តម្លៃ​ម្រេច​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល​ចង់រក​ទីផ្សារ​ចិន ព្រោះ​មិន​ចង់​ពឹង​តែ​ទីផ្សារ​វៀតណាម​
ជាតិ
សេដ្ឋកិច្ច
តម្លៃ​ម្រេច​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល​ចង់រក​ទីផ្សារ​ចិន ព្រោះ​មិន​ចង់​ពឹង​តែ​ទីផ្សារ​វៀតណាម​
17, Mar 2019 , 4:32 pm        
រូបភាព
​ភ្នំពេញ​៖ តម្លៃ​ម្រេច ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​គ្នា​។ ជាក់ស្តែង​តម្លៃ​ម្រេច​លេខ​១​បាន​ធ្លាក់​ថ្លៃ​ពី​ជាង​១០០០០​រៀល​ក្នុង​ឆ្នាំ​២០១៨ មក​ត្រឹម​៨០០០​រៀល នៅ​ដើមឆ្នាំ​២០១៩​នេះ​។ ម្រេច​ទាំងនោះ​ភាគច្រើន ត្រូវ​នាំ​ចូលទៅ​វៀតណាម​។​

 
​លោក វ៉ាន សារ៉ន   ជា​ម្ចាស់​ចម្ការ​ម្រេច​ជាង​១​ម៉ឺន​ជន្លង់ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ លោក​បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មក តម្លៃ​ម្រេច​លេខ​មួយ​បាន​ធ្លាក់​ថ្លៃ​នៅក្នុង​រង្វង់​៧០០០​រៀល ទៅ​៨០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ លោក​បាន​បន្តថា​តម្លៃ​ម្រេច​សព្វថ្ងៃនេះ បាន​ធា្ល​ក់​ថ្លៃ​ជាង​៤​ពាន់​រៀល បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ មានតម្លៃ​១២០០០​រៀល ក្នុង​មួយ​គីឡូ​។​
 
​កសិករ​ដែលមាន​បទពិសោធន៍​ក្នុង​ការដាំ​ម្រេច​ជិត​ជាង​២០​ឆ្នាំ​រូបនេះ បាន​បន្តថា ការ​ធា្ល​ក់​ថ្លៃ​នៃ​តម្លៃ​ម្រេច​ឆ្នាំនេះ ធ្វើឱ្យ​កសិករ​ខាត​កាន់តែខ្លាំង ពិសេស​ចំពោះ​អ្នក​ដែល​ទើបនឹង​ដាំ​ម្រេច​៣ ឬ​៤​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​បាន​និយាយ​ដូច្នេះ​៖« ខ្ញុំ​ក្រៅពី​ដាំ​ម្រេច ក៏​ជា​អ្នកប្រមូល​ទិញ​ម្រេច​ក្នុង​ខេត្ត​យកទៅលក់​បន្ត​ដែរ​។ ហើយ​ទីផ្សារ​ម្រេច​ក្នុង​ខេត្ត​នេះ គឺ​ទីផ្សារ​ប្រទេស​វៀតណាម ដែល​បាន​ថ្លៃ​ត្រឹម​៧០០០​ទៅ​៨០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម​។ តម្លៃ​ម្រេច​ក្នុង​ឆ្នាំ​២០១៩​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ខ្ញុំ​បាន​ខាត​ប្រាក់​ជិត​ពាក់កណ្តាល​»​។​
 
​ចំណែកឯ​តម្លៃ​ម្រេច​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ក៏បាន​ធា្ល​ក់​ថ្លៃ​ដូចនឹង​ខេត្ត​ត្បូងឃ្មុំ​ដែរ​។ អ្នកស្រី សន ស្រី​នាង  ដែលជា​កសិករ​ទើបតែ​ប្រមូល​ផល​ម្រេច​បាន​២​ឆ្នាំ ក្នុង​ខេត្ត​នេះ បាន​និយាយថា តម្លៃ​ម្រេច​នៅ​ដើម​ឆ្នាំនេះ គឺ​បាន​ធា្ល​ក់​ថ្លៃ​នៅសល់​ត្រឹម ៤៥០០-៥០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម ជា​ម្រេច​លេខ​៣ តម្លៃ​៦០០០-៧០០០​រៀល​ក្នុង​មួយ​គីឡូ ជា​ម្រេច​លេខ​២ និង​ថ្លៃ​ត្រឹម​៧៥០០-៩០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​ជា​ម្រេច​លេខ​មួយ​។ 
 
​ម្ចាស់​ច​ម្ការ​ម្រេច ៤០០០​ជន្លង់ រូបនេះ​បាន​អះអាងថា​៖«​ពេល​ខ្ញុំ​ចាប់ផ្តើម​ដាំ​ម្រេច តម្លៃ​ម្រេចលេខមួយ​នៅលើ​ទីផ្សារ មាន​ថ្លៃ​ជាង​៣​ម៉ឺ​នរៀល ប៉ុន្តែ​ពេល​ខ្ញុំ​ប្រមូល​ផល​ដំបូង​នៅ​ឆ្នាំ​២០១៧ តម្លៃ​ម្រេច​បាន​ធា្ល​ក់​ថ្លៃ​នៅ​ជាង​២​ម៉ឺន​រៀល និង​បន្ត​លក់បាន​ថោក​ជាង​១​ម៉ឺន​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក នៅ​ឆ្នាំ​២០១៩​នេះ ខ្ញុំ​បាន​៨០០០​រៀល ក្នុង​មួយ​គីឡូ​»​។​
 
​ការធ្លាក់​នៃ​តម្លៃ​ម្រេច​នេះ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​និយាយប្រាប់​សារ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា តម្លៃ​ម្រេច​បាន​ធា្ល​ក់​ថ្លៃ​ជាង​៣០​ភាគរយ​នៅ​ដើមឆ្នាំ​២០១៩ បើ​ធៀប​ទៅ​ឆ្នាំ​២០១៨​។ លោក​បាន​បន្ត​មូលហេតុ​នៃ​ការធ្លាក់​នេះ គឺ​បណ្តាលមកពី​តម្លៃ​ម្រេច​អន្តរជាតិ ពិសេស​ប្រទេស​ប្រេ​ស៊ី​ល បានដាក់​ថ្លៃ​ទាប​ដោយសារតែ​ទីផ្សារ​នាំចេញ ទៅ​អាមេរិក និង​សហភាព​អឺរ៉ុប​ដោយ​ប្រទេស​ប្រេ​ស៊ី​ល​ដាក់​ថ្លៃ​ម្រេច​សម្រាប់​ការនាំចេញ​របស់ខ្លួន ក្នុងតម្លៃ​ពី​២១០០​ដុល្លារ ទៅ​២២០០​ដុល្លារ ក្នុង​មួយ​តោន​។ ដោយឡែក​វៀតណាម ដែលជា​ប្រទេសមួយ​ប្រមូល​ទិញ​ម្រេច​ពី​កម្ពុជា បាន​ដើរ​តាម​ក្រោយ​ទីផ្សារ​ប្រទេស​ប្រេ​ស៊ី​ល ក៏បាន​ទម្លាក់​ម្រេច​ពី​កសិករ​ដូច្នេះ​។​
 
​លោក សុង សារ៉ន បានលើកឡើង​ដូច្នេះ​« ជា​ដំណោះស្រាយ​ចំពោះមុខ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្រជាកសិករ​អ្នក​ដាំ​ម្រេច ត្រូវ​ចងក្រង​គ្នា​ជា​សមាគម​ក្នុង​ខេត្ត​របស់ខ្លួន ដើម្បី​លើកឡើង​នូវ​បញ្ហា​ដែល​បាន និង​កំពុង​កើតឡើង​ពី​អ្នក​គ្មាន​សម្លេង​ទៅកាន់​អ្នកមាន​សម្លេង សម្រាប់​ដោះស្រាយ​បញ្ហា​រួម​នៅលើ​ទីផ្សារ​»​។ 
 
​ដោយឡែក លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​« ការ​ធា្ល​ក់​ចុះ​ម្រេច​នេះ ចំពោះមុខ​យើង​មិនអាច​ដោះស្រាយបាន​ភ្លាមៗ​ទេ​។ ក្រៅពី​ម្រេច​កំពត​ដែល​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ម្រេច​ភាគច្រើន ដែល​ដាំ​ក្នុង​ខេត្ត​ផ្សេងៗ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។ ហើយ​បច្ចុប្បន្ន ចម្ការ​ម្រេច​នៅ​វៀតណាម បាន និង​កំពុង​ប្រមូល​ផល​ជា​លើក​ទី​២ បន្ទាប់ពី​មានការ​ផ្អាក​ដាំ​ជាច្រើន​ឆ្នាំមក​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា រដ្ឋាភិបាល​នឹង​ស្វែងរក​ទីផ្សារ​ចិន​បន្ថែមទៀត ដើម្បី​ទីផ្សារ​របស់​កសិករ​ម្រេច​នៅ​កម្ពុជា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក អែម ត្រូ ជា​កសិករ​ដាំ​ម្រេច និង​ជា​សមាជិក​របស់​សមាគម​លើកកម្ពស់​ម្រេច​កំពត (KPPA) បាន​និយាយថា ម្រេច​ក្នុង​សមាគម​មានតម្លៃ​ថេរ គឺ​ជាង​៣០០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម​។ បច្ចុប្បន្ន កសិករ​រូបនេះ បាន​ពង្រីក​ដី​ដាំ​ម្រេច​ប្រហែល​១​ហិច​តា​បន្ថែម នៅ​ដើមឆ្នាំ​២០១៩៕
 

Tag:
 ជាតិ​
 ​សេដ្ឋកិច្ច​
  កសិកម្ម​
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម