អន្តរជាតិ
វក់នឹងលេងហ្គេម PUBG ពេក យុវជនឥណ្ឌា២នាក់ត្រូវរថភ្លើងបុកស្លាប់
× មនុស្ស២នាក់ ដែលញៀននឹងការលេងហ្គេមអនឡាញដ៏ល្បីឈ្មោះមួយហៅកាត់ថា PUBG ត្រូវបានបុកស្លាប់ដោយរថភ្លើងមួយគ្រឿង នៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែមីនា។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅចំណុចផ្លូវបំបែកមួយឈ្មោះថា Khatkali នៅស្រុក Hingoli ក្នុងរដ្ឋ Maharashtra ដែលចម្ងាយប្រមាណ ៥៧០គីឡូម៉ែត្រពីទីក្រុង Mumbai ប្រទេសឥណ្ឌា។
មន្ត្រីសមត្ថកិច្ចម្នាក់ប្រចាំស្នាក់ការប៉ូលីសស្រុក Hingoli និយាយថា អ្នកស្លាប់ជនជាតិឥណ្ឌាទាំងពីរនាក់នោះ មានឈ្មោះថា Nagesh Gore អាយុ ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះថា Swapnil Annapurne អាយុ ២២ឆ្នាំ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌា India Today សមត្ថកិច្ចខាងលើនេះ រៀបរាប់ថា មុនពេលកើតហេតុ គេឃើញអ្នកទាំងពីរកំពុងលេងហ្គេមនៅក្បែរផ្លូវរថភ្លើង។ បន្តិចក្រោយមក ដោយការធ្វេសប្រហែស និងជក់ជាមួយការលេងហ្គេមពេក ពួកគេបានដើរលើគន្លងរថភ្លើង ហើយត្រូវបុកស្លាប់តែម្តង។ សាកសពរបស់ពួកគេ ត្រូវបានប្រជាជនដែលរស់នៅក្បែរៗនោះ រកឃើញនៅយប់ថ្ងៃសៅរ៍ដដែលនោះ។
ហ្គេម PUBG ដែលមានពាក្យពេញថា PlayerUnknown's Battlegrounds គឺជាហ្គេមអនឡាញមួយប្រភេទ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង។ កន្លងទៅ អ្នកជំនាញជាច្រើន អះអាង ហ្គេមនេះមានលក្ខណៈញៀនខ្លាំង និងអាចបង្កជាឥរិយាបថហិង្សាដល់អ្នកលេងមួយចំនួនថែមទៀតផង។
សូមបញ្ជាក់ថា ស្រុក និងក្រុងមួយចំនួនក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា បានដាក់បម្រាមមិនឲ្យលេងហ្គេមប្រភេទនេះ ដោយលើកហេតុផលថា វាមានលក្ខណៈញៀនខ្លាំង និងប៉ះពាល់ដល់កុមារ និងយុវជន។ ជាក់ស្តែងកាលពីសប្តាហ៍មុន សមត្ថកិច្ចក្រុង Rajkot នៃរដ្ឋ Gujarat បានចាប់ខ្លួនមនុស្ស១០នាក់ ចណ្លោះអាយុ ១៨-២២ឆ្នាំ ដោយសារលួចលេងហ្គេមអនឡាញនេះ ដែលល្មើសនឹងច្បាប់៕
Tag:
ឥណ្ឌា
ឧប្បទ្ទវហេតុ
PUBG
© រក្សាសិទ្ធិដោយ thmeythmey.com