កីឡាជាតិ
ជាតិ
ការប្រកួត​និង​សម្តែង​កីឡា​នៅ​បុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​
19, Mar 2019 , 6:39 am        
រូបភាព
ដោយ:
​ការប្រកួត និង​សម្តែង​កីឡា​ទាំង​១២​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​។ សម្រាប់​លោក វ៉ា​ត់ ចំរើន ការប្រកួត និង​សម្តែង​កីឡា​លើក​នេះ ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​ជា​គំរូ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ក្នុង​បុណ្យ​ទន្លេ​នៅលើ​ក​ក្រោយៗ​ទៀត​។ ទន្ទឹមនឹង​ភាពជោគជ័យ​លើ​ការរៀបចំ លោក ក៏​សង្កេតឃើញ​នៅមាន​ចំណុច​ខ្វះខាត​ផងដែរ ពាក់ព័ន្ធ​នឹង​ប្រាក់រង្វាន់​លើក​ចិត្ត​ទឹក​ដល់​កីឡាករ​។ ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​បានបញ្ចប់​ដោយ​ជោគជ័យ ជាមួយ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១​លាន​នាក់​។

 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​កីឡា​ទាំង​១២​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ ក្រៅពី​កីឡា​រត់​កម្សាន្ត​និង​ប្រណាំង​កង់ ដែល​ទទួលបាន​ការគាំទ្រ​ច្រើន កីឡា​ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​កម្ពុជា​រួមមាន​ល្បុក្កតោ ចំបាប់ ប្រដាល់​គុន​ខ្មែរ និង​ប្រណាំងទូក ក៏​ទទួល​បានការ​គាំ​ត្រ​ច្រើន​ផងដែរ​។ 


 
«​ចំពោះ​សកម្មភាព​កីឡា​ដែលមាន​១២​ប្រភេទ​កីឡា យើង​វាយតម្លៃ​រួម​ថា គ្រប់​ប្រភេទ​កីឡា​ទាំងអស់​មានការ​ចូលរួម​ក៏​ច្រើន ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ក៏​ច្រើន​ដែរ​។ រាល់​សកម្មភាព​កីឡា​តាំងពីព្រឹក​ដល់​យប់ គឺ​តែងតែ​ទទួលបាន​ការ​គាំ​ត្រ​ច្រើន​ជានិច្ច​។ គ្រាន់តែ​អ្នកចូលរួម​លេង​មាន​ប្រមាណ​៣​ពាន់​នាក់ ក្នុងនោះ​រត់ប្រណាំង​មាន​ជាង​២​ពាន់​នាក់ ជិះ​កង់​កម្សាន្ត​ជាង​៥០០​នាក់ ហើយ​កីឡាបាល់ទាត់ បាល់ទះ និង​បាល់បោះ ក៏មាន​ការចូលរួម​ច្រើន​ផងដែរ​»​។ ការលើកឡើង​បែបនេះ​របស់លោក វ៉ា​ត់ ចំរើន ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ទន្លេ​។ 
 
​លោក​បាន​បន្ថែមថា​៖«​អ្វីដែល​យើង​រំភើប​បំផុត​នោះ គឺ​នៅ​ខេត្តកំពង់ឆ្នាំង​ការប្រកួត​កីឡា​ទាញព្រ័ត្រ ល្បុក្កតោ ចំបាប់ និង​ប្រដាល់​គុន​ខ្មែរ​ទទួលបាន​ការគាំទ្រ​ច្រើន​។ ហើយ​ការ​ប្រណាំងសេះ គឺ​វា​បានផ្តល់​ភាព​ប្លែក​ភ្នែក និង​ចំឡែក​ដល់​ប្រជាពលរដ្ឋ​នៅទីនេះ​។ លើ​ល​ពីនេះ ការប្រណាំង​ទូក​ដែល​ទើប​រៀបចំ​លើកដំបូង​នៅ​ខេត្ត​នេះ គឺ​ទទួលបាន​ការគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​មាត់ទន្លេ​ផ្ទាល់​តែម្តង​។ ដូច្នេះ​ជា​សរុប​យើង​វាយតម្លៃថា ការប្រកួត​និង​សម្តែង​កីឡា​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយ​វា​ជា​បទពិសោធ​មួយ​ដ៏​ល្អ​ក្នុងការ​កែលម្អ​ការរៀបចំ​សកម្មភាព​កីឡា​នៅ​បុណ្យ​ទន្លេ​លើក​ក្រោយៗ​ទៀត​»​។ 
 
​លោក វ៉ា​ត់ ចំរើន បានចាត់ទុក​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​នេះ គឺ​កើតចេញពី​ការសហការ​ល្អ​រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​។ ទន្ទឹមនឹង​ភាពជោគជ័យ គេ​សង្កេតឃើញថា ការឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​នៅមានកម្រិត​តិចតួច​នៅឡើយ តែ​មិនមែនជា​បញ្ហា​ចោទ​នោះទេ​។  


 
​ពាក់ព័ន្ធ​នឹង​ចំណុច​ខ្វះខាត​លោក វ៉ា​ត់ ចំរើន បាន​រៀបរាប់ថា​៖«​យើង​នៅមាន​ចំណុចខ្សោយ​ខ្លះ​ដូចជា ការឧបត្ថម្ភ ការលើកទឹកចិត្ត​នៅមានកម្រិត​តិចតួច ដោយសារ​យើង​គិតថា យើង​នៅមាន​លទ្ធភាព​តិចតួច​ក្នុងការ​លើកទឹកចិត្ត ហើយ​ការចូល​រួមមាន​ទំហំ​ធំ​។ ដូច្នេះ​ការលើកទឹកចិត្ត​របស់​យើង​មិនអាច​ផ្គាប់ចិត្ត​អ្នកចូលរួម​លេង​កីឡា​នេះ​បានទេ​។ តែ​យើង​បាន​ពន្យល់​ពួកគេ​ពី​បញ្ហា​នេះ ហើយ​ពួកគេ​ក៏​យល់​ពី​គោលបំណង​របស់​យើង​ដែរ​»​។        
 
​លោក វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ផង​នោះបាន​វាយតម្លៃថា ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា ឆ្នាំ​២០១៩ បានបញ្ចប់​ដោយ​ជោគជ័យ ជាមួយ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១​លាន​នាក់​ឲ្យ​ទស្សនា​ក្នុង​ពិធីបុណ្យ​នេះ​។ ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ទេសចរណ៍ និង​ប្រជាជន​» ដែល​បាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ ខែមីនា ក្រោម​វត្តមាន​របស់​សម្តេច ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន​។ សម្រាប់​បុណ្យ​ទន្លេ​បន្ទាប់​ក្រសួងទេសចរណ៍​មិនទាន់​បានកំណត់​យក​ខេត្ត​មួយណា​នៅឡើយ​ទេ​៕ 
















 

Tag:
 ​បុណ្យ​ទន្លេ​
  វ៉ា​ត់ ចំរើន​
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com