ជាតិ
សង្គមជាតិ
ប៉ូលិសកំពុងសួរចម្លើយជនជាតិជប៉ុន២នាក់ ដែលប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកពួក
× សៀមរាប៖ ជនជាតិជប៉ុន២នាក់ ត្រូវបានចាប់ខ្លួនក្រោយពេលធ្វើសកម្មភាពប្លន់សម្លាប់អ្នករត់តាក់ស៊ីម្នាក់នៅស្រុកពួក ខេត្តសៀមរាប។ តាមការបញ្ជាក់របស់មន្ត្រីនគរបាល នៅព្រឹកនេះអាជ្ញាធរកំពុងបន្ដសាកសួរចម្លើយជនសង្ស័យទាំង២ ក៏ដូចជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ប្រភពពីមន្ត្រីនៃអធិការនគរបាលស្រុកពួកដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជនជាតិជប៉ុនទាំង២កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរចម្លើយបន្ត និងកសាងសំណុំរឿងទៅតុលាការ។ ប្រភពបន្តថា តាមការសាកសួរជនជាតិជប៉ុនទាំង២នាក់ មានអាយុ២៤ឆ្នាំដូចគ្នា បានចូលមកកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃទី១៦ មីនា ឆ្នាំ២០១៩។ ជនទាំង២បានឆ្លើយថា ពួកគេមានគំនិតមកប្លន់នេះ ដោយសារចង់បានប្រាក់។ តាមការពិនិត្យរបស់នគរបាល ជនសង្ស័យទាំង២ ពុំមានសារធាតុញៀនក្នុងខ្លួនទេ ហើយធ្លាប់ចូលទៅប្រទេសវៀតណាមនៅឆ្នាំ ២០១៨។
គួរបញ្ជាក់ថា ករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្លន់យកឡាន) កើតឡើងនៅចំណុចលើផ្លូវជាតិ៦ ខាងលិចជាប់ស្ថានីយ៍ថ្លឹងរថយន្តស្រុកពួក ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ។ ជនសង្ស័យជាជនជាតិជប៉ុនទាំងពីររូបមានឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានជួលរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ សេរីឆ្នាំ២០០១ របស់ជនរងគ្រោះឈ្មោៈ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជិះពីក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មកក្រុងសៀមរាប ក្នុងតម្លៃ ៣០ដុល្លារ លុះដល់ន្លែងកើតហេតុ ពួកគេក៏ធ្វើសកម្មភាពចាក់សម្លាប់អាករតែម្ដង និងបានទាញជនរងគ្រោះទម្លាក់ចោលលើផ្លូវជាតិលេខ៦។
ក្រោយធ្វើសកម្មភាំពប្លន់រួច ពួកគេក៏បើកគេចក្នុងទិសដៅមកក្រុងសៀមរាបបានប្រហែល២០០ម៉ែត្រ ក៏បុកគោយន្តកន្ដ្រៃដឹកស្រូវ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យបែកកង់រេចង្កូចទៅបុកសសរផ្ទះប្រជាពលរដ្ឋ។ បន្ទាប់មកជនសង្ស័យក៏បានគេចខ្លួន តែត្រូវបាកម្លាំងនគរបាលស្ទាក់ចាប់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com