ព្រឹត្តិការណ៍​សម​រាត្រី​ដែលមាន​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​ប្រាង្គ​អង្គរវត្ត នៅ​ថ្ងៃទី​២១ មីនា​
ជាតិ
ព្រឹត្តិការណ៍​សម​រាត្រី​ដែលមាន​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​ប្រាង្គ​អង្គរវត្ត នៅ​ថ្ងៃទី​២១ មីនា​
19, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) នៅ​រដូវប្រាំង នឹង​កើត​មាននៅ​ថ្ងៃទី​២១ មីនា​។ ព្រឹត្តិការណ៍​នេះ នឹងមាន​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាង្គ​អង្គរវត្ត នា​ព្រឹក​ព្រលឹម​ស្រាង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​។​

 
​តាម​ការសិក្សា​របស់​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម​រាត្រី​នា​រដូវប្រាំង នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩​នេះ នឹង​ត្រូវចំ​ថ្ងៃទី​២០ ខែមីនា​ខាងមុខ​។ ពាក់ព័ន្ធ​នឹង​សម​រាត្រី​នេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ពន្យល់ថា វា​ជា​រឿងរ៉ាវ​ទាក់ទង​នឹង​វេលា​ដែល​«​ថ្ងៃ​និង​យប់​»​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ប៉ុន្តែ​នៅក្នុង​ខែ​ខ្លះ គឺ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខែ​ខ្លះទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​
 
​ប៉ុន្តែ​ករណី​ពិសេស​នៅ​អង្គរវត្ត​វិញ គឺ​វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ដែល​ហៅ​សម​រាត្រី​ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត នា​ព្រឹក​ព្រលឹម​ស្រាងៗ ហើយ​អាច​មើលឃើញ​ពី​ខ្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ខ្លោងទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី ដល់​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​នេះ​ជា​អច្ឆរិយការណ៍​របស់​អង្គរវត្ត ដែល​បាន​ស្ថាបនា​ទ្បើង ដោយមាន​ការសិក្សា​គន់​គូរ​យ៉ាង​ល្អិតល្អន់​របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យអង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គណិតសាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ​។ នេះ​គឺជា​ហេតុផល​វិទ្យាសាស្ត្រ​មួយ ដែល​បំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​មិនចេះចប់​ថា ហេតុដូចម្តេច​បានជា​អង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​?»​។​
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ​៕
 

Tag:
 សម​រាត្រី​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com