ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក ប្រទេស​ថៃ​
19, Mar 2019 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ មីនា​នេះ សម្ដេច ហ៊ុន សែន បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក ប្រទេស​ថៃ​។ លោក Krasae Chanawongse  ប្រធាន​សាកលវិទ្យាល័យ​គ្រើ​ក ជា​អ្នក​ប្រគល់​សញ្ញាបត្រ​ជូន​សម្ដេច ហ៊ុន សែន​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ លោក Krasae Chanawongse បាន​និយាយថា ការប្រគល់​សញ្ញាបត្រ​ឲ្យ​សម្ដេច​នេះ ដោយសារ​ផ្អែកលើ​សមត្ថភាព​នៃ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​៤០​ឆ្នាំ​មក ដែល​បាន​នាំ​កម្ពុជា​ចេញពី​ភ្លើងសង្គ្រាម ហើយ​ឈានទៅដល់​ការទទួលស្គាល់​ពី​សំណាក់​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​ទំនាក់ទំនង​នយោបាយ​ការបរទេស​បាន​យ៉ាង​ល្អ​។ បើតាម​ប្រធាន​សាកលវិទ្យាល័យ​គ្រើ​ក កម្ពុជា​កំពុងមាន​វត្តមាន​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ឆាក​អន្តរជាតិ​ទៀតផង​។ នោះ​ក៏​ព្រោះតែ​ការប្រើប្រាស់​សិល្បៈ និង​វិទ្យាសាស្ត្រ​ផ្នែក​ទំនាក់ទំនង​នយោបាយ​ក្នុងការ​គ្រប់គ្រង​ប្រទេស និង​ការដឹកនាំ​ប្រជាជាតិ​ឆ្ពោះ​ទៅដល់​វិបុលភាព ។ នេះ​បើតាម​លោក Krasae Chanawongse ។​
 
​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​នេះ ចាត់ទុក​វា​ជា​អត្ថន័យ​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​សម្ដេច ដែល​ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​សាកលវិទ្យាល័យ​គ្រើ​ក ប្រទេស​ថៃ​នេះ​។ បើតាម​សម្ដេច ហ៊ុន សែន សញ្ញាបត្រ​មួយ​សន្លឹក​នេះ វា​ក៏​បញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ល្អ​រវាង​ប្រទេស​កម្ពុជា​-​ថៃ ក្នុង​ផ្នែក​នយោបាយ​ការទូត សេដ្ឋកិច្ច វប្បធម៌ និង​សន្តិសុខ​ផងដែរ​។​
 
​អម​ជាមួយ​ការលើកឡើង​ខាងលើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ភ្លេច​ពី​ការប្ដេជ្ញាចិត្ត​ដឹកនាំ​កម្ពុជា ឈាន​ឲ្យ​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​ឡើយ​។​
 
​គួរ​បញ្ជាក់ថា សម្ដេច ហ៊ុន សែន ធ្លាប់​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​នៅ​ប្រទេស​នានា​ផ្សេងទៀត ចាប់តាំងពី​ឆ្នាំ​ទសវត្ស ៩០​មក ។ ក្នុងនោះ​ឆ្នាំ​១៩៩៥ សម្តេច បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង សម្រាប់​ការសិក្សា​មុខជំនាញ​។ នៅ​ឆ្នាំ​១៩៩៦ បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​ច្បាប់​ពី​មហាវិទ្យាល័យ វ៉ែ​ស​ឡេ​យ៉ិ​ន (Wesleyan) រដ្ឋ​អាយ​អូ​វ៉ា (Iowa) នៃ​សហរដ្ឋអាមេរិក​ជាដើម​។ នេះ​បើតាម លោក Krasae Chanawongse ប្រធាន​សាកលវិទ្យាល័យ​គ្រើ​ក ដែល​អាន​ពី​គុណសម្បត្តិ​មេដឹកនាំ​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com