កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City បន្ត​ក្តីសង្ឃឹម​ឈ្នះ​ពាន​៤ ខណៈ Man Utd ធ្លាក់​ដោយសារ Wolves
17, Mar 2019 , 6:29 pm        
រូបភាព
Wolves ទម្លាប់ Manchester United ក្នុងលទ្ធផល ២-១
Wolves ទម្លាប់ Manchester United ក្នុងលទ្ធផល ២-១
ដោយ: រួបរួម
Manchester City បាន​វាយបក​តាម​ពីក្រោយ Swansea ដើម្បី​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FA Cup ស្រប​ពេលដែល Manchester United បាន​ហាលអាវ​ដោយសារ​ម្ចាស់ផ្ទះ Wolverhampton Wanderers​។ Watford ជា​ក្រុម​ដំបូង​ដែល​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ទម្លាក់​ក្រុម​ភ្ញៀវ Crystal Palace រីឯ​កៅអី​មួយទៀត រង់ចាំ​លទ្ធផល​នៃ​ជំនួប​រវាង Millwall និង Brighton នា​ម៉ោង​៩​យប់​ថ្ងៃអាទិត្យ​នេះ​។​

 
Man City ប្រើប្រាស់​តង់​ទី​ពីរ​ដើម្បី​វាយបក​បី​គ្រាប់​ទៅលើ​ម្ចាស់ផ្ទះ Swansea ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល ៣-២ ។ ការប្រកួត​បាន​ត្រឹម​កន្លះ​ម៉ោង Matt Grimes និង Bersant Celina រក​គ្រាប់​បាល់​នាំមុខ​ឲ្យ Swansea ប៉ុន្តែ​ក្រោយ​ការប្រកួត​បាន​ជាង​៧០​នាទី ក្រុម​ភ្ញៀវ​រកបាន​៣​គ្រាប់​ជា​បន្តបន្ទាប់ ដែល​សម្រេចបាន​ដោយ Bernardo Silva គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Kristoffer Nordfeldt និង គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់ Sergio Aguero​។​
 
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម​របស់លោក Pep Guardiola បន្ត​ក្តីសង្ឃឹម​ប្រមាញ់​ពាន​៤​ក្នុង​រដូវ​កាល​តែមួយ​។ ពួកគេ​បាន​លើក​ពាន League Cup ហើយ​កំពុង​ឈរ​កំពូល​តារាង Premier League និង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup​។​
 
​ដោយឡែក Manchester United ពួកគេ​រង​នូវ​ការខកចិត្ត​ដោយសារ Wolverhampton Wanderers ក្នុង​លទ្ធផល ២-១​។ Raul Jimenez និង Diogo Jota បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​នៅ​តង់​ទី​ពីរ ខណៈ Marcus Rashford វាយបក​បង្គ្រប់កិច្ច​បា​ន​១​គ្រាប់​សម្រាប់ Man Utd​។​
 
 
​ខណៈដែល​បិសាច​ក្រហម ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer ត្រូវ​ហាលអាវ ក្រុម​ចចក Wolves របស់លោក Nuno Espirito Santo ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង ក្រោយ​ខកខាន​អស់​រយៈពេល​២១​ឆ្នាំ​។​
 
​សម្រាប់​ការប្រកួត​គូ​ដំបូង​កាលពី​ថ្ងៃ​សៅរ៍ Watford បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ Crystal Palace ២-១ នៅ​ទឹកដី Vicarage Road របស់ខ្លួន​។ Etienne Capoue រកបាន​គ្រាប់​បញ្ចូល​ទី​ដំបូង​នៅ​តង់​ទីមួយ​សម្រាប់ Waftord ហើយ Michy Batshuayi តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​តង់​ទី​ពីរ​។ Andre Gray ជា​អ្នក​សម្រេចបាន​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ម្ចាស់ផ្ទះ ខណៈ​ការប្រកួត​នៅសល់​ជាង​១០​នាទី​។​
 
​នៅ​ម៉ោង​៩​យប់​ថ្ងៃអាទិត្យ​នេះ Millwall ដែល​លេង​នៅ​ក្របខណ្ឌ Championship ត្រូវ​ស្វាគមន៍ Brighton & Hove Albion​។ ក្រុម​ដែល​ឈ្នះ​នឹង​បាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ Manchester City, Watford និង Wolverhampton៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com