ជាតិ
លោក ប៉េង ឈុន ដាក់ចិត្ត និង​ពេលវេលា​ដើម្បី​ភាព​រីករាយ​របស់​ពល​រដ្ឋ​ខេត្តកំពង់ចាម​
19, Mar 2019 , 4:43 pm        
រូបភាព
លោក ប៉េង ឈុន ម្ចាស់អាហារដ្ឋាន​ ស្មៅទន្លេ
លោក ប៉េង ឈុន ម្ចាស់អាហារដ្ឋាន​ ស្មៅទន្លេ
ដោយ:
​កំពង់ចាម​៖ ពលរដ្ឋ​អ្នករស់នៅ​ក្នុង​ក្រុង​កំពង់ចាម​ភាគច្រើន​សុទ្ធតែ​ស្គាល់​អាហា​រដ្ឋា​ន​ស្មៅ​ទន្លេ​។ ពួកគេ​រឹតតែ​ស្គាល់​ម្ចាស់​អាហារ​ដ្ឋា​ន​ដែល​នៅ​ប្រប​នឹង​ទន្លេមេគង្គ​នេះ គឺ​លោក ប៉េង ឈុន​។ នៅក្នុង​ក្រ​ខណ្ឌ​នៃ​ការជំរុញ​ការវិនិយោគ និង​ទេសចរណ៍ អាជ្ញាធរខេត្ត​កំពង់ចាម​បានអនុញ្ញាត​ឲ្យ​លោក ប៉េង ឈុន កែច្នៃ និង​រៀបចំ​តំបន់​ជុំវិញ​អាហារ​ដ្ឋា​ន​របស់លោក ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ម្ចាស់​អាហា​រដ្ឋា​ន​ស្មៅ​ទន្លេ ពេញចិត្ត​នឹងចូលរួម​អភិវឌ្ឍ​ខេត្តកំពង់ចាម ដើម្បី​ពលរដ្ឋ​ខេត្តកំពង់ចាម​។​

 
«​ថ្ងៃ​ឃើញ​ផ្កា យប់​កាលណា​ឃើញ​ភ្លើងអគ្គិសនី​ភ្លឺ​ចម្រុះ​ពណ៌​»​។ នេះ​ជា​គំនិត​របស់លោក ប៉េង ឈុន ដែល​ចង់ឃើញ​អ្នកភូមិ​ក្នុង​ក្រុង​កំពង់ចាម​មាន​ជីវភាព និង​ជិវិត​មានគុណ​ភាព ហើយ​រីករាយ​។ ជាង​៤​ឆ្នាំ​ហើយ ដែល​បុរស​វ័យ​៣៩​ឆ្នាំ ដែល​ធ្លាប់​ធំ​ដឹងក្តី​នៅក្នុង​ភូមិ​ប្រប​ទន្លេមេគង្គ បាន​បណ្តាក់ទុន​បង្កើត​ហាង​អាហារ ដោយមាន​ការរៀបចំ​ជាមួយនឹង​ការដាំ​ដំណាំ និង​សួនផ្កា​នៅលើ​ច្រាំង​មាត់ទន្លេ ដែល​បានក្លាយ​ជាទី​ប្រជុំ​ជនក​ម្សា​ន្ត និង​ហាត់ប្រាណ​ដ៏​មាន​ប្រជាប្រិយ​របស់​ពលរដ្ឋ​ក្នុង​ក្រុង​។​


 
​តាមពិត​កាលពី​៤​ឆ្នាំមុន លោក ប៉េង ឈុន បាន​សាងសង់​អាហារ​ដ្ឋា​ន​មួយឈ្មោះ«ខ្យល់ទន្លេ» ​ដែល​ក្រោយមក​បាន​បាក់បែក ដោយសារ​ការបាក់​ច្រាំងទន្លេ​។ ប៉ុន្តែ​បុរស​រូបនេះ ដែលជា​អ្នក​ផ្តួចផ្តើម​សាងសង់​អក្សរ «​កំពង់ចាម​»​ពី​ដុំឥដ្ឋ​នៅក្បែ​ស្ពាន​គី​ហ្ស៊ូ​ណា​នោះ មិនបាន​ទម្លាក់​ដៃ​ចោល​ឡើយ ហើយក៏​បានមក​សាងសង់​អាហា​រដ្ឋា​ន​មួយទៀត​ភ្លាមៗ ដែល​នៅ​ឆ្ងាយ​ពី​កន្លែងចាស់​ប្រមាណ​មួយ​គីឡូម៉ែត្រ ដែលមាន​ឈ្មោះ ស្មៅ​ទន្លេ​។​
 
​តាំងពី​ពេលនោះ​មក ការរៀបចំ​ហាង​អាហារ​មួយ​នេះ មាន​ទិដ្ឋភាព​ថ្មី​ប្លែក​ជា​បន្តបន្ទាប់​។ ជា​ហាង​អាហារ ប៉ុន្តែ​អតិថិជន និង​សាធារណជន​ទូទៅ​តែង​ទទួលបាន​លើសពី​អាហារ​។ ពួកគេ​បាន​ទៅ​កម្សាន្ត និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​រូបភាព​ផ្សេងៗ​ដែល​ម្ចាស់​អាហារ​ដ្ឋា​ន​នេះ​បាន​រចនា​យ៉ាង​ទាក់ទាញ​។ សួនផ្កា​ស្បៃរឿង ឈូករ័ត្ន និង​ផ្កា​ដទៃទៀត សួន​បន្លែ តូប​អង្គុយ​បរិភោគ​អាហារ និង​វត្ថុ​កែច្នៃ​ជាច្រើន​ត្រូវ​បានរៀបចំ​នៅក្រោយ​អាហា​រដ្ឋា​ន នៅ​លើដី​ជម្រាល​ពីលើ​ច្រាំងទន្លេ​ទៅ​មាត់ទឹក​ទន្លេ​។​
 
«​អ្នកខ្លះ​យល់ថា ខ្ញុំ​រៀបចំ​កន្លែង​កម្សាន្ត កន្លែង​ថតរូប​អនុស្សាវរីយ៍​នេះ គឺ​ដោយសារតែ​ខ្ញុំ​ចង់ភ្ជាប់​ជាមួយ​អាហារ​ដ្ឋា​ន​។ ខ្ញុំ​ចង់​បញ្ជាក់ថា វា​គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ អាហា​រដ្ឋា​ន ជា​រឿង​អាជីវកម្ម​មួយ ប៉ុន្តែ​ការរៀបចំ​ទីតាំង​កម្សាន្ត​តាម​មាត់​ទន្លេមេគង្គ វា​គឺជា​គំនិត​ខ្ញុំ​មួយទៀត ដែល​ខ្ញុំ​ចង់​ចូលរួម​ផ្តល់​ក្តី​រីករាយ​មួយ​ដល់​អ្នកភូមិ​ខ្ញុំ និង​ពលរដ្ឋ​ខេត្តកំពង់ចាម​របស់ខ្ញុំ​»​។ នេះ​ជាការ​ពន្យល់​របស់លោក ប៉េង ឈុន ដែល​បាន​អះអាងថា លោក​គឺជា​អ្នក​«​ខេត្ត​និយម​» ហើយ​លោក​ស្រឡាញ់​ខេត្ត​កំណើត​កំពង់ចាម និង​ទន្លេមេគង្គ​។​


 
​គំនិត​អភិវឌ្ឍ​ភូមិកំណើត​របស់លោក ប៉េង ឈុន បាន​គួប​ប្រសព្វ​គ្នា​ជាមួយនឹង​គោលនយោបាយ​អភិវឌ្ឍ និង​ទេសចរ​របស់​អាជ្ញាធរ​ខេត្តកំពង់ចាម ទើប​លោក ឈុន មានឱកាស​បាន​បំពេញ​ក្តី​ស្រមៃ​របស់លោក​បាន​ជាប​ន្ត​បន្ទាប់​។ ម្ចាស់​អាហា​រដ្ឋា​ន​ស្មៅ​ទន្លេ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្ពាន​ឫស្សី​ដ៏​កម្រ (​ប្រដឹស​) ឆ្លង​ដៃទន្លេ​មេគង្គ បាន​និយាយ​ដោយ​ភាព​ជឿជាក់ថា បើសិនជា​លោក​មានលទ្ធភាព​ច្រើនជាង​នេះ លោក​ចង់​ធ្វើ​ឲ្យ​តំបន់​មាត់ទន្លេ​មេគង្គ​របស់​ខេត្តកំពង់ចាម​មាន​សក​ម្ម​ភាពរស់រវើក និង​មាន​សោ​ភណ្ឌ​ភាព​ច្រើនជាង​នេះ​។ លោក ប៉េង ឈុន បន្ត​រៀបរាប់ថា​៖«​ខ្ញុំ​ចង់​បង្កើតឱ្យមាន​ការលក់​អាហារ​តាមផ្លូវ នៅលើ​រទេះ​ដែលមាន​ការ​រចនា​ស្អាត​ទាក់ទាញ​។ ខ្ញុំ​ចង់​រៀបចំ​ឱ្យមាន​ការហាត់​ប្រាណ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ដើម្បី​សុខភាព​ពលរដ្ឋ​។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​អ្វី​តាម​លទ្ធភាព​របស់ខ្ញុំ ដើម្បី​អ្នកភូមិ​ខ្ញុំ​»​។​
 
​លោក ប៉េង ឈុន ប្រើពាក្យ​«​អ្នកភូមិ​» ដោយសារតែ​លោក​បាន​ភ្ជាប់​ជីវិត​លោក​ទៅនឹង​ទីតាំង​ដែល​លោក​កំពុង​រៀបចំ​នេះ ជាទី​កន្លែង​ដែល​លោក​បាន​ចម្រើន​វ័យ ហើយ​លោក​ចង់​សងគុណ​ទៅ​សហគមន៍​នេះ​វិញ តាមរយៈ​ការអភិវឌ្ឍ​តាម​លទ្ធភាព​របស់លោក​។ សួនផ្កា និង​ការ​រចនា​នានា​អាច​នឹងត្រូវ​ប្រែប្រួល​ទៅតាម​ពេលវេលា និង​អាកាសធាតុ ប៉ុន្តែ​គំនិត​អភិវឌ្ឍ​របស់លោក ប៉េង ឈុន មិន​ប្រែប្រួល​ឡើយ​៕





















Tag:
 ស្មៅ​ទន្លេ
  ប៉េង ឈុន
  ឈូករ័ត្ន
  មេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com