ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​មហាផ្ទៃ​៖ អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ជិត​៣០​នាក់ ចង់​សុំ​សិទ្ធិ​នយោបាយ​ជា​ក្រុម​
18, Mar 2019 , 3:39 pm        
រូបភាព
លោក អ៊ូ ច័ន្ទ​រ័ត្ន ជាមនុស្សម្នាក់ ក្នុងចំណោម៥នាក់ ដែលទើបនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ
លោក អ៊ូ ច័ន្ទ​រ័ត្ន ជាមនុស្សម្នាក់ ក្នុងចំណោម៥នាក់ ដែលទើបនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ
ដោយ: ថ្មីៗ
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បង្ហើប​ថា ថ្មីៗ​នេះ មាន​តំណាង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ពិភាក្សា​ពី​ការសុំ​សិទ្ធិ​នយោបាយ​វិញ​។ លោក អះអាងថា តំណាង​ដែល​ទៅ​ជួប​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​សុំ​ធ្វើសំណើ​ជា​ក្រុម​តែម្តង ដែលមាន​គ្នា​ដល់​ទៅ​២៦​នាក់​។


 
​បើតាម​លោក ខៀវ សុភ័គ មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ទៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​ថា ការសុំ​សិទ្ធិ​នយោបាយ គឺត្រូវធ្វើ​ជា​លក្ខណៈ​បុគ្គល ដោយ​មិនអាច​ធ្វើជា​ក្រុម​បានឡើយ​។ លោក បន្តថា រហូតដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​នេះ ក៏មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៥​នាក់​បន្ថែមទៀត បានធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល ទៅ​ក្រសួងមហាផ្ទៃ ក្រោយ​ពួកគេ ស្នើសុំ​ធ្វើសំណើ​ជា​ក្រុម​មិនបាន​។ 
 
​អ្នក​ទាំង​៥​នោះ គឺ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ អ្នកស្រី ទេព សុ​ទ្ធី លោក ជីវ កក្តា និង លោក ចាន់ សីលា​។ ៤នាក់ សុទ្ធតែជា​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដោយ​លើកលែងតែ​លោក លោក ចាន់ សីលា ប៉ុណ្ណោះ ដែលមិនមែនជាតំណាងរាស្រ្ត តែ​លោក ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្សប្រឆាំង​។ 
 
​អ្នកនាំពាក្យ​មហាផ្ទៃ ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​ព័ត៌មាន​កន្លងមក ឮថា​មាន​តំណាង​គណបក្សប្រឆាំង មក​មហាផ្ទៃ ហើយ​ចង់​សុំ​សិទ្ធិ​ជា​ក្រុម តែ​យើង ថា​មិនអាច​ធ្វើ​បានទេ​។ យើង ឲ្យ​ពួគគាត់ ធ្វើសំណើ​ម្នាក់​ម្តង​»​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន ប្រាប់សារ​ព័ត៌មាន​ថ្មីៗ​ថា លោក និង​អ្នក​ទាំង​៤ ពិតជា​បានដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ​មែន​។ ប៉ុន្តែ ចំពោះ​ព័ត៌មាន ដែលថា​មាន​មន្ត្រី​គណបក្សប្រឆាំង​ដល់​ទៅ​២៦​នាក់ ដែលមាន​ចេតនា​ចង់​ធ្វើសំណើ​ជា​ក្រុម​នោះ លោក សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ពេលនេះ ខ្ញុំ សុំ​មិន​និយាយ​អ្វី​ទាំងអស់​។ ពេល​ខ្ញុំ​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ​ហើយ ខ្ញុំ​នឹងធ្វើ​សន្និសីទកាសែត​តែម្តង​»​។ 
 
​មកដល់ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រ​ឆាំំ​ង​៤​នាក់​ហើយ គឺ​លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណ​ឌី និង​លោក រៀល ខេ​ម​រិ​ន្ទ្រ ដែល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ​។

អតីត​ថ្នាក់ដឹកនាំ​ទាំងអស់ មាន​១១៨​នាក់ (​ស្លាប់​ម្នាក់​) ដែល​ត្រូវបាន​តុលាការ​កំពូល ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕
 

Tag:
 ខៀវ សុភ័គ​
  អ៊ូ ច័ន្ទ​រ័ត្ន​
  សិទ្ធិ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com