អន្តរជាតិ
ធនាគារ​រដ្ឋ​របស់​ថៃ ត្រៀម​ជួយ​កសិករ ដែល​ប្រឈម​គ្រោះរាំងស្ងួត​
19, Mar 2019 , 7:19 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
ដោយ: ថ្មីៗ
ធនាគារ​កសិកម្ម​រប​ស់​រដ្ឋ​ថៃ (BACC) នឹងដាក់​ចេញ​វិធាន​ការជួយ​រំលែក​បន្ទុក​របស់​កសិក​រ ដោយ​អនុគ្រោះ​ដល់​ការបង់​សង​ការប្រាក់​ជា​ដំណាក់កាល​រហូតដល់រ​យៈ​ពេល​៣​ឆ្នាំ​។ វិធានការ​នេះ ត្រូវបាន​ត្រៀម​ដាក់ចេញ​ដើម្បី​រួមចំណែក​ដោះស្រាយ​ក្នុង​បញ្ហា​គ្រោះរាំងស្ងួត​ឆ្នាំនេះ ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​សងបំណុល​របស់​កសិករ​។ នេះ​បើតាម​ប្រធាន​ធនាគារ BAAC លោក Apirom Sukprasert ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​ការ​សែត​បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​១៨​ខែមីនា​។​


 
​ទោះបី​រដ្ឋាភិបាល​ក្នុងពេល​ថ្មីៗ​នេះ បាន​អនុគ្រោះ​ព្យួរ​ការបង់​សង​ប្រាក់​ដើម​សម្រាប់​រយៈពេល​៣​ឆ្នាំ តែ​កសិករ​នៅតែ​បង់​ការប្រាក់​។ ដូចនេះហើយ​ធនាគារ BAAC កំពុង​ត្រៀម​អនុគ្រោះ​ការបង់​ការប្រាក់ ដល់​រយៈពេល​៣​ឆ្នាំ បើសិន​ភាពរាំងស្ងួត​បំផ្លាញ​ផល​ចំណូល​របស់​ពួកគេ​។​
 
​ឆ្នាំមុន គណៈរដ្ឋមន្ត្រី​ថៃ​បានអនុម័ត​វិធានការ​ពីរ​ដើម្បី​ជួយឧបត្ថម្ភ​កសិករ​។ ទី​១​គឺ​ការពន្យារ​ការសង​បំណុល​របស់​អ្នក​ខ្ចីលុយ​ធនាគារ BACC ចំនួន ៣,៨១​លាន​នាក់ សម្រាប់​រយៈពេល​៣​ឆ្នាំ ពី​ខែសីហា​ឆ្នាំ​២០១៨ ដល់​ខែកក្កដា​ឆ្នាំ​២០២១​។ កសិករ​ត្រូវ​បានទាមទារ​ឲ្យ​បង់​ការប្រាក់​ម្ដង​ក្នុង​រយៈពេល​មួយឆ្នាំ​។ វិធានការ​ទី​២ រដ្ឋាភិបាល​ទម្លាក់​អត្រា​ការប្រាក់​សម្រាប់​រយៈពេល​មួយឆ្នាំ​ទៅដល់​កសិករ​ខ្នាតតូច ចន្លោះ​ខែសីហា​ឆ្នាំ​២០១៨ ដល់​ខែកក្កដា​ឆ្នាំ​២០១៩ ដែល​ខ្ចី​ត្រឹម​៣​សែន​បាត តែបើ​ខ្ចី​លើស​នេះ​ត្រូវ​បង់ការ​ប្រាក់​ធម្មតា​។​
 
​រដ្ឋ​ជួយឧបត្ថម្ភ​ធន ២,៥​ភាគរយ​នៃ​អត្រា​កា​ប្រាក់​ប្រចាំឆ្នាំ​របស់​កសិករ ខណៈ​ធនាគារ​កសិកម្ម​របស់​រដ្ឋ​ជួយ ០,៥​ភាគរយ​ក្នុង​មួយឆ្នាំ​។​
 
​ធនាគារ BAAC បាន​រាយការណ៍​ថា កសិករ​ខ្នាតតូច​ជំពាក់​បំណុល​ស្ថាប័ន​ខ្លួន ៦៥០​ពាន់​លាន​បាត ខណៈ​រដ្ឋាភិបាល​ប៉ាន់​ស្មានថា​កសិករ​ខ្នាតតូច ១០​លាន​នាក់​នឹងមាន​សិទ្ធិ​ទទួលបាន​អត្ថប្រយោជន៍​ពី​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​។​
 
​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn ក្នុងពេល​កន្លងមក​បាន​ព្យាករ​ថា​រដូវ​រាំងស្ងួត​ឆ្នាំនេះ​នឹង​បង្ក​ការខូចខាត ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៥,៣​ពាន់​លាន​បាត ជាពិសេស​ប៉ះពាល់​ការប្រមូល​ផល​ស្រូវប្រាំង​៕
 

Tag:
 ​ថៃ​
  BACC
© រក្សាសិទ្ធិដោយ thmeythmey.com