ONE Championship
កីឡាជាតិ
ជាតិ
អ្នកលេង​គុន​ចម្រុះ ស៊ឹម ប៊ុន​ស្រ៊ន់ រៀប​អាពាហ៍ពិពាហ៍​រូ​ច​ហើយ​នៅ​កំពង់ចាម​
18, Mar 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាករ​គុន​ខ្មែរ​និង​ជា​អត្ត​ព​លិ​ក​គុន​ចម្រុះ​ប្រចាំ​ស្ថាប័ន ONE Championship ស៊ឹម ប៊ុន​ស្រ៊ន់ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងនាម​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្បី​ម្នាក់​។​

 
​តែ​ឥឡូវនេះ ប៊ុន​ស្រ៊ន់ បាន​បំពេញ​គោលដៅ​ផ្សេង​មួយទៀត​ក្នុង​ជីវិត​របស់គេ​។​
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែមីនា ជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់គេ​នៅ​ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​មិត្ត​ភ័ក្ដិ សាច់ញាតិ និង​មិត្ត​រួម​ក្លិប Cambodian Top Team​។​


 
​ប៊ុន​ស្រ៊ន់ បរិយាយ​ពី​អារម្មណ៍​របស់ខ្លួន​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចាប់ដៃ​គូជីវិត​ជាមួយ​ភរិយា​របស់ខ្ញុំ​។ គាត់​មិន​ស្អាត​ខ្លាំង​ណាស់ណា​ទេ តែ​គាត់​គួរឱ្យ​ស្រលាញ់​ណាស់​»​។​
 
​ប៊ុន​ស្រ៊ន់ រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​ស្គាល់គ្នា​ថា​៖ «​ខ្ញុំ​ចាប់អារម្មណ៍​គាត់​ដំបូង​ពេល​ដឹងថា​គាត់​រៀន​ជំនាញ​ច្បាប់​។ គាត់​រៀន​ច្បាប់​ព្រោះ​គាត់​ជា​មនុស្ស​ស្មោះត្រង់ គាត់​ចង់​ជួយ​ធ្វើឱ្យ​ពិភពលោក​មាន​ភាពប្រសើ​រ​ឡើង គាត់​ចង់​កែលម្អ​ច្បាប់​គាត់​ដឹងថា​ខ្ញុំ​ជា​អ្នក​ប្រដាល់​។ កាល​មុន គាត់​មិន​ដែលមាន​អារម្មណ៍​ជាមួយ​អ្នក​ប្រដាល់​យ៉ាងម៉េច​ទេ ចូលចិត្ត​ប្រដាល់​ទេ គាត់​មិនដែល​ស្រមៃ​ដល់​រឿង​ហ្នឹង​(​យកប្ដី​ជា​អ្នក​ប្រដាល់​)​ទាល់តែសោះ​។ គាត់​មិន​ចូលចិត្ត​មើល​ប្រដាល់​ផង​ហ្នឹង​។ តែ​ជាក់ស្ដែង ទីបំផុត​គាត់​បាន​ប្ដី​អ្នក​ប្រដាល់​។ ខ្ញុំ​គិតថា​មកពី​គុណធម៌​របស់ខ្ញុំ គឺ​ទី​១​ស្គាល់​ពី​តម្លៃ​ខ្លួនឯង ទី​២​អ្វីដែល​យើង​ធ្វើ​គឺ​បុព្វហេតុ​ដើម្បី​អ្នកដទៃ​»​។​
 
​ទន្ទឹមនឹងនេះ ប៊ុន​ស្រ៊ន់ បាន​សារភាពថា​គេ​បាន​ដកឃ្លា​ពី​អាជីព​គុន​ចម្រុះ​ដើម្បី​ផ្ដោតលើ​មុខរបរ​កសិកម្ម​របស់​គេ តែ​ថា​គេ​នៅតែមាន​គម្រោង​ត្រលប់មក​ប្រកួត​និង​តំណាង​កម្ពុជា​ជាថ្មី​នៅលើ​ឆាក​ពិភពលោក​របស់ ONE Championship​។​
 
​ដោយបាន​នៅ​ឆ្ងាយ​ពី​ការប្រកួត​គុន​ចម្រុះ​អាជីព​ជាង​១​ឆ្នាំ មានការ​ងឿងឆ្ងល់​ជាច្រើន​ថា​តើ ប៊ុន​ស្រ៊ន់ បន្ត​អាជីព​គុន​ចម្រុះ​ទៀត​ឬទេ​? ប៊ុន​ស្រ៊ន់ អះអាងថា​គេ​នៅតែ​ហ្វឹកហាត់ ទោះបី​គ្មាន​ការប្រកួត​ក៏ដោយ​។​
 
​ប៊ុន​ស្រ៊ន់ បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​រយាល​ពី​ប្រដាល់​ដោយសារតែ​មមាញឹក​ច្រើន​នឹង​របរ​កសិកម្ម​។ តែបើ​មានកម្ម​វិធី​ផ្ដល់ដំណឹង​ដល់​ខ្ញុំ​អំពី​ការប្រកួត នោះ​ខ្ញុំ​នឹង​រយាល​ពីរ​បរ​កសិក​ម្ម​វិញ​ដើម្បី​ផ្ដោតលើ​ការហាត់​ប្រដាល់​គុន​ខ្មែរ​និង MMA»​។​
 
​ប៊ុន​ស្រ៊ន់​បន្តថា​៖ «​សព្វថ្ងៃ ខ្ញុំ​នៅតែ​ទៅ​ហ្វឹកហាត់ តែ​និយាយ​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​ហាត់​មិនសូវ​ញឹកញាប់​ដូច​មុន​ទេ ដោយសារតែ​ខ្ញុំ​រវល់​ជាមួយ​ជំនួញ​កសិកម្ម​របស់ខ្ញុំ​ពេក​។ ប៉ុន្តែ​បើ​មាន​គេ​ហៅ​ខ្ញុំ​ទៅ​ប្រកួត ខ្ញុំ​នឹង​ទៅ​១០០%​។ ពេលនោះ​ខ្ញុំ​នឹង​ផ្ដោតលើ​ការហ្វឹកហាត់​គុន​ខ្មែរ​និង MMA ខ្លាំង​ជាង​នេះ​វិញ​»​។​
 
​ជា​ចុងក្រោយ ប៊ុន​ស្រ៊ន់ បញ្ជាក់ថា​៖ «​ប្រពន្ធ​គាត់​ស្គាល់​ពី​យើង ស្គាល់​ពី​តម្លៃ​យើង អីចឹង​អ្វីដែល​យើង​ធ្វើ​គាត់​ទុកចិត្ត​យើង​។ គាត់​យល់​ពី​យើង គាត់​លើកទឹកចិត្ត​យើង​»៕
 

Tag:
 ONE Championship
  ស៊ឹម ប៊ុន​ស្រ៊ន់
© រក្សាសិទ្ធិដោយ thmeythmey.com