ជាតិ
សេដ្ឋកិច្ច
គ្រាប់ស្វាយចន្ទី​មិនទាន់​ច្នៃ​៧០​ភាគរយ នាំ​ចូលទៅ​ទីផ្សារ​វៀតណាម​
19, Mar 2019 , 8:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចេញ គ្រាប់ស្វាយចន្ទី​មិនទាន់​ច្នៃ​ចំនួន​៧០​ភាគរយ ទៅ​ប្រទេស​វៀតណាម និង​៣០​ភាគរយ​ទៀត បាន​កែច្នៃ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​នាំ​ចេញទៅ​ប្រទេស​ផ្សេងៗ​។ នេះ​បើ​យោងតាម​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​Thmey Thmey តាម​ទូរ​សព្ទ ថា ទំហំ​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើន ដោយសារតែ​លទ្ធភាព នៃ​ការកែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក​មាន​កម្រិត​ទាប​នៅឡើយ ហើយ​បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធំៗ​តែ​បួន​កន្លែង​ប៉ុណ្ណោះ ដែលមាន​នៅក្នុង​ខេត្តកំពង់ធំ កំពង់ចាម ព្រះវិហារ និង​ត្បូងឃ្មុំ​។​


រូបភាពពីហ្វេសប៊ុក
 
​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ជាង​១៧​ម៉ឺន​ហិកតា ដែល​អាច​ផ្តល់​ផល​គ្រាប់ស្វាយចន្ទី​បាន​ជិត ១៣៧​ម៉ឺន​តោន​។​
 
​កាលពី​ថ្ងៃទី​១២ មីនា ឆ្នាំ​២០១៩​ក្រសួងកសិកម្ម បានសម្រេច​បង្កើត​ក្រុមការងារ​សិក្សា​ជួយ​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា ក្នុង​បំណង​ជំរុញ​គោលដៅ នាំចេញ​គ្រាប់ស្វាយចន្ទី​ស្រស់ ក្នុង​បរិមាណ​១​លាន​តោន នៅ​ឆ្នាំ​២០២៩​។​
 
​ក្រុមការងារ​ដែល​បង្កើត​ឡើង​ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សមាសភាព​២៣​រូប ដែល​ដឹកនាំ​ដោយ​លោក ងិន ឆាយ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​រដ្ឋ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ខណៈ​លោក ប្រាក់ ជាតិ​ថូ អគ្គនាយករង ទទួលបន្ទុក​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។​
 
​សមាជិក​ផ្សេងទៀត មាន​សមាសភាព​មកពី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន និង​ការិយាល័យ​នានា របស់​ក្រសួង រួមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ កំពង់ចាម រតនគិរី ត្បូងឃ្មុំ សៀមរាប ស្ទឹងត្រែង កំពត កំពង់ឆ្នាំង ក្រចេះ និង​មណ្ឌលគិរី​៕
 

Tag:
 កសិកម្ម​
  គ្រាប់ស្វាយចន្ទី​
© រក្សាសិទ្ធិដោយ thmeythmey.com