ជាតិ
សង្គមជាតិ
វៀតណាម ថៃ ឡាវ ជួយ​ផ្គត់​ផ្គង់​អគ្គិសនី​កម្ពុជា ដែល​ត្រូវ​ខ្វះខាត​ដល់​ទៅ​ជាង​ពីរ​ខែ​
18, Mar 2019 , 5:59 pm        
រូបភាព
ដោយ:
​ដោយ​សារការ​ផ្គត់​ផ្គង់​អគ្គិសនី​មិន​គ្រប់គ្រាន់​ក្នុង​រយៈពេល​នេះ កម្ពុជា ក៏​សម្រេច​ស្នើ​ឲ្យ​ប្រទេសជិតខាង​ជួយ​។ អគ្គិសនី​កម្ពុជា (EDC) បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨​មីនា​នេះ​ថា ថៃ បាន​ជួយ​បង្កើន​ការផ្គត់ផ្គង់​បន្ថែម ៨០​មេ​ហ្កា​វ៉ា​ត់ ឡាវ​ជួយ​បន្ថែម ១០​មេ​ហ្កា​វ៉ា​ត់ ហើយ​វៀតណាម បាន​រក្សា​ការ​​ផ្គត់​ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល​។


 
​អគ្គិសនី​កម្ពុជា អះអាងថា ទោះជា​មានការ​ជួយ​ផ្គត់​ផ្គង់​ពី​ប្រទេស​ទាំងនេះ​ក្តី តែ​កម្ពុជា នៅតែ​ខ្វះ​ថាមពល​ប្រមាណ​១៣​ភាគរយ​ទៀត​។ អគ្គិសនី​កម្ពុជា បន្តថា ការខ្វះខាត​នេះ តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុជា កាត់បន្ថយ​ការ​​ផ្គត់​ផ្គង់​ខ្លះ រហូតដល់​រដូវវស្សា​។ 
 
​អគ្គិសនី​កម្ពុជា បន្ថែមថា ការកាត់បន្ថយ​ការ​​ផ្គត់​ផ្គង់ គឺ​ធ្វើ​នៅពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការ​​ផ្គត់​ផ្គង់​ពេលយប់​។ អគ្គិសនី​កម្ពុជា ផ្តល់ព័ត៌មាន​ថា ការលំបាក​នេះ នឹងមាន​រយៈពេល​៧២​ថ្ងៃ គឺ​រហូតដល់​ចុងខែ​ឧសភា​។ 
 
​យ៉ាងណា អគ្គិសនី​កម្ពុជា លើកឡើងថា ថ្ងៃបុណ្យ​ជាតិ និង​ថ្ងៃអាទិត្យ ត្រូវ​រក្សា​ការ​​ផ្គត់​ផ្គង់អគ្គិសនី​ជាធម្មតា​។ ម្យ៉ាងទៀត អគ្គិសនី​កម្ពុជា អះអាងថា ការ​​ផ្គត់​ផ្គង់អគ្គិសនី នឹងមាន​ជា​ប្រក្រតី​វិញ បើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុងខែ​ឧសភា។ លើសពីនេះ អគ្គិសនី​កម្ពុជា កំពុងតែ​សិក្សា​រក​ប្រភព​​ផ្គត់​ផ្គង់អគ្គិសនី​បន្ថែមទៀត​។ ទន្ទឹមនឹងនេះ អគ្គិសនី​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​។ 
 
​បើតាមអគ្គិសនីកម្ពុជាដដែល អាកាសធាតុ​ក្តៅ និង​ការខ្វះ​ទឹក បានធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០១៩ បាន​កើនឡើង​យ៉ាងគំហុក​។ ​អគ្គិសនី​កម្ពុជា ពន្យល់ថា ការខ្វះ​ទឹក ធ្វើ​ឲ្យ​សមត្ថភាព​​ផ្គត់​ផ្គង់​អគ្គិសនី ដែល​ចេញពី​វា​រី​អគ្គិសនី ថយចុះ ដោយ​មិនអាច​ធានា​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស​។ 
 
​ប្រមុខ​រដ្ឋាភិបាល ប្រកាសថា កម្ពុជា ខ្វះ​អគ្គិសនី​ដល់​ទៅ ៤០០​មេ​ហ្កា​វ៉ា​ត់​ឯណោះ ហើយ​កម្ពុជា កំពុង​រង់ចាំ​ការឆ្លើយតប​ពី​ប្រទេស​តួ​ក​គី ក្នុងការ​បញ្ជូន​ម៉ាស៊ីនភ្លើង​មក​កម្ពុជា ដើម្បី​​ផ្គត់​ផ្គង់​អគ្គិសនី​៕ 

អត្ថបទទាក់ទង

Tag:
 កង្វះ​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com