កីឡាអន្តរជាតិ
អន្តរជាតិ
ចិនដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023 ដើម្បីឆ្ពោះទៅដឹកនាំ World Cup ប្រធានាធិបតិចិន ស៊ី ជីនភីងកំពុងទាត់បាល់។ រូបភាព Xinhua
× មហាយក្សចិនបានសម្រេចដាក់ពាក្យដេញថ្លៃជាផ្លូវការដើម្បីសុំសិទ្ធិដឹកនាំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី (Asian Cup) ឆ្នាំ២០២៣។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន ខណៈដែលប្រទេសមហាអំណាចមួយនេះក៏មានបំនងរៀបចំធ្វើម្ចាស់ផ្ទះ World Cup ផងដែរ។
ចិនធ្លាប់រៀបចំព្រឹត្តិការណ៍ Asian Cup ម្តងរួចមកហើយកាលពីឆ្នាំ ២០០៤ ប៉ុន្តែការប៉ុនប៉ងធ្វើម្ចាស់ផ្ទះកីឡាតំបន់អាស៊ីសម្រាប់ឆ្នាំ២០២៣នេះ គឺដើម្បីត្រួសត្រាយផ្លូវក្នុងការសម្រេចបំណងរបស់ប្រធានាធិបតីចិន ស៊ី ជីនភីងដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក។
ការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០៣០ ឬ ២០៣៤ ត្រូវបានគេជឿជាក់ថានឹងធ្លាក់ទៅលើប្រទេសមហាអំណាចលំដាប់ទី២ពិភពលោកមួយនេះ។
ការរៀបចំព្រឹត្តិការណ៍ Asian Cup 2023 នឹងជួយចិនឆ្ពោះទៅកាន់ការប្រកួត World Cup នាពេលខាងមុខដ៏ខ្លី ប៉ុន្តែពួកគេក៏ប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីសំណាក់កូរ៉េខាងត្បូងផងដែរ។
ទីភ្នាក់ងារព័ត៌មាន Xinhua អះអាងថាការមានការប្រកួត Asian Cup ជាថ្មីម្តងទៀតលើទឹកដីចិននឹង«លើកកម្ពស់ប្រជាប្រិយភាព និងការអភិវឌ្ឍកីឡាបាល់ទាត់ក្នុងប្រទេសនេះ»។
ចិនបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីអាស៊ីឆ្នាំ២០១៩ ដែលអេមីរ៉ាតអារ៉ាប់រួមធ្វើម្ចាស់ផ្ទះប៉ុន្តែត្រូវធ្លាក់ត្រឹមវគ្គនេះក្រោយចាញ់អ៊ីរ៉ង់ ៣-០។ បន្ទាប់ពីបរាជ័យគ្រូបង្វឹកចិនលោក Marcello Lippi ក៏បានប្រកាសចុះចេញពីតំណែងទៀតផង។
អតីតខ្សែការពារឆ្នើម Real Madrid និងជម្រើសជាតិអ៊ីតាលីលោក Fabio Cannavaro ត្រូវបានតែងតាំងជាអ្នកស្នងតំណែងលោក Lippi ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។
Cannavaro វ័យ៤៥ឆ្នាំ ដែលជាតួអង្គដ៏មានឥទ្ធិពលក្នុងវិស័យកីឡាបាល់ទាត់ចិន នៅមានតួនាទីជាអ្នកចាត់ការក្រុម Guangzhou Evergrande នៃលីគបាល់ទាត់ Chinese Super League នៅឡើយ។ ដូច្នេះលោកត្រូវមានកាតព្វកិច្ចដឹកនាំជម្រើសជាតិចិនផង និងក្លិបផង។
Cannavaro នឹងដឹកនាំចិនសម្រាប់ជំនួបដំបូងក្នុងនាមជាគ្រូវបង្វឹកនាការប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិថៃនៅថ្ងៃទី២១ ខែមីនាខាងមុខ៕
Tag:
បាល់ទាត់
Asian Cup
World Cup
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com