អន្តរជាតិ
ប្រជាជន​ថៃ​ច្រើន​លាន​នាក់​ចេញទៅ​បោះឆ្នោត​មុន​កំណត់ ដោយ​សង្ឃឹម​ខ្ពស់​ថា​នឹងមាន​ការផ្លាស់ប្តូរ​
18, Mar 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រជាជន​ថៃ​ជាច្រើន​សែន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃអាទិត្យ​ទី ១៧ ខែមីនា នៅតាម​សាលារៀន វត្ត​អារ៉ាម និង​ទីសាធារណៈ​ផ្សេងទៀត​ជាច្រើន​ដែលមាន​ការិយាល័យ​បោះឆ្នោត​តាំងនៅ​ដើម្បី​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ប្រាំ​ឆ្នាំនេះ​។ គេ​សង្កេតឃើញថា ចំនួន​អ្នកបោះឆ្នោត​មុន​កំណត់​នេះ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។


 
​ការបោះឆ្នោត​សភា​មុន​កំណត់​នៅ​ថៃ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃអាទិត្យ​ទី ១៧ ខែមីនា ដើម្បី​សម្រួល​ដល់​ការចូលរួម​របស់​ប្រជាជន​ទូទាំងប្រទេស និង​ជំរុញ​ឲ្យ​ប្រជាជន​ចូលរួម​កាន់តែច្រើន​។ ឯ​ការបោះឆ្នោត​ផ្លូវការ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ២៤ ខែមីនា​ឯណោះ​។​


 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គេ​រំពឹងថា ប្រជាជន​ថៃ​ដែល​បោះឆ្នោត​មុន​កំណត់​នេះ​អាច​នឹងមាន​ចំនួន​លើសពី ២,៣ លាន​នាក់​ឯណោះ​។ គេ​កត់សម្គាល់ថា អ្នកចូលរួម​បោះឆ្នោត​ថ្ងៃ ១៧ ខែមីនា នាំគ្នា​តម្រង់​ជួរ​ដោយ​ទឹកមុខ​រីករាយ​នៅតាម​ការិយាល័យ​បោះឆ្នោត​ប្រកបដោយ​ភាព​អត់ធ្មត់​។ ខ្លះមក​បោះឆ្នោត​ទាំង​ឯកសណ្ឋាន​យោធា ឯកសណ្ឋាន​គ្រូពេទ្យ និង​ខ្លះទៀត​ពាក់​ខោ​អាវធំ​ធ្វើការ​ថែមទៀត​។ 


 
​អ្វីដែល​សំខាន់​ប្រជាជន​ថៃ​ភាគច្រើន​បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់ខ្លួន​ឡើងវិញ​ដើម្បី​ជ្រើសរើស​បក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត ក្រោយ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ក្រុម​យោធា​អស់​ជិត​ប្រាំ​ឆ្នាំ​មកនេះ​។ 


 
​ទាក់ទិន​នឹង​ការបោះឆ្នោត​សាកល​នេះ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ភឿ​ថៃ​លោកស្រី Sudarat Keyuraphan ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ប្រជាជន​ថៃ​ទាំងអស់​មាន​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ការបោះឆ្នោត​លើក​នេះ ដ្បិត​វា​អាច​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំ​ផង​។ ហើយ​អ្វីដែល​សំខាន់ លោកស្រី​មាន​ទំនុកចិត្ត​ថា គណបក្ស​ខ្លួន​នឹង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ផងដែរ​ដើម្បី​ឈានទៅ​ដឹកនាំ​ប្រទេស​។​


 
​យ៉ាងណាមិញ កន្លងមក​អ្នកវិភាគ​ច្រើន​បានផ្តល់​យោបល់​ថា ប្រព័ន្ធ​បោះឆ្នោត​ថ្មី​ដែល​ត្រូវបាន​អនុវត្ត​នោះ​មាន​ភាពលម្អៀង​ទៅរក​គណបក្ស​ដែល​ស្និទ្ធ​នឹង​ក្រុម​យោធា ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ លោក ប្រា​យុទ្ធ ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ពេលដែល​រដ្ឋាភិបាល​ស៊ីវិល​មួយ​ត្រូវបាន​បង្កើតឡើង បើសិន​បក្ស​លោក​ឈ្នះឆ្នោត​។ 


 
​សូមបញ្ជាក់ថា ប្រជាជន​ថៃ​លើស ៥១ លាន​នាក់​ឯណោះ​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​សាកល​ថ្ងៃ ២៤ ខែមីនា​ខាងមុខនេះ​។ វា​ជាការ​បោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​បំផុត​រាប់​ចាប់ពី​ពេលដែល​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដណ្តើម​អំណាច​កាលពី​ខែឧសភា​ឆ្នាំ ២០១៤ និង​មានការ​ពន្យារពេល​បោះឆ្នោត​ជាច្រើនលើក​មក​នោះ​៕

Tag:
 ថៃ​
  បោះឆ្នោត​
  Sudarat Keyuraphan
© រក្សាសិទ្ធិដោយ thmeythmey.com