ជាតិ
ក្រសួងវប្បធម៌នឹងកោះហៅផលិតកម្មសាន់ដេ មកដោះស្រាយតាមផ្លូវច្បាប់លើករណីបទចម្រៀងនាយចឺម រូបពីហ្វេសប៊ុកអ្នកស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
× ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលកំពុងដំណើរការនិតិវិធី កោះហៅភាគីផលិតកម្មសាន់ដេ ដែលបានយកបទ« ថ្ងៃដែលអូនចុកឈាម» ឬបទ «នឹកភូមិភ្នំធំ» យកទៅកាឡៃទំនុកភ្លេងហើយដាក់ថានិពន្ធដោយខ្លួនឯង នៃបទ«អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលច្រៀងដោយនាយចឺម ។
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល បានបំភ្លឺថាករណីបទ «ថ្ងៃដែលអូនចុកឈាម» ឬបទ «នឹកភូមិភ្នំធំ» គឺស្ថិតនៅក្រោយការគ្រប់គ្រងរបស់ក្រសួង ព្រោះលោក គង្គ ប៊ុនឈឿន មុនពេលចែកឋាន មិនទាន់បានផ្ទេរបណ្ដាំមរតកសាស្ត្រដល់គ្រួសារឬភរិយានៅឡើយ។ ដូច្នេះករណីផលិតកម្មសាន់ដេយកបទខាងលើទៅកាឡៃ ខុសសភាពដើមដោយមិនបានសុំការអនុញ្ញាតនេះ គឺក្រសួងជាអ្នកចាត់ការតាមផ្លូវច្បាប់។
ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលរូបនេះ បានបញ្ជាក់បន្ថែមថា បទ «ថ្ងៃដែលអូនចុកឈាម» នេះ ក៏មិនទាន់ក្លាយជាកម្មសិទ្ធរបស់គ្រួសារលោក គង្គ ប៊ុនឈឿន ដែរ ពោលគឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យឯកសារ ដែលអ្នកស្រី គាត គឹមលន ត្រូវជាភរិយាកវីម្ចាស់ស្ទឹងសង្កែ បានប្រមូលឯកសារពាក់ព័ន្ធ ដើម្បីសុំចុះកម្មសិទ្ធិបញ្ញាលើបទចម្រៀងជាង១០០បទបន្ថែមទៀតកន្លងមក។
លោក ស៊ឹម សត្តា បញ្ជាក់បន្ថែម ៖«ករណីបទចម្រៀងនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។ ក្រសួងកំពុងដំណើរការនីតិវិធីកោះហៅផលិតកម្មសាមីមកដោះស្រាយតាមផ្លូវច្បាប់ហើយ។ ដ្បិតករណីនេះគ្រួសាររបស់លោក គង្គ ប៊ុនឈឿន មិនទាន់ទទួលបានកម្មសិទ្ធិបញ្ញា តែអ្នកស្រី គាត គឹមលន ដែលត្រូវជាភរិយាលោក គង្គ ប៊ុនឈឿន ធ្លាប់បានប្រមូលឯកសារពាក់ព័ន្ធដើម្បីសុំចុះកម្មសិទ្ធិលើបទចម្រៀងជាង១០០បទទៀតរួចហើយ គ្រាន់តែឯកសារមិនទាន់គ្រប់គ្រាន់តែប៉ុណ្ណោះ»។
មូលហេតុដែលគ្រួសារលោក គង្គ ប៊ុនឈឿន មិនសុខចិត្តចំពោះបទចម្រៀងដែលនាយចឺមច្រៀងនោះ ក្រោហេតុផលថា ផលិតកម្មសាន់ដេ យកបទចម្រៀង«ថ្ងៃដែលអូនចុកឈាម» ឬ «នឹកភូមិភ្នំធំ» ទៅកាឡៃ ដែលបង្ហាញពីការមិនឱ្យតម្លៃស្នាដៃដើម។ កូនស្រីកវីម្ចាស់ស្ទឹងសង្កែរូបនេះអ្នកស្រី ប៊ុនឈឿន សូរីដា ទាមទារឱ្យផលិតកម្មសាមីដកបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលច្រៀងដោយនាយចឺមចេញ ហើយត្រូវធ្វើទៅតាមនិតិវិធីច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។
យោងតាមច្បាប់នៃសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ស្ដីពីការរំលោភកម្មសិទ្ធិបញ្ញា រាល់បទល្មើសដែលផលិតឡើងវិញ សម្ដែងឡើងវិញ ផលិតបន្ត ឬយកទៅធ្វើអ្វីផ្សេង ដោយមិនមានការអនុញ្ញាតពីអ្នកនិពន្ធ ឬក្រសួងសាមី ត្រូវបង់ពិន័យជាប្រាក់ពី៥លានរៀល ទៅ ២៥លានរៀល ឬជាប់ពន្ធនាគារពី៦ខែ ទៅ ១២ខែ។ ក្នុងករណីមិនរាងចាលនឹងផ្ដន្ទាទោសទ្វេដង។នេះបើតាម លោក ស៊ឹម សត្តា ៕
Tag:
គង្គ ប៊ុនឈឿន
គាត គឹមលន
សិល្បៈ
ចម្រៀង
ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com