកាស​ហាត់​ជាមួយ​វីរបុរស​មី​យ៉ាន់​ម៉ា ហើយ​នាង​បានបង្ហាញ​ក្ដី​រីករាយ​យ៉ាងខ្លាំង​។ 
 
Kamila និយាយថា​៖ “​វា​អស្ចារ្យ​ណាស់​ដែល​បាន​ហាត់​ជាមួយ​គ្រូ​ដ៏​សម្បូរ​បទពិសោធ​និង​ជា​កីឡាករ​ល្បី ហើយ​កាន់​ស៊ី​ប​ឱ្យ​ខ្ញុំ​។ បាន​គ្រូ​ថ្មី​ម្នាក់ទៀត​មកជួយ​បង្ហាត់​អីចឹង​គឺ​ល្អ​ច្រើន ព្រោះ​គាត់​មាន​ស្ទីល​និង​បច្ចេកទេស​ប្លែកៗ​ពីគ្នា​។ តែ Phoe Thaw បានបង្ហាញ​ពី​របៀប​បម្លាស់​ទី​ថ្មីៗ​មួយចំនួន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ព្យាយាម​អនុវត្ត​បន្ថែមទៀត​”​។ 
 
Phoe Thaw និង Conway គ្រោង​ស្នាក់នៅ​ភ្នំពេញ​ដល់​ថ្ងៃ​ចន្ទ ហើយនឹង​ចំណាយពេល​ជាមួយ រតនា និង​គ្រួសារ ក៏ដូចជា​មនុស្ស​ថ្មីៗ​ដែល​ពួកគេ​បាន​ស្គាល់​អំឡុងពេល​ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា​នេះ ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ 
 
Phoe Thaw បានលើកឡើង​ពីបទ​ពិសោធ​ផ្ទាល់ខ្លួន​ថា​៖ “​គ្មាន​នរណាម្នាក់​ជោគជ័យ​ដោយ​ពឹង​តែ​លើ​ខ្លួនឯង​ម្នាក់​នោះទេ​។ សូម្បី​ពេល​ខ្ញុំ​ឈរ​នៅក្នុង​ទ្រុង​តែម្នាក់ឯង ក៏​ខ្ញុំ​នៅតែ​ត្រូវការ​ក្រុមការងារ​របស់ខ្ញុំ​ដែរ​។ បើ​គ្មាន​ក្រុមការងារ​ទេ យើង​មិនអាច​ជោគជ័យ​បានទេ​”​។ 
 
​ខណៈ​ទើប​ទទួលបាន​ជ័យជម្នះ​ថ្មីៗ​ពី​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៩ Phoe Thaw សម្លឹង​ទៅកាន់​ឆ្នាំ​ត្រចះត្រចង់​មួយ​ថ្មី​ទៀត​នៅក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក តែ​ក៏​រំឭក​ដល់​ការតស៊ូ​របស់គេ​កាលពីមុន​ផងដែរ​។ 
 
​លោក Conway បញ្ជាក់ថា​៖ “​ពីរ​បី​ឆ្នាំមុន Thaw ហាត់​នៅក្រោម​ស្ពាន តែ​បច្ចុប្បន្ន​គាត់​ស្ថិតក្នុង​ក្លិប​កម្រិត​អាជីព Tiger Muay Thai ជាមួយ​កីឡាករ​ឆ្នើម​បំផុត​មួយចំនួន​មកពី​ជុំវិញ​ពិភពលោក​។ គាត់​សម​នឹង​ទទួលបាន​បែបនេះ ព្រោះ​គាត់​កំពុង​ធ្វើ​វា​ក្រោម​ហេតុផល​ត្រឹមត្រូវ​”​។ 
 
​ចំណែក Phoe Thaw បន្ថែមថា​៖ “​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ម្នាក់ អ្នក​គួរ​មាន​ក្រុម​ត្រឹមត្រូវ​នុង​មាន​ប្រភេទ​មនុស្ស​ត្រឹមត្រូវ​នៅ​ជាមួយ​។ អ្នក​ត្រូវធ្វើ​វា​ចេញពី​បេះដូង នេះ​ជា​រឿង​សំខាន់​”​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​មកលេង​ប្រទេស​កម្ពុជា Phoe Thaw អះអាងថា​នេះ​មិនមែនជា​លៀក​ចុងក្រោយ​ដែល​គេ​មក​នោះទេ​។ 
 
"​លើក​នេះ​ខ្ញុំ​មិនចាំបាច់​ហ្វឹ​ហ្វឹកហាត់​ទេ ហើយ​ខ្ញុំ​អាច​ដើរលេង​បាន​ច្រើន​។ ខ្ញុំ​ស្រលាញ់​ទីនេះ​ខ្លាំងណាស់​"៕
 
 
 

Tag:
 ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com