កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ប្រឈម​ពិន័យ​១​ប្រកួត​ពេល​ប៉ះ Ajax ព្រោះ​ប្រើ​ឥរិយាបទ​អាសអាភាស​ដាក់​អ្នកគាំទ្រ AT-Madrid
19, Mar 2019 , 12:09 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ​របស់​ក្រុម Juventus ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ឥរិយាបទ​មិន​សមរម្យ​ពេល​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ​លើ Atletico Madrid ៣-០ ក្នុង​វគ្គ​១៦​ក្រុម ជើង​ទី​២​ពានរង្វាន់ Champions League​។​

 
​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ ៣៤​ឆ្នាំ​រូបនេះ​ហាក់ដូចជា​ធ្វើ​ត្រាប់​តាម​គ្រូបង្វឹក AT-Madrid លោក Diego Simeone ដែល​ប្រើ​អាកប្បកិរិយា​អាសអាភាស​ទៅកាន់​អ្នកគាំទ្រ ខណៈដែល​ក្រុម​ពី​អេ​ស្ប៉ា​ញ​ឈ្នះ Juventus ២-០ កាលពី​ជំនួប​ជើង​ទី​១​។​
 
​ក្នុងជំនួប​ជើង​ទី​ពីរ Ronaldo បានសម្រេច​គ្រាប់​បាល់ Hat-Trick ឲ្យ​ក្រុម​សេះបង្កង់​ហើយ​រូបគេ​បានធ្វើ​កាយវិការ​មិន​ស​ម​រម្យ​ដូច​លោក Simeone ដាក់​អ្នកគាំទ្រ AT-Madrid នៅពេល​អបអរ​គ្រាប់​បាល់​ស៊ុត​ចូល​ទី​៣ ដើម្បី​ជួយ Juventus ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។​


លោក Diego Simeone ដែលធ្វើកាយវិការមិនសមរម្យដាក់អ្នកគាំទ្រពេល AT-Madrid ឈ្នះ Juventus ២-០
 
​ទង្វើ​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យនេះ​ត្រូវ UEFA យកទៅ​ពិនិត្យមើល ហើយ​ពិចារណា​ថា តើ​ត្រូវ​ដាក់ពិន័យ​បែបណា​? សម្រាប់​ការដាក់ពិន័យ​ត្រូវ​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី​២១ ខែមីនា ក្នុងនោះ​មានការ​ជឿជាក់ថា Ronaldo អាច​នឹងរង​ពិន័យ​១​ប្រកួត​ក្នុង​ក្របខណ្ឌ Champions League ពេល Juventus ប៉ះ Ajax ក្នុងជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ​។​
 
​សូមបញ្ជាក់ថា គ្រូ AT-Madrid លោក Simeone ត្រូវ UEFA ពិន័យ​ជា​ប្រាក់​ចំនួន ១៧០០០​ផោន (២២៥០០​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ប្រើ​អាកប្បកិរិយា​អាសអាភាស​ក្នុង​ទីលាន​ប្រកួត​៕
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Juventus
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com