លោក សម រង្ស៊ី មិនចង់ឲ្យអតីតថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ ទៅបន្ទាបខ្លួនសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលឡើយ។ មេដឹកនាំក្រុមប្រឆាំង ដែលកំពុងនិរទេសរូបនេះ ចាត់ទុកការសុំសិទ្ធិនយោបាយថា ដូចគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្តឃុំឃាំងលោក កឹម សុខា ហើយដូចជាមិនឲ្យអតីតគណបក្សប្រឆាំង ដំណើរការឡើងវិញដែរ។
តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ប្រាប់ទៅក្រុមអ្នកប្រឆាំងថា ក្រោមសម្ពាធអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យអតីតគណបក្សប្រឆាំង ដំណើរការឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ផ្ញើសារទៅក្រុមអ្នកប្រឆាំងយ៉ាងដូច្នេះថា៖«កុំប្រញាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន ឆាប់ពេក»។
មិនមែនជាលើកទីមួយទេដែលលោក សម រង្ស៊ី ផ្ញើសារបែបនេះ ទៅក្រុមអ្នកប្រឆាំងរបស់លោក។ លោក បានអំពាវនាវម្តងជាពីរដងហើយ កុំឲ្យមន្ត្រីរបស់លោក រត់ទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល តែត្រូវរួមគ្នាបន្តទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន។ លោក ធ្លាប់ប្រកាសថា អ្នកដែលរត់ទៅសុំសិទ្ធិនយោបាយ គឺជាជនក្បត់បក្ស។ លោក ក៏ធ្លាប់ពន្យល់ដែរថា ទោះជាទទួលបានសិទ្ធិនយោបាយវិញ ក៏អត់ប្រយោជន៍ដែរ ខណៈលោក កឹម សុខា នៅតែជាប់ឃុំ ហើយអតីតគណបក្សប្រឆាំង មិនទាន់រស់ឡើងវិញ។
ទោះលោក សម រង្ស៊ី ខិតខំយ៉ាងណា ក៏មិនអាចទប់ស្កាត់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់បានដែរ។ ក្នុងចំណោមអតីតថ្នាក់ដឹកនាំទាំង១១៨នាក់ ដែលត្រូវបានដកសិទ្ធិនយោបាយ មាន៤នាក់ហើយ ដែលទទួលបានវិញ ដែលរួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណនី និង លោក រៀល ខេមរិន្ទ្រ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែមាន៥នាក់បន្ថែមទៀត បានដាក់សំណើសុំសិទ្ធិនយោបាយ។ អ្នកទាំង៥នោះ មាន៤នាក់ ជាអតីតតំណាងរាស្ត្រ គឺលោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី និង លោក ជីវ កក្តា ហើយម្នាក់ទៀត ជាអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សប្រឆាំង គឺលោក ចាន់ សីលា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បង្ហើបថា អាចមានអ្នកផ្សេងទៀត ដែលនឹងសុំសិទ្ធិនយោបាយ។ លោក អះអាងថា កន្លងមក ធ្លាប់មានអតីតមន្ត្រីគណបក្សប្រឆាំង ទៅក្រសួងមហាផ្ទៃ ដោយសុំធ្វើសំណើជាក្រុម ដែលអាចមានគ្នាដល់ទៅជាង២០នាក់។
អ្នកនាំពាក្យរូបនេះ ប្រាប់ថា ក្រសួងមហាផ្ទៃ បានបដិសេធនឹងសំណើរបស់អតីតមន្ត្រីគណបក្សប្រឆាំង ដោយណែនាំពួកគេឲ្យធ្វើសំណើជាលក្ខណៈបុគ្គលវិញ ទើបអាចទៅរួច ហើយបន្ទាប់មក ក៏មានអតីតមន្ត្រីបក្សប្រឆាំង៥នាក់ខាងលើ បានដាក់សំណើជាលក្ខណៈបុគ្គល។
ការសម្រេចចិត្តដាក់សំណើសុំសិទ្ធិនយោបាយនេះ គឺធ្វើឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ការផ្តល់សិទ្ធិនយោបាយ អាចនឹងត្រូវបញ្ឈប់ នៅមុនឬក្រោយចូលឆ្នាំខ្មែរ បើក្រុមអ្នកប្រឆាំង មិនព្រមសុំនៅពេលនេះ។
ជុំវិញករណីរបស់លោក កឹម សុខា បើគិតទាំងការជាប់ឃុំក្នុងពន្ធនាគារ និងការដាក់ឲ្យស្ថិតនៅក្នុងផ្ទះ គឺមានរយៈពេលលើសពីមួយឆ្នាំកន្លះហើយ។ អ្នកប្រឆាំង នៅតែចាត់ទុកលោក កឹម សុខ ថាជាជនជាប់ឃុំ ទោះជាលោក ចេញពីពន្ធនាគារ ទៅរស់នៅក្នុងផ្ទះក៏ដោយ ព្រោះលោក មិនទាន់ទទួលបានសេរីភាពពេញលេញទេ ហើយបទចោទ នៅតែមិនទាន់ទម្លាក់ចោលដដែល។
យ៉ាងណា តុលាការនិងក្រសួងយុត្តិធម៌ បកស្រាយថា លោក កឹម សុខា ត្រូវបានដោះលែងជាបណ្តោះអាសន្នហើយ មិនមែនជាជនជាប់ឃុំនោះទេ ដោយលោក គ្រាន់តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង ជាប់បម្រាមខ្លះៗពីតុលាការប៉ុណ្ណោះ។ បម្រាមទាំងនោះ រួមមាន មិនឲ្យចេញទៅណាហួសពីព្រំដែនកំណត់ មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង មិនឲ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង៕