ជាតិ
សម្ដេច ហ៊ុន សែន ៖ ការឃុំខ្លួនពិរុទ្ធជន ហួសការកំណត់ គឺតុលាការជាអ្នកខុស
× ភ្នំពេញ៖ ពីពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅព្រឹកថ្ងៃទី១៨ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្លឿនការដោះស្រាយបញ្ហាស្ត្រីដែលជាប់ពន្ធនាគារ ដោយមិនទាន់បានការកាត់ទោសឲ្យបានឆាប់ ដើម្បីបញ្ចៀសការកកស្ទះនៅក្នុងពន្ធនាគារ។
សម្ដេច ហ៊ុន សែន ដែលបានបង្កើតក្រុមមេធាវី ដើម្បីជួយដោះស្រាយបញ្ហាស្ត្រីជាប់ពន្ធនាគារ បានរកឃើញថា ស្ត្រីដែលបានកាត់ទោសហើយកំពុងជាប់ពន្ធនាគារ មានចំនួន១ភាគ៣ ខណៈស្ត្រីពិរុទ្ធជន (មិនទាន់កាត់ទោស) មានចំនួន២ភាគ៣ នៃអ្នកកំពុងជាប់ពន្ធនាគារ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យមេធាវីសម្ដេច ពិនិត្យមើលលទ្ធភាពផ្នែកច្បាប់ ក្នុងការធានាស្ត្រីពិរុទ្ធជននោះ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នសិន សើមបន្តនីតិវិធីច្បាប់តាមក្រោយ។
ក្រៅពីនេះសម្ដេច ហ៊ុន សែន ក៏បានស្នើឲ្យតុលាការ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ពន្លឿនការដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីបញ្ចៀសការឃុំខ្លួនពិរុទ្ធជន ហួសការកំណត់នៃច្បាប់ ។ «ដល់មើលទៅឥឡូវហ្នឹង ចេញមកហើយគឺទណ្ឌិតពិតប្រាកដ តែ១ភាគ៣ទេ តែពិរុទ្ធជន២ភាគ៣ ។ អ៊ីចឹងបញ្ហានេះ តុលាការគ្រប់ជាន់ថ្នាក់ រដ្ឋមន្ត្រីយុត្តិធម៌ ត្រូវធ្វើការងារនេះឲ្យលឿន បើមិនអ៊ីចឹងទេ ចាប់គេយកទៅឃុំគឺខុស»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
សូមស្ដាប់ប្រសាសន៍ប្រមុខរដ្ឋាភិបាល៖
ដើម្បីដោះស្រាយបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ក្រុមមេធាវីសម្ដេច បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដោះស្រាយបញ្ហាក្តីក្តាំរបស់ស្ត្រីក្រីក្រ។ តាមរយៈការដោះស្រាយនេះ សម្ដេច ហ៊ុន សែន បានត្រៀមកញ្ចប់ថវិកា៦០០០លានរៀល ដែលស្មើ១,៥លានដុល្លារ សម្រាប់ដំណើរការជួយដោះស្រាយបញ្ហាស្ត្រីជាប់ពន្ធនាគារនេះ។ បើតាមសម្ដេច ហ៊ុន សែន ក្រុមមេធាវីដែលរៀបចំឡើងនេះ មានចំនួន៥០រូប សម្រាប់បំពេញការងារនៅទូទាំងប្រទេស ដោយក្នុងនោះមេធាវីចំនួន២រូប ត្រូវឈរជើងនៅតាមខេត្តនីមួយៗ។ លោក គី តិច គឺជាប្រធានក្រុមមេធាវីរបស់សម្ដេច ហ៊ុន សែន៕
Tag:
ហ៊ុន សែន
អ្នកទោស
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com