កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ជ័យជម្នះ​សម្រាប់​ណាហ្គា​វើ​ល ព្រះខ័ន​រាជ​ស្វាយរៀង រីឯ​ពីរ​គូ​ទៀត​ស្មើគ្នា​
17, Mar 2019 , 10:23 pm        
រូបភាព
ខ្សែប្រយុទ្ធអាហ្សង់ទីន Alexis Ramos នៃក្រុមអង្គរថាយហ្គឺរ អបអរ​ក្រោយស៊ុត​បាល់បញ្ចូលទីនាំមុខម្ចាស់ផ្ទះក្រសួងការពារជាតិ។ រូបថត CNCC
ខ្សែប្រយុទ្ធអាហ្សង់ទីន Alexis Ramos នៃក្រុមអង្គរថាយហ្គឺរ អបអរ​ក្រោយស៊ុត​បាល់បញ្ចូលទីនាំមុខម្ចាស់ផ្ទះក្រសួងការពារជាតិ។ រូបថត CNCC
ដោយ: រួបរួម
ណាហ្គា​វើ​ល និង​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ម្នាក់​៣​ពិន្ទុ នា​ការប្រកួត​សប្តាហ៍​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ថ្មី នៅ​អាទិត្យ​នេះ​។ រីឯ វិសាខា និង ក្រសួងការពារជាតិ ចែក​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​ភ្ញៀវ​។​



អត្ថបទទាក់ទង


​ម្ចាស់​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល បាន​យកឈ្នះ​ម្ចាស់ផ្ទះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១-០ នៅ​កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាគ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៦៧ របស់ ឡេង មករា​។ នៅ​ម៉ោង​ដំណាលគ្នា​នោះ ជំនួប​រវាង​ម្ចាស់ផ្ទះ វិសាខា និង​សូល​ទី​ឡូ​អង្គរ បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​

​ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង ពួកគេ​បានផ្តល់​លទ្ធផល​ដ៏​ពេញចិត្ត​សម្រាប់​ក្រុម​អ្នកគាំទ្រ ជាមួយនឹង​ជ័យជម្នះ ២-០ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នេន សុធា​រដ្ឋ សម្រេចបាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៧០ ហើយ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Gisung Yeon បន្ថែម​១​គ្រាប់​ទៀត​នា​រយៈពេល​៨​នាទី​បន្ទាប់​។​

​រីឯ​ជំនួប​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ បាន​វាយបក​តាម​ស្មើ​ដើម្បី​ចែក​១​ពិន្ទុ​ជាមួយ​អង្គ​រថា​យ​ហ្គឹ​រ​។ នៅ​នាទី​៥៤ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Alexis Ramos រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​ភ្ញៀវ ប៉ុន្តែ​ឈានដល់​៦​នាទី​នៃ​ម៉ោង​បន្ថែម​ទៅហើយ កាន់ ពិសាល រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​។​

​នៅ​សប្តាហ៍​ទីមួយ​នេះ គិរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​មួយ​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​យុវជន​បាទី ៤-១ ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​លេខ​ពីរ ដោយមាន​បី​ពិន្ទុ​ស្មើ​ណាហ្គា​វើ​ល និង​ខេត្តកំពង់ចាម​៕





Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com