ជាតិ
សង្គមជាតិ
លោក Bernard Krisher ស្ថាបនិក The Cambodia Daily ទទួលមរណភាព​ក្រោយ​កាសែត​បិទទ្វារ​ជិត​២​ឆ្នាំ​
18, Mar 2019 , 4:54 pm        
រូបភាព
លោក Bernard Krisher ស្ថាបនិកកាសែត The Cambodia Daily ទទួលមរណភាពក្នុងអាយុ​៨៧ឆ្នាំ។ ប្រភពរូបថត The Cambodia Daily
លោក Bernard Krisher ស្ថាបនិកកាសែត The Cambodia Daily ទទួលមរណភាពក្នុងអាយុ​៨៧ឆ្នាំ។ ប្រភពរូបថត The Cambodia Daily
ដោយ: ថ្មីៗ
​លោក Bernard Krisher ស្ថាបនិក​កាសែត The Cambodia Daily បានទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។ បើតាម​ការចុះផ្សាយ​រប​ស់ ដឹ ខេ​ម​បូ​ឌា ដេលី លោក Krisher មាន​ជំងឺ​បេះដូង​។

 
 
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​មរណភាព​របស់លោក Krisher ជនជាតិ​អាមេរិក ដែលមាន​កំណើត​នៅ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​។ ស្ថានទូត​អាមេរិក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​លោក Krisher មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ទទួលបាន​ព័ត៌មាន​តែប៉ុណ្ណោះ​ទេ តែ​លោក​ថែមទាំង​បាន​ចំណាយ​ពេលវេលា​របស់លោក​រាប់​ទសវត្សរ៍ ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌​នៅ​កម្ពុជា​»​។     
 
​អ្នកកាសែត អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏បាន​នាំគ្នា​ចូលរួម​រំលែក​ទុក្ខ​តាមរយៈ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដែរ ចំពោះ​ការបាត់បង់​លោក Krisher​។ 

 
 
​ដឹ ខេ​ម​បូ​ឌា ដេលី បាន​រម្លឹក​ពី​គុណសម្បត្តិ​ជាច្រើន​របស់លោក Krisher ដែល​ធ្លាប់ជួយ​ដល់​ប្រទេស​កម្ពុជា ដូចជា​ការបង្កើត​សាលារៀន​តាម​បណ្តា​ខេត្ត​ជាដើម​។ កាសែត​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​លោក Krisher បាន​ចំណាយ​ពេលវេលា​របស់គាត់​៣​ទសវត្សរ៍​ចុងក្រោយ ក្នុង​កិច្ចការ​មនុស្សធម៌​នៅ​កម្ពុជា​»​។ 
 
Krisher បាន​បង្កើត​កាសែត​ខេ​ម​បូ​ឌា ដេលី តាំងពី​ឆ្នាំ​១៩៩១​មក​។ ប៉ុន្តែ កាសែត​នេះ ត្រូវ​បង្ខំចិត្ត​បិទទ្វារ កាល​ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល ទាមទារ​ឲ្យ​បង់ពន្ធ​ជាង​៦​លាន​ដុល្លារ​៕
 

Tag:
 Bernard Krisher
© រក្សាសិទ្ធិដោយ thmeythmey.com