ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ស្នើ​ឲ្យ​សមត្ថកិច្ច​និង​ពលរដ្ឋ រួមគ្នា​បង្ការ​អគ្គិភ័យ ដែល​ងាយ​ឆាបឆេះ​នា​រដូវប្រាំង​
20, Mar 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​អាជ្ញាធរ​និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ឲ្យ​ចូលរួម​ការពារ​និង​បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ​។

 

 
​តាមរយៈ​សេចក្តីអំពាវនាវ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៩​មីនា សម្តេច ស ខេង ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​និង​គ្រប់ភាគី​ពាក់ព័ន្ធ បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ចំពោះ​ដើមចម ដែល​អាចបង្កើត​ឲ្យ​មាន​អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប​-​ទៀន ការដុត​សំរាម ព្រៃ ចម្ការ វាលស្រែ ការបោះ​កន្ទុយបារី​ផ្តេសផ្តាស ការតភ្ជាប់​ឬ​ការប្រើ​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេង​ឥន្ទ​នៈ ឧស្ម័ន​ចំហេះ និង វត្ថុ​ងាយ​ឆេះ ជាដើម​។  
 
​លើសពីនេះ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​យកចិត្តទុកដាក់​និង​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​អគ្គិសនី និង​ផ្លូវ​សាធារណៈ​នៅ​តំបន់​ងាយ​រងគ្រោះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចុះ​អន្តរាគមន៍​សង្គ្រោះ បាន​ទាន់ពេលវេលា​។ 
 
​សម្តេច​ ស ខេង ក៏បាន​បញ្ជា​ទៅ​អង្គភាព​បង្ការ​ពន្លត់​អគ្គិភ័យ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​តាម​បណ្តា​ស្ថានីយ៍​រថយន្ត​អគ្គិភ័យ​ក្រុង​-​ស្រុក ឲ្យ​បន្ត​យកចិត្តទុកដាក់​អប់រំ​ប្រជាពលរដ្ឋ​អំពី​វិធានការ​បង្ការ​អគ្គិភ័យ ព្រមទាំង​ពង្រឹង​ការងារ​ប្រចាំការ​ឲ្យ​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​ត្រូវ​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ ឧបករណ៍​សម្ភារ ប្រេង​ឥន្ទ​នៈ ទឹក​ស្តុក និង​ប្រភព​យក​ទឹក​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ធានា​ដល់​កិច្ច​អន្តរាគមន៍​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ក្នុងការ​ពន្លត់​អគ្គិភ័យ​។  
 
​ការ​ព្យាករ បាន​បង្ហាញថា អាកាសធាតុ​នៅ​កម្ពុជា នឹង​ឡើងក​ម្តៅ​លើស​៤០​អង្សា ចាប់ពីពេលនេះ រហូតដល់​រយៈពេល​២​ខែ​ទៅមុខទៀត ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ក្តៅ ស្ងួត​ហួតហែង ហើយ​ងាយ​នឹង​បណ្តាល​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​។ 
 
«១១៧ និង ៦៦៦» គឺជា​លេខ​សម្រាប់​ទាក់ទង​ទៅ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​៕
 

Tag:
 ស ខេង​
  អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com