ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល​៖ ក្រុមហ៊ុន​ខ្លះ​ប្រកាស​ពន្ធ​ប្រាប់ថា​អត់​ចំណេញ តែ​ពេល​ឆែក​ទិន្នន័យ​ចំណូល​ចង់​ផ្ទុះ​គណនី​
19, Mar 2019 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
​ភ្នំពេញ​៖ បញ្ហា​គេចវេះបង់ពន្ធ តាមរយៈ​ការប្រកាស​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​នានា នៅតែ​ជា​ដើមចម​បញ្ហា ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ខ្លះមក​ប្រកាស​ពន្ធ​តែងតែ​ប្រាប់ថា​អត់​ចំណេញ ខណៈ​ចំណូល​ពាសពេញ​គណនី​ធនាគារ​។

 
​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា បញ្ហា​បង់ពន្ធ​នៅ​កម្ពុជា វា​នៅតែ​កើតមាន ដោយសារតែ​ក្រុមហ៊ុន​ខ្លះ មិន​ព្រម​អនុវត្ត​ការបង់ពន្ធ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​។ ក្នុងន័យនេះ​លោក គង់ វិបុល លើកយក​រឿងរ៉ាវ​ជាក់ស្ដែង​មក​និយាយថា មាន​ក្រុមហ៊ុន​ខ្លះ តែងតែ​ប្រកាស​មិន​ចំណេញ​ទេ រាល់ពេល​ប្រកាស​បង់ពន្ធ​ម្ដងៗ ប៉ុន្តែ​នៅពេល​ខាង​សវនកម្ម​ពន្ធដារ​ចុះ​ឆែក​ទិន្នន័យ​ចំណូល​ក្រុមហ៊ុន​នោះ ឃើញថា ក្រុមហ៊ុន​រកចំណូលបាន​ច្រើន​ចង់​ផ្ទុះ​គណនី​ធនាគារ​។ បើតាម​លោក គង់ វិបុល ការ​គេចវេះពី​ការបង់ពន្ធ​នេះ វា​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​នោះ​ទៅវិញ​ទេ​។​



 
​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការទទួលស្គាល់ និង​កាតព្វកិច្ច​ពន្ធ​មួយចំនួន​របស់​ភ្នាក់ងារ​ផ្គត់ផ្គង់​ទំនិញ ឬ ​សេវា​ក្នុងនាម​សហគ្រាស​ដើម និង​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​១៩ មីនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយថា​៖«​អ្នកខ្លះ ចាប់តាំងពី​ខ្ញុំ​ចូលមក​(​តំណែង​អគ្គនាយក​ពន្ធដារ​) រហូតមកដល់​ឥឡូវនេះ ឃើញថា​ប្រកាស​ខាត​រហូត អត់​ដែល​ចំណេញ​។ ប៉ុន្តែ​ពេល​ឆែក​ធនាគារ​មើល ចង់​បាក់​គណនី​(Account)​ធនាគារ​ហើយ​។ អត់​ដែល​ចំណេញ​! សួរថា​រកស៊ី​៥​ឆ្នាំ​ហើយ បើ​មិន​ចំណេញ គួរតែ​រកស៊ី​អ្វី​ផ្សេង​វិញ​»​។​
 
​ដោយ​មិន​អស់ចិត្ត លោក គង់ វិបុល បន្ត​និយាយថា ម្ចាស់​ក្រុមហ៊ុន​ដកយក​ប្រាក់​មូលធន​ខ្លួន រហូតដល់​ទៅ​៥​ដង​ចេញពី​ប្រាក់ចំណេញ​ក៏មានដែរ បែរជា​មក​ប្រកាស​មិន​ចំណេញ​ទៅវិញ​។ លោក គង់ វិបុល ដែល​បានដឹង​រឿងរ៉ាវ​ពី​បញ្ហា​នេះ ប្រាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស អនុវត្ត​កាត​ព្វ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​។ បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​រូបនេះ អត្រា​បង់ពន្ធ​នៅ​កម្ពុជា នៅមានកម្រិត​ទាប​ជាង​ប្រទេស​ដទៃ​ច្រើនណាស់ ដូច្នេះ​អ្នករកស៊ី វិនិយោគ​ទាំងអស់ ត្រូវបំពេញ​កាត​ព្វ​បង់ពន្ធ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​
 
«​អ្នកខ្លះ មានការ​ស្រមើស្រមៃ​សម្រាប់​រដ្ឋ ធ្វើ​ឲ្យ​សេវា​សាធ​រណៈ​ខ្ពស់​ណាស់ ប៉ុន្តែ​អាច​ខ្ពស់​ពី​ណា​មក បើ​អត់​មាន​អ្នក​បង់ពន្ធ​។ ចង់បាន High Way ល្អ ចំណូល​ពន្ធ​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ ចង់បាន​សេវាសាធារណៈ​ល្អ ចង់បាន​មន្ទីរពេទ្យ​ល្អ ចំណូល​ក៏​វា​ត្រូវ​ទៅតាម​ហ្នឹង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ វិបុល​។​
 
​ទាក់ទង​នឹង​ការបង់ពន្ធ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​រំឭក​ពី​តួនាទី​របស់​សវនកម្ម​ពន្ធដារ ទៅដល់​ម្ចាស់​ក្រុមហ៊ុន និង​អាជីវកម្ម​ទាំងអស់ ពី​កាតព្វកិច្ច​បង់ពន្ធ​ផងដែរ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ក្នុងការ​រកស៊ី​របស់​ពួកគេ​។ សេចក្តីប្រកាស​ក្រសួង​សេដ្ឋកិច្ច ចុះ​ថ្ងៃទី​១៣ មីនា បានបញ្ជាក់​ជាថ្មី​ថា ការប្រកាស​របស់​ក្រសួង​នេះ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នីតិវិធី​នៃ​ការធ្វើ​សវនកម្ម ដើម្បី​ធានា​នូវ​តម្លាភាព​ក្នុងការ​បង់ពន្ធ និង​បង្កើន​បរិយាកាស​ប្រកួតប្រជែង ដោយ​ស្មើភាព​ក្នុងការ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​៕
 

Tag:
 ​គង់ វិបុល​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com